រដ្ឋមន្ត្រីក្រសួងអប់រំប្រមូលយោបល់ពីនាយកសាលាអំពីកំណែទម្រង់ក្នុងវិស័យអប់រំ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ហង់ ជួនណារ៉ុន បានជួបនាយក និងនាយិកាវិទ្យាល័យ នៅទីក្រុងភ្នំពេញ ជាង២០នាក់ នៅព្រឹកថ្ងៃសៅរ៍ទី ២៤ ឧសភា ដើម្បីស្តាប់អនុសាសន៍ពីថ្នាក់ដឹកនាំសាលាទាំងនេះ ចំពោះកំណែទម្រង់ជាច្រើនចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡា គ្រោងធ្វើ ក្នុងអាណត្តិទី៥នេះ។ក្នុងចំណោមចំណុចទាំងនោះ មានការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងពេលខាងមុខ ការធ្វើឱ្យប្រាក់បំណាច់សម្រាប់បុគ្គលិកសិក្សាខ្ពស់ជាងប្រាក់បំណាច់របស់មន្ត្រីរាជការផ្សេងៗទៀត ការកែលំអគុណភាពអប់រំ និងការបង្កើនកញ្ចប់ថវិកាសម្រាប់សាលារៀនជាដើម។ ប៉ុន្តែ មន្ត្រីដែលមានឱកាសបានជួបនិយាយជាមួយរដ្ឋមន្ត្រីដោយផ្ទាល់ ក្រៅផ្លូវការ ក្រោមការសម្របសម្រួលរបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញនោះ បញ្ចេញយោបល់តិចតួចប៉ុណ្ណោះ។
អ្នកដឹកនាំវិទ្យាល័យនានា នៅទីក្រុងភ្នំពេញ ជាង២០នាក់ ក្នុងនោះមាននាយកវិទ្យាល័យជាស៊ីមសាមគ្គី នាយិការងវិទ្យាល័យស៊ីសុវត្ថិ នាយកវិទ្យាល័យឥន្ទ្រទេវី និងនាយកវិទ្យាល័យជាស៊ីមបឹងកេងកង ជាដើម បានស្ថិតនៅក្នុងបន្ទប់ប្រជុំជាន់ទី១ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ រួចជាស្រេច ដើម្បីរងចាំការមកដល់របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា។
ពេលមកដល់ភ្លាម លោក ហង់ ជួនណារ៉ុន បានរៀបរាប់អំពីកម្មវិធីកំណែទម្រង់ចំនួន៧ចំណុច ឱ្យអ្នកចូលរួមក្នុងជំនួបក្រៅផ្លូវការនោះស្តាប់។ កម្មវិធីកំណែទម្រង់ទាំងនោះរួមមាន៖ ទី១ ការបង្កើនប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ និងការពិនិត្យឡើងវិញប្រាក់បំណាច់ផ្សេងៗ សម្រាប់បុគ្គលិកសិក្សាទាំងអស់ ធ្វើយ៉ាងណាឱ្យពួកគេទទួលបានខ្ពស់ជាងមន្ត្រីរាជការផ្សេងៗទៀត ក្នុងគោលបំណងទាក់ទាញនិស្សិតពូកែៗឱ្យធ្វើជាគ្រូបង្រៀន ។
ទី២ ការបង្កើនថវិកាសម្រាប់ទ្រងទ្រង់សកម្មភាពសាលារៀន ទី៣ ការពង្រឹងគុណភាពអប់រំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដោយការបង្កើតមជ្ឈមណ្ឌលធនធានព័ត៌មានវិទ្យា ឱ្យបានជាង៣៣០កន្លែង ក្នុងខេត្តក្រុងចំនួន១៧ផ្សេងគ្នា ដើម្បីជម្រុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឱ្យបានកាន់តែច្រើន ទី៤ ការកែទម្រង់ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនិងបឋមភូមិ។
ទី៥ ការកែទម្រង់ឧត្តមសិក្សា ទី៦ ការលើកកម្ពស់វិស័យកីឡា និងទី៧ ការបង្កើនការ
បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការកែលម្អកម្មវិធីសិក្សា ដើម្បីបញ្ចូលបំណិនជីវិតផ្នែកបច្ចេកទេស ឱ្យបានកាន់តែច្រើន ជាពិសេសនៅកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។
ក្នុងចំណោមអ្នកចូលរួមទាំងជាង២០នាក់នោះ មានតែមន្ត្រីអប់រំ៤នាក់ប៉ុណ្ណោះ ដែលបានក្រោកឈរបញ្ចេញយោបល់ ក្នុងឱកាសជួបដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីរបស់ខ្លួន។ គួរឱ្យកត់សម្គាល់ មន្ត្រីក្រោមឱវាទហាក់ដូចជារុញរា ពេលរដ្ឋមន្ត្រី«ចង់ស្តាប់» ហើយលោក ហង់ ជួនណារ៉ុន ថ្លែងបញ្ចប់ជំនួបនោះថា លោក«នឹងបើកសិក្ខាសាលាមួយ» ដើម្បីប្រមូលអនុសាសន៍ពីបុគ្គលិកសិក្សា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ