អ្នកសហជីពពិភាក្សាគ្នា រឿងស្តង់ដារការងារកម្ពុជា ដែលមិនទាន់សមរម្យ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហភាពការងារកម្ពុជា របស់លោក អាត់ ធន់ បានបើកសន្និសីទរយៈពេលមួយថ្ងៃនៅថ្ងៃពុធទី០២ កក្កដានេះ ដើម្បីជាការបើកឲ្យអនុវត្តគម្រោង ស្តីពីការលើកកំពស់ស្តង់ដារការងារស្នូល ឆ្ពោះទៅកាន់ការងារសមរម្យ សម្រាប់កម្មករនិយោជិត។ ការបើកកិច្ចប្រជុំ ស្តីពីគម្រោងដែលគាំទ្រដោយ សហភាពអឺរ៉ុប និងមូលនិធិអន្តរជាតិ ស៊ី.អ៊ិន.វី នាពេលនេះ គឺដោយសារក្រុមអ្នកសហជីពមើលឃើញថា កម្ពុជានៅមិនទាន់មាន ស្តង់ដារការងារសមរម្យនៅឡើយ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានថ្លែងថាកិច្ចប្រជុំដែលរៀបចំឡើងរយៈពេលមួយថ្ងៃ នៅទីក្រុងភ្នំពេញនាពេលនេះ បានទទូលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកចូលរួម និងស្ថាប័នពាក់ព័ន្ធនានា ជាពិសេសពីសហជីពអន្តរជាតិ និងសហភាពអឺរ៉ុប ទៅលើប្រធានបទធ្វើឲ្យប្រសើរឡើងនូវស្តង់ដារការងារក្នុងប្រទេសកម្ពុជា។
ការថ្លែងរបស់មេសហជីពរូបនេះ បានធ្វើឡើង បន្ទាប់ពីមានការបើកសន្និសីទ នៅថ្ងៃពុធទី០២ ខែកក្កដានេះ ដើម្បីបើកឲ្យអនុវត្តគម្រោង ស្តីពីការលើកកំពស់ស្តង់ដារការងារស្នួល ឆ្ពោះទៅកាន់ការងារសមរម្យសម្រាប់កម្មករ និយោជិត នៅកម្ពុជា ដែលជាប្រទេសមួយ បានផ្តល់សច្ចាប័នទៅលើអនុសញ្ញាអន្តរជាតិលេខ៩៨ របស់អង្គការអន្តរជាតិខាងការងារ ILO។
សន្និសីទដែលគាំទ្រដោយមូលនិធិអន្តរជាតិ ស៊ី.អ៊ិន.វី និងសហភាពអឺរ៉ុប មានវត្ថុបំណងសំខាន់ទៅលើការលើកកម្ពស់ស្តង់ដារការងារស្នូល ដោយផ្តោតសំខាន់លើការលើកកម្ពស់សិទ្ធិកម្មករ និយោជិត ក្នុងការបង្កើតសហជីព និងឈានទៅដល់ការចរចាអនុសញ្ញារួម។
តាមការប្រកាសឲ្យដឹងពីអង្គសន្និសីទរយៈពេលមួយថ្ងៃនេះ គម្រោងដែលបានរៀបចំឡើង និងដាក់ជាការពិភាក្សានាពេលនេះ ត្រូវគេផ្តោតទៅលើការអនុវត្តន៍សកម្មភាពតស៊ូមតិ និងការលើកកម្ពស់ សិទ្ធិរបស់កម្មករជាស្ត្រី សិទ្ធិរបស់កម្មករវ័យក្មេង ជាពិសេសលើកកម្ពស់ស្តង់ដារការងារស្នូល ឆ្ពោះទៅកាន់ការងារសមរម្យសម្រាប់កម្មករនិយោជិត នៅកម្ពុជា។
មន្ត្រីក្រសួងការងារ និងក្រសួងកិច្ចការនារីកម្ពុជា ដែលបានអញ្ជើញចូលរួម ក្នុងពិធីដែរនោះ មិនមានអត្ថាធិប្បាយអ្វីទេ ទាក់ទងទៅនឹងភាពយ៉ាប់យ៉ឺននៃស្តង់ដារការងារកម្ពុជា ដែលជាការលើកឡើងរបស់ក្រុមអ្នកសហជីព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ