សហគមន៍ជនជាតិភាគតិចនៅក្នុងខេត្តព្រះវិហារជំរុញឲ្យលុបចោលដីសម្បទានសេដ្ឋកិច្ច
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជម្លោះដីធ្លី រវាងប្រជាសហគមន៍ នៅឃុំប្រមេរ ខេត្តព្រះវិហារ ជាមួយនឹងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន២ ដែលឈានដល់ការប្តឹងផ្តល់គ្នានោះ បានអូសបន្លាយរយៈពេលជាងបីឆ្នាំហើយ តែរហូតមកទល់ពេលនេះ នៅតែគ្មានដំណោះស្រាយនៅឡើយ។ ប្រជាសហគមន៍បានសម្តែងនូវក្តីកង្វល់ និងជំរុញឲ្យលុបចោលដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនទាំង២នោះ។ សំណើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ កក្កដានេះ នៅឯសន្និសីទកាសែត រៀបចំឡើងនៅវេទិការអង្គការមិនមែនរដ្ឋាភិបាល។
ប្រជាសហគមន៍ចំនួនបី តំណាងគ្រួសារជនជាតិដើមភាគតិចចំនួន ៣៦៧គ្រួសារ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានទទូចឲ្យរដ្ឋាភិបាលលុបចោលនូវកិច្ចសន្យាផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ឡាន ហ្វេង និង រូយ ហ្វេង និងសុំឲ្យរដ្ឋាភិបាលចេញវិធានការការពារបណ្តោះអាសន្ននូវដីសហគមន៍ជនជាតិដើមភាគតិចកួយ ព្រមទាំងពន្លឿនការចុះបញ្ជីដីសមូហភាពរបស់សហមគន៍ផងដែរ។
ប្រជាសហគមន៍បានចេញសេចក្តីថ្លែងការណ៍រួម ដោយចោទក្រុមហ៊ុនទាំងពីរថា បានឈូសឆាយដីសហគមន៍ និងបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ វប្បធម៌ប្រពៃណី អត្តសញ្ញាណ ដីចម្ការ ដីបម្រុងទុក និងជំនឿសាសនារបស់ពួកគាត់ជាដើម។ សេចក្តីថ្លែងការណ៍រួមបានបន្តថា សកម្មភាពរបស់ក្រុមហ៊ុនក៏បានធ្វើឲ្យប៉ះពាល់ដល់ខឿនប្រាសាទបុរាណមួយចំនួនដូចជា ប្រាសាទយាក់ព្លួក ប្រាសាទត្រពាំងស្វាយ និងប្រាសាទមួយចំនួនទៀត។
លោកស្រី ស៊ិង សាំ សមាជិកសហគមន៍ប្រមេរ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយសារលោកស្រីបាត់បង់ដីធ្វើចម្ការ បាត់បង់ព្រៃ ប៉ះពាល់ជីវភាពរបស់លោកស្រី។ លោកស្រី បានបន្ថែមថា កន្លងមកខាងអាជ្ញារមិនត្រឹមតែមិនអើពើចំពោះសហគមន៍ជនជាតិភាគតិចប៉ុណ្ណោះទេ ប៉ុន្តែ ប្រជាសហគមន៍ជនជាតិភាគតិចកួយដែលរស់នៅដោយអាស្រ័យផលពីការដងជ័រទឹក បោចវល្លិ៍ ធ្វើស្រែចម្ការជាដើមនោះបែរជារងការគំរាមគំហែងទៀតផង។
លោកស្រី ទេព ទឹម តំណាងអង្គការ OPKO បានឲ្យដឹងថា កន្លងមក ប្រជាសហគមន៍បានជំរុញដល់អជ្ញាធរមានសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធឲ្យដោះស្រាយដែរ ក៏ប៉ុន្តែហាក់គ្មានដំណោះស្រាយនោះឡើយ។
សូមជម្រាបដែរថា ក្រុមហ៊ុន រូយ ហ្វេង បានទទួលសិទ្ធិឲ្យធ្វើការវិនិយោគដាំកៅស៊ូ អំពៅ និងអាកាស្យា លើផ្ទៃដីចំនួនជាង ៨០០០ ហិចតា ពីរដ្ឋាភិបាលកាលពីឆ្នាំ២០១១ ខណៈក្រុមហ៊ុន ឡាន ហ្វេង ទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួនជាង ៩០០០ ហិចតា។
សូមបញ្ជាក់ផងដែរថា តុលារបានកោះហៅ ប្រជាសហគមន៍ចំនួន៣នាក់ រួមនឹងបុគ្គលិកអង្គការពន្លកខ្មែរម្នាក់ផង ក្រោមបទចោទថា បំផ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ឲ្យចូលបំភ្លឺនៅថ្ងៃទី៣០ កក្កដា ខាងមុខនេះ។ រហូតមកទល់ពេលនេះតុលាការបានកោះហៅអ្នកទាំង៤ ចំនួនបីលើកមកហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ