កម្ពុជា

អ្នក​រាយការណ៍​ពិសេស​សហប្រជាជាតិ ព្រួយ​បារម្ភ​អំពី​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​តុលាការ​

លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍សិទ្ធិមនុស្សសហប្រជាជាតិ
លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍សិទ្ធិមនុស្សសហប្រជាជាតិ Siv Channa/RFI

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា​លោក សុរិយា ប្រាសាទ ស៊ូ​ប៊េ​ឌី បាន​សម្តែង​ការ​ព្រួយ​បារម្ភ និង​សោកស្តាយ​យ៉ាង​ខ្លាំង អំពី​ច្បាប់​សំខាន់​ទាំង​បី ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ ដែល​រដ្ឋសភា​កម្ពុជា បាន​អនុម័ត​កាល​ពី​សប្តាហ៍​​មុន​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ជា​មុន។ លោក​ស៊ូ​ប៊េ​ឌី អះអាង​ថា កង្វះ​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​នឹង​ក្លាយ​ជា​ក្តី​បារម្ភ​មួយ សម្រាប់​អនាគត​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ពី​ទីក្រុង​ហ្សឺ​ណែវ កាល​ពី​ថ្ងៃ​ទី ២៧​ឧសភា លោក សុរិយា ប្រាសាទ ស៊ូ​ប៊េ​ឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ព្រមាន​ថា ការ​មិន​បើក​ឲ្យ​មាន​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់ អំពី​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ទាំងបី​ពាក់ព័ន្ធ នឹង​វិស័យ​តុលាការ គឺ​ជា​ក្តី​ព្រួយបារម្ភ​មួយ​សម្រាប់​អនាគត​ប្រព័ន្ធ​ច្បាប់​កម្ពុជា។

លោក ស៊ូ​ប៊េ​ឌី បញ្ជាក់​ថា លោក​ស្វាគមន៍ ចំពោះ​ការ​អនុម័ត​ច្បាប់​សំខាន់​ទាំង​បី ក្នុង​វិស័យ​តុលាការ​ដោយ​រដ្ឋសភា​កម្ពុជា ប៉ុន្តែ លោក​បាន​សម្តែង​ការ​សោកស្តាយ ដែល​រដ្ឋាភិបាល និង​រដ្ឋសភា​មិន​បាន​បើក​ឲ្យ​មាន​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​នៅ​មុន​ពេល​អនុម័ត។ លោក​ស៊ូ​ប៊េ​ឌី​កត់​សម្គាល់​ទៀត​ថា សេចក្តី​ព្រាងច្បាប់​ទាំងបី​នេះ​សំខាន់​ណាស់​សម្រាប់​ធានា​ឯករាជ្យភាព​របស់​តុលាការ​ហើយ​លោក​ក៏​ធ្លាប់​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ច្បាប់​នេះ​ហាម​មិន​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​ក្លាយ​ជា​សមាជិក​សកម្ម​របស់​គណបក្ស​នយោបាយ​ទេ។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ថា ក្រសួង​យុត្តិធម៌​មាន​អំណាច​ខ្លាំង​ទៅ​លើ​តុលាការ។ លោក​ស៊ូ​ប៊េ​ឌី​បន្ត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​បើក​ឲ្យ​មាន​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំទូលាយ​មុន​នឹង​អនុម័ត​សេចក្តី​ព្រាងច្បាប់។ លោក​ក៏​អំពាវនាវ ដល់​ព្រឹទ្ធសភា និង​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ឲ្យ​យក​ចិត្ត​ទុកដាក់​ពិនិត្យ​សេចក្តី​ព្រាងច្បាប់​ទាំងបី ដើម្បី​ឲ្យ​ស្របតាម​កាតព្វកិច្ច​ជា​អន្តរជាតិ​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​ដែល​កម្ពុជា​ជា​ហត្ថលេខី។

សូម​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នោះ​រួម​មាន សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ របស់​ចៅក្រម និង​ព្រះរាជអាជ្ញា។ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ក៏​បាន​តស៊ូ​មតិ​យ៉ាងខ្លាំង​ដែរ ដើម្បី​ឲ្យ​មាន​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់ ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​អង្គការ​ទាំងនោះ​ឲ្យ​គោរព​តួនាទី​របស់​ខ្លួន។

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី គ្មាន​មាត្រា​ច្បាប់​ណា​តម្រូវ​ឲ្យ​រដ្ឋាភិបាល​យក​សេចក្តី​ព្រាង​ច្បាប់​ទៅ​ឆ្លង​អង្គការ​សង្គម​ស៊ីវិល​ទេ។ តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច បាន​គាំទ្រ​និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​ទាំងស្រុង​កាល​ពី​សប្តាហ៍​មុន​ដោយ​ប្រើពេល​ពិភាក្សា​យ៉ាងតិច​បំផុត។ សមាជិក​សភា​គណបក្ស​ប្រជាជន​ជា​ច្រើន ក៏​បាន​រិះគន់​ដល់​ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI