កម្ពុជា

ប្រជាសហគមន៍​ដែល​មាន​ជម្លោះ​គ្រោង​ដង្ហែញត្តិ​ទៅ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​២៩​ឧសភា​

ការហែក្បួន ដើម្បីគាំទ្រសិទ្ធមនុស្សនៅក្នុងទីក្រុងភ្នំពេញ កាលពីពេលកន្លង។
ការហែក្បួន ដើម្បីគាំទ្រសិទ្ធមនុស្សនៅក្នុងទីក្រុងភ្នំពេញ កាលពីពេលកន្លង។ RFI/Siv Channa

បើទោះបីជា​គ្មាន​ការអនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ ប្រជា​សហគមន៍​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការរំលោភ​ដីធ្លី ព្រៃឈើ លំនៅដ្ឋាន នេសាទ និង ការបំផ្លាញ​ធនធានធម្មជាតិ​ទំនងជា​នឹង​រក្សា​ការ​ដង្ហែ​ក្បួន​ដាក់​ញតិ្ត​ដើម្បី​សុំ​អន្តរាគមន៍​ពី រដ្ឋសភា និង អង្គភាព​ប្រឆាំង​អំពើពុករលួយ។ចំនែក មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា អាជ្ញាធរ​នឹង​ចាត់វិធានការ​ទប់ស្កាត់។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ការប្រជុំ​ពិភាក្សា​ស្ទាបស្ទង់​មតិ​ជាមួយ​តំណាង​មួយចំនួន​ដែល​កំពុង​នៅ​ភ្នំពេញ​ស្រាប់ ប្រជា​សហគមន៍​ដែល​ទទួល​រងគ្រោះ​ទាំងនោះ បាន​រក្សា​ជំហរ​ដង្ហែ​ញត្តិ​នៅ​ថ្ងៃទី ២៩ ឧសភា ខាងមុខនេះ បើទោះជា​សា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ក៏ដោយ។ លោក សេង សុខ​ហេង តំណាង​សហគមន៍​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័ បានបញ្ជាក់​នៅ​ថ្ងៃ​អង្គារ ទី ២៧ ឧសភា ថា យ៉ាងណាក៏ដោយ ពួកលោក មិនទាន់​សម្រេច​ជា​ផ្លូវការ​ថា​នឹង​ហែ​ក្បួន​នោះទេ ព្រោះ​ពួកលោក​ត្រូវ​ពិភាក្សា​ជាមួយ​តំណាង​ប្រជា​សហគមន៍​មួយចំនួនទៀត​សិន ហើយ​នៅ​ថ្ងៃ​ពុធ ស្អែក ទើប​គេ​សម្រេច​ពិតប្រាកដ។ 

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ប្រសិនបើ​ប្រជា​សហគមន៍ មិន​គោរព​តាម​ការ ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ទេ នោះ ខាង​អាជ្ញាធរ​នឹង​ចាត់វិធានការ​ទប់ស្កាត់ ។ការហាមឃាត់​មិនអោយ​មានការ​ដង្ហែ​ក្បួន ត្រូវ​សាលា​រាជធានី​ភ្នំពេញ​លើក​ហេតុផល​ថា ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់ សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់​សង្គម ពិសេស​គឺ​ការកកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ។

យ៉ាងណាក៏ដោយ សាលា​រាជធានី​ភ្នំពេញ បាន សម្រេច​អោយ ប្រជា​សហគមន៍ ចាត់​តំណាង​៧នាក់ មក​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យក​ញ​តិ្ត​របស់​ពួកគេ​ទៅ​ដា​ក់នៅ​វិមាន​រដ្ឋសភា និង អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ អាច​ប្រគល់​ញត្តិ​តាមរយៈ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ប្រគល់ជូន​ស្ថាប​ន័​ទាំងពីរ​នោះ។ ការសម្រេច​ទាំងនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រវាង​តំណាង​សហគមន៍​និង សាលា​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី២៦ឧសភា​ម្សិល​ម៉ិ​ញ​នេះ។

សូមបញ្ជាក់ថា ប្រជា​សហគមន៍​មកពី​គ្រប់​ខេត្ត​ទាំង២៤ ដែល​រងគ្រោះ​ដោយសា​ការរំលោភ​ដីធ្លី ព្រៃឈើ លំនៅដ្ឋាន នេសាទ និង ការបំផ្លាញ​ធម្មជាតិ ដែលមាន​អ្នកតំណាង​ប្រមាណ​ជា២ពាន់​នាក់ គ្រោង​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី២៩ ឧសភា រួច​ដង្ហែ​ញត្តិ​ទៅ​រដ្ឋសភា និង អង្គភាព​ប្រឆាំង​អំពើពុករលួយ ។ កា​រហែ​ញត្តិ​នេះ​ត្រូវ​តំណាង​សហគមន៍​បញ្ជាក់​ថា​​មាន​គោលដៅ​សុំអោយ​ស្ថាប​ន័​ទាំងពីរ ចាត់វិធានការ​បញ្ឈប់​អំពើពុករលួយ​របស់​អ្នកមាន​អំណាច ​និង អ្នកមាន​លុយ​មួយ​ចំនួន​ដែល​បង្ករ​បញ្ហា​លើ​វិ​ស​យ័ ព្រៃឈើ នេសាទ ដីធ្លី និង លំនៅដ្ឋាន ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI