អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឈ្មួញ​ឈើ មាន​ឥទ្ធិពល​ខ្លាំង ជាង​បទ​បញ្ជា​នាយករដ្ឋមន្ត្រី​?​

សំឡេង ០៤:៥៥
សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ។
សកម្មភាព​បង្រ្កាប​បទល្មើស​ព្រៃឈើ។ ©វណ្ណារ៉ា
ដោយ៖ ប៉ែន បូណា
២៧ នាទី

ការ​ដឹក​ឈើ​ប្រណីត​ត្រូវ​បាន​បណ្តាញ​ផ្សាយ​ព័ត៌មាន​រាយការណ៍​ស្ទើរ​តែ​រៀង​រាល់ថ្ងៃ បើទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​បាន​ចេញ​បទ​បញ្ជា​ម៉ឺងម៉ាត់​ឲ្យ​បញ្ឈប់​ជំនួញ​ឈើ​ខុសច្បាប់​ក៏​ដោយ។ ក្រៅ​ពី​សេចក្តី​រាយការណ៍ តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន ក៏​មាន​របាយការណ៍​ស៊ើបអង្កេត​នានា​របស់​សង្គម​ស៊ីវិល ក៏​ដូចជា​សក្ខីកម្ម​របស់​ប្រជា​សហគមន៍​ដែរ ដែល​បង្ហាញ​ថា​ព្រៃឈើ​កម្ពុជា​នៅ​តែ​រង​ការ​បំផ្លិចបំផ្លាញ​ជា​រៀងរាល់​ថ្ងៃ ។ តើ​ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី​យ៉ាង​ដូច្នេះ ?

ផ្សាយពាណិជ្ជកម្ម

ឈើ​ប្រណីតៗ ដែល​ត្រូវ​បាន​គេ​កាប់​ដោយ​ខុសច្បាប់​ចេញ​ពី​ព្រៃ ត្រូវ​បាន​ឈ្មួញ​ដឹក​ជញ្ជូន​ជា​រៀងរាល់​ថ្ងៃ និង​តាម​គ្រប់​មធ្យោបាយ​ទៅ​លក់​ឲ្យ​ប្រទេស​ជិត​ខាង។ ការ​ដឹក​ដោយ​លួចលាក់​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​បាំង​ភ្នែក​សមត្ថកិច្ច គឺជា​រឿង​មួយ ប៉ុន្តែ ការ​ដឹក​ជា​ចំហ​ដោយ​មាន​ការ​រៀបចំ​ជា​បណ្តាញ​គឺ​ជា​រឿង​មួយ​ទៀត។

 
ជារឿយៗ គេ​ឃើញ​សមត្ថកិច្ច​ចាប់បាន​ឈើ​ដែល​ដឹក​បន្លំ​តាម​រថយន្តទំនើបៗ រថយន្ត​ពេទ្យ ឬ​រថយន្តក្រុង​ជាដើម។ ប៉ុន្តែ ជាទូទៅ​ឈើ​ដែល​សមត្ថកិច្ច​ចាប់​បានជា​ប្រភេទ​ឈើ​ដែល​ដឹក​តាម​មធ្យោបាយ​រាយរង​តែប៉ុណ្ណោះ។ រីឯ​ការចាប់​នេះ​ទៀតសោត គឺ​ចាប់​បានតែ​ឈើ​តែប៉ុណ្ណោះ​រីឯ​ឈ្មួញ​រកស៊ី​ឈើធំៗមិនដែល​ចាប់​បានទេ។ ម្យ៉ាងទៀត តើ​មាន​បរិមាណ​ឈើ​ប៉ុន្មាន​ទៀត​ដែល​ពួក​ឈ្មួញ​ដឹក​ទៅ​លក់​ឲ្យ​ប្រទេសជិតខាង​ជា​រៀងរាល់ថ្ងៃ?

ជាការ​ពិតណាស់ មាន​ហេតុផល​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា​ការទប់ស្កាត់​ជំនួញ​ឈើ​ខុសច្បាប់​មិនជា​ពិបាក​រហូតដល់​គ្រប់គ្រង​មិនបាន​នោះទេ។ តាមរយៈ​សំណួរងាយៗមួយចំនួន គេ​អាច​យល់បាន​អំពី​បញ្ហា​នេះ៖ តើ​ហេតុអ្វី​បានជា​ឈ្មួញ​អាច​ចូលទៅ​កាប់​ឈើ​បាន? តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចេញពី​ព្រៃ​រួច? និង​តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចរាចរណ៍​ដល់​ព្រំដែន​និង​ឆ្លងដែន​បាន​យ៉ាង​ងាយ​បែបនេះ?

គួរ​កត់សម្គាល់ថា សូម្បី​គ្រឿងញៀន​ដែល​គេ​អាច​លាក់​រហូតដល់​ក្នុង​ពោះ​ក៏​គង់តែ​សមត្ថកិច្ច​ចាប់បាន។ ចុះ​ការកាប់​និង​ដឹកជញ្ជូន​ឈើ​ដែល​គេ​ត្រូវការ​មធ្យោបាយ​យ៉ាង​សន្ធឹកសន្ធាប់​ហើយ​ត្រូវ​ដឹក​តាម​ឡាន​និង​តាម​ផ្លូវថ្នល់​សោះ​ហេតុអ្វី​មិនអាច​ចាប់បាន? បើ​និយាយថា សមត្ថកិច្ច​មិនអាច​ចូលដល់​ព្រៃ​ជ្រៅ​ដើម្បី​ពិនិត្យមើល​ការកាប់​ព្រៃឈើ​របស់​ឈ្មួញ​បានទេ​នោះ វារឹតតែ​ជា​រឿង​មិនអាច​ជឿ​បាន​ទៅទៀត។ មិនអាច​ជឿ​បាន ដោយហេតុថា សូម្បី​ប្រជា​សហគមន៍​ក៏​អាច​ចូលដល់​ទីតាំង​កាប់​ឈើ​បានដែរ។ បើទោះជា​មិនបាច់​ចូល​ព្រៃ​ក៏​គេ​អាច​ទប់ស្កាត់​ឈើ​ដែល​ចរចា​ចរណ៍​តាម​ដងផ្លូវ​បាន​យ៉ាង​ងាយ​ដែរ។

តាមពិត ការកាប់​ឈើ​មិនមែនជា​រឿង​ពិបាក​នឹង​ដឹង​នោះឡើយ។ សូម្បីតែ​ប្រជា​សហគមន៍​ក៏​អាច​មើលឃើញ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងច្បាស់​ដែរ ហើយ​ពួកគេ​តែងតែ​នាំគ្នា​ចូល​ព្រៃ​ដើម្បី​បង្អាក់​សកម្មភាព​នេះ​ទៀតផង។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ អាជ្ញាធរ​បែរជា​មិន​សហ​ការណ៍​និង​ជួនកាល​ថែមទាំង​បាន​រារាំង​សកម្មភាព​របស់​ប្រជា​សហគមន៍​ទៅវិញ។ ទាំងនេះ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​បាន​អំពី​អ្វីដែល​នៅ​ពីក្រោយ​វាំងនន​នៃ​ជំនួញ​ឈើ​ខុសច្បាប់​នៅ​កម្ពុជា។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​នាំ​ឲ្យ​ជំនួញ​ឈើ​ក្លាយជា​បញ្ហា​មិនអាច​គ្រប់គ្រង​បាន។ មូលហេតុ​សំខាន់បំផុត​គឺ​ការឃុបឃិត​គ្នា​ជា​ខ្សែបណ្តាញ​រវាង​ឈ្មួញ​រកស៊ី​ឈើ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នេះឯង។ មូលហេតុ​សំខាន់​មួយទៀត​គឺ ឈ្មួញ​អ្នករកស៊ី​ឈើ​ច្រើនតែ​ជា​អ្នកមាន​ឥទ្ធិពល​ឬ​មាន​ខ្នងបង្អែក​រឹងមាំ។ ក្នុងករណីនេះ សមត្ថកិច្ច​ដែនដី​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ធ្វើគ​ធ្វើ​ថ្លង់​នោះឡើយ​ពី​ព្រោះតែ​ពួកគេ​ខ្លាច​អំណាច​របស់​មន្ត្រី​អ្នក​មានបុណ្យ​ស័ក្តិធំ​ជាង​ខ្លួន។

នៅមាន​ករណី​កាប់​ឈើ​ម្យ៉ាងទៀត​ដែល​គេ​មិនអាច​គ្រប់គ្រង​បានដែរ​នោះ​គឺ​ការកាប់​ឈើ​ដោយ​ស្របច្បាប់​តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច។ មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​ដែល​ឈ្មួញ​បាន​ចំណេញ​យ៉ាងច្រើន​ក្រាស់ក្រែល​ដោយ​គ្រាន់តែ​កាប់​ឈើ​លក់។ ក្រោម​ស្លាក​កាប់​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ក្រុមហ៊ុន​ខ្លះ​ថែមទាំង​អាច​ប្រមូល​ឈើ​ពី​កន្លែង​ផ្សេង​ដឹក​ចេញ​ទៀតផង។ ទាំងអស់នេះ​គឺជា​មូលហេតុសំខាន់ៗដែល​ធ្វើ​ឲ្យ​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ជាង​បទបញ្ជា​នាយករដ្ឋមន្ត្រី។

សម្រាប់​ក្រុមអ្នកតាមដាន​និង​វិភាគ​បញ្ហា​សង្គម​កម្ពុជា គេ​មិនអាច​បណ្តោយ​ឲ្យ​បញ្ហា​នេះ​ស្ថិតក្នុង​ស្ថានភាព​មិនអាច​គ្រប់គ្រង​បាន​ដូច្នេះ​ទៀត​ទេ។ មិនបាន​ដោយហេតុថា ទី១ វា​នឹងធ្វើ​ឲ្យ​បទបញ្ជា​របស់​នាយករ​ដ្ឋ​មន្ត្រី​សាបរលាប​កាន់តែខ្លាំង​នៅ​ចំពោះមុខ​មហាជន​ទូទៅ។ ទី២ វា​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​រដ្ឋាភិបាល​ពីព្រោះ​បញ្ហា​នេះ​បាននិងកំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​ដែល​រដ្ឋាភិបាល​រង​ការរិះគន់​ជា​យូរណាស់​មកហើយ។

និង​ទី៣ ការកាប់បំផ្លាញ​ព្រៃឈើ​នឹង​បង្កើត​ឲ្យ​មាន​វិបត្តិ​សង្គម​ធំធេង​មួយ​នៅ​ថ្ងៃ​អនាគត​ពោលគឺ​ព្រៃឈើ​ក៏​អស់ ចំណូល​រដ្ឋ​ក៏​គ្មាន រីឯ​ប្រជា​សហគមន៍​ក៏​គ្មាន​ទីពឹង​សម្រាប់​អា​ស្រ​យ័​ផល​ទៀត​ដែរ។ ផលវិបាក​ទាំងនេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គ្រប់គ្រាន់​ដែល​រដ្ឋាភិបាល​គួរ​ពិចារណា​ឡើងវិញ​ជា​ចាំបាច់​អំពី​គោលនយោបាយ​គ្រប់គ្រង​ព្រៃឈើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ