សង្គមស៊ីវិល ព្រួយបារម្ភពីសេចក្តីព្រាងច្បាប់ថ្មីចំនួន ៧
ចុះផ្សាយនៅថ្ងៃ៖
មានសេចក្តីព្រាងច្បាប់ថ្មីចំនួន ៧ ដែលសង្គមស៊ីវិល និងពលរដ្ឋសហគមន៍ កំពុងតែព្រួយបារម្ភជាខ្លាំង ប្រសិនបើរដ្ឋាភិបាល ដាក់ឲ្យដំណើរការជាផ្លូវការនោះ។ ព្រួយបារម្ភ ព្រោះសង្គមស៊ីវិល អះអាងថា ច្បាប់ទាំងនេះ នឹងធ្វើប៉ះពាល់ ដល់ប្រជាជន និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ហើយច្បាប់នេះ ក៏នឹងធ្វើឲ្យកម្ពុជា មានឈ្មោះអាប់ឱន ក្នុងឆាកអន្តរជាតិផងដែរ។ នេះបើតាមការបញ្ជាក់ ប្រាប់ពីអង្គការសង្គមស៊ីវិល នៅក្នុងសន្និសីទកាសែត នៅមជ្ឃមណ្ឌលសង្គមកូរ៉េ សម្រាប់សេវាកម្មអាស៊ី (KSSA) នៅរសៀល ថ្ងៃពុធ ទី០៩កក្កដានេះ។
សេចក្តីព្រាងច្បាប់ទាំង ៧នោះ រួមមាន សេចក្តីព្រាងច្បាប់មូលដ្ឋានទាំងបី ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ, សេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្ម អ៊ីនធឺណិត, ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល, ច្បាប់ស្តីពីសហជីព និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃពុធ ទី០៩កក្កដានេះ លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានឲ្យដឹងថា ប្រសិនបើច្បាប់ទាំង ៧នេះ ដំណើរការជាផ្លូវការ នោះវានឹងធ្វើឲ្យប៉ះពាល់ជាខ្លាំង ដល់ឯករាជ្យភាពនៃប្រព័ន្ធតុលាការ សិទ្ធនៃការបញ្ចេញមតិ សិទ្ធិបង្កើតសមាគម ឬសហជីព ការជួបជុំជាសាធារណៈ និងសិទ្ធិក្នុងការកាន់កាប់ដីឯកជន។ សន្និសីទកាសែតនេះ ធ្វើឡើងបន្ទាប់ពីសង្គមស៊ីវិលទាំងនោះ បានពិភាក្សាគ្នាពេញមួយថ្ងៃមក។
សង្គមស៊ីវិល បានស្នើដល់ព្រះមហាក្សត្រ ព្រះរាជតម្រិះ ក្នុងការមិនឡាយព្រះហស្ថលេខា លើសេចក្តីព្រាងច្បាប់មូលដ្ឋានទាំងបីពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ។ សង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាល បង្ហាញសេចក្តីព្រាងច្បាប់ទាំងអស់ឲ្យសាធារណៈជន បានដឹង និងចូលរួមពិគ្រោះយោបល់ ដើម្បីដំណើរការច្បាប់ទាំងនោះ។
សង្គមស៊ីវិល និងប្រជាសហគម ក៏បានសំណូមពរឲ្យរដ្ឋាភិបាល ផ្អាកការពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធីណិត ព្រោះថាខ្លឹមសារនៃច្បាប់នេះ បានរំលោភលើការការពារសិទ្ធមនុស្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិដែលផ្តល់សច្ចាប័នដោយកម្ពុជា។ ពួកគេបានបញ្ជាក់ថា ច្បាប់នេះនឹងបង្កឲ្យប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសគឺការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ខ្លួនទៀត។
ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម សង្គមស៊ីវិល ក៏បានស្នើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញផងដែរ ព្រោះថាខ្លឹមសារនៃច្បាប់នេះ បានដាក់បន្ទុកយ៉ាងខ្លាំង លើអ្នកកាន់កាប់ដីឯកជន និងកសិករនៅតាមមូលដ្ឋាន ដែលជាម្ចាស់ដី ហើយច្បាប់នេះ នឹងអនុញ្ញាតឲ្យមានការដាក់ទោសព្រហ្មទណ្ឌ ការដកសិទ្ធក្នុងការគ្រប់គ្រង និងចាត់ចែងលើកម្មសិទ្ធរបស់ពលរដ្ឋ។
តាមសង្គមស៊ីវិល សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម នេះ គឺជាការបើកផ្លូវឲ្យអាជ្ញាធរ អាចប្រើប្រាស់ដីពលរដ្ឋជាដីសម្បទានសេដ្ឋកិច្ច ហើយប្រសិនបើពលរដ្ឋតវ៉ា នោះពួកគេនឹងប្រឈមនឹងការជាប់ពន្ធនាគារ ពី ១ខែ ទៅ១ឆ្នាំ និងត្រូវបង់ប្រាក់ពី ១លាន ដល់ ១០លានរៀល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ