មន្ត្រីសហជីព៨រូបបន្តជាប់ឃុំ ខណៈដែលមានការតវ៉ាពីកម្មករនៅល្ងាចថ្ងៃសៅរ៍
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមកម្មកររាប់រយនាក់នៅខេត្តតាកែវ បានតវ៉ានៅខាងមុខស្នងការប៉ូលីសខេត្តតាកែវ ដើម្បីទាមទារឲ្យអាជ្ញាធរដោះលែងសកម្មជនសហជីពដែលបានចាប់ខ្លួនកាលពីថ្ងៃសុក្រ។មន្ត្រីអង្គការឃ្លាំមើលនានាផ្នែកការងារថ្លែងថា ការចាប់ខ្លួនមេដឹកនាំសហជីព គឺជាការរំលោភទៅលើសិទ្ធិបំពេញការងាររបស់អង្គការវិជ្ជាជីវៈ ក្នុងការជួយដោះស្រាយទុក្ខលំបាករបស់កម្មករ។ ក៏ប៉ុន្តែអាជ្ញាធរថ្លែងថា នោះគឺជាការអនុវត្តច្បាប់ក្រោមបញ្ជាររបស់ព្រះរាជ្ញអាជ្ញាតុលាការខេត្ត។
មន្ត្រីសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (ហៅកាត់ ស៊ីខៅឌូ) ចំនួន៨នាក់ ដែលចោទថាបានដឹកនាំកម្មករ កម្មការិនី ធ្វើបាតុកម្ម កូដកម្ម នៅរោងចក្រ ជេ.អេស.ឌី នៅមិនទាន់
មានការដោះលែងនៅឡើយទេមកទល់ល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនដោយ
ប៉ូលីស និងកងរាជអាវុធហត្ថកាលពីរសៀលថ្ងៃទី២៣ឧសភា។
លោក មឿង តុលា ប្រធានកម្មវិធីការងារមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលបានឃ្លាំមើលការចាប់ខ្លួនសកម្មជនសហជីពទាំងនោះថ្លែងថា កម្មករប្រមាណជា៥០០នាក់កាលពីរសៀលថ្ងៃសៅរ៍បានប្រមូលផ្តុំគ្នាទៅខាងមុខស្នងការប៉ូលីសនិង តុលាការ ដែលស្ថិតនៅកន្លែងតែមួយ ដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីសហជីពដែលបានចាប់ខ្លួន។
លោកថា អាជ្ញាធរបានរំលោភលើសិទ្ធិសហជីពនៅពេលដែលពួកគេបានបំពេញការងារស្របតាមច្បាប់ក្នុងការធ្វើសកម្មភាពជួយទៅដល់សមាជិករបស់ពួកគេដែលជួបប្រទះជាមួយបញ្ហារំលោភសិទ្ធិផ្សេង។ មន្ត្រីឃ្លាំមើលកម្មវិធីការងាររូបនេះសម្តែងការសោកស្តាយចំពោះការចាប់ខ្លួនអ្នកសហជីពផងដែរ។
ក៏ប៉ុន្តែ លោក អ៊ុក សំណាង ស្នងការប៉ូលីសខេត្តតាកែវបានថ្លែងថា ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ លោកត្រឹមតែអនុវត្តទៅតាមបញ្ជាររបស់ព្រះរាជអាជ្ញាតែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសហជីពស៊ីខៅឌូ ដែលបានចុះទៅអន្តរាគមន៍ខេត្តតាកែវដែរនោះបានថ្លែងថា លោកតំណាងឲ្យកម្មករនៅរោងចក្រ ជេ.អេស.ឌី ត្រូវជួបប្រជុំគ្នាជាមួយតំណាងរោងចក្រ និងក្រុមហ៊ុនបញ្ជារទិញផលិតផលពីរោងចក្រឈ្មោះ Indertex នៅពេលល្ងាចថ្ងៃសៅរ៍ឯភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយ ពោលគឺលោកស្នើឲ្យក្រុមហ៊ុនដកបណ្តឹងជាស្ថាពរប្រឆាំងសហជីព។
សូមបញ្ជាក់ថាកម្មករកាត់ដេរនៅរោងចក្រ ជេ.អេស.ឌី នៅក្នុងខេត្តតាកែវបានធ្វើបាតុកម្មអស់
រយៈពេលប្រមាណជាមួយខែមកហើយដើម្បីទាំទារលក្ខខណ្ឌការងារមួយចំនួន។ក៏ប៉ុន្តែការតវ៉ានោះមិនត្រូវបានដោះស្រាយឡើយ។ កាលពីសប្តាហ៍មុនក្រុមកម្មករបានស្នើសុំអន្តរាគមន៍ពីសហជីព ស៊ីខៅឌូ ដើម្បីជួយដល់ពួកគេក្នុងការទាំទារតាមផ្លូវច្បាប់។ ក៏ប៉ុន្តែមន្ត្រីសហជីពស៊ីខៅឌូ ចំនួន៨នាក់ត្រូវបានចាប់ខ្លួនកណ្តាលផ្លូវខណៈដែលពួកគេបានវិលត្រលប់មកភ្នំពេញវិញកាលពីរសៀលថ្ងៃសុក្រ ហើយបញ្ជូនទៅឃុំខ្លួននៅស្នងការប៉ូលីសខេត្ត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ