អានតួអត្ថបទ
កម្ពុជា

ប្រធាន​អង្គការ​លីកាដូ​ទំនង​ជា​ត្រូវ​​បាន​ជ្រើសរើស​ជា​សមាជិក​ទី​៩​នៃ គ.ជ.ប

លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន និង​ជា​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ
លោកស្រី ពុង ឈីវកេក ប្រធាន​នៃ​សម្ព័ន្ធខ្មែរជំរឿន និង​ជា​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ
ដោយ៖ ញឹម សុផល
១៦ នាទី

បេក្ខភាព​បុគ្គល​ទី​៩​ដែល​នឹង​ក្លាយ​ជា​សមាជិក​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បាន​បង្ហើប​ជា​បណ្តើៗ​ហើយ​នៅ​ថ្ងៃ​នេះ​។ ទោះ​បី​ជា​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​លាក់​ពី​ឈ្មោះ​សមាជិក​នោះ​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​ស្រី ពុង ឈីវហ្គេច ប្រធាន​អង្គការ​លីកាដូ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ ពី​ការ​ស្នើ​សុំ​លោក​ស្រី​សម្រាប់​តំណែង​នេះ ក៏​ប៉ុន្តែ​អ្វី​ៗ​ច្បាស់​ការ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ស្អែក​។

ផ្សាយពាណិជ្ជកម្ម

បេក្ខជន​ទី​៩ ដែល​នឹង​ត្រូវ​ជ្រើស​រើស​ឡើង ដើម្បី​បញ្ចូល​ទៅ​ក្នុង​សមាសភាព​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ត្រូវ​បាន​បង្ហើប​ឲ្យ​​ហើយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ទំនង​ជា​លោក​ស្រី ពុង ឈីវហ្គេច ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​។ សាមី​ខ្លួន​ផ្ទាល់ លោក​ស្រី​ពុង ឈីវហ្គេច ក៏​មិន​បាន​បដិសេធ​ការ​ដៅ​ឈ្មោះ​លោក​ស្រី​ជា​បេក្ខភាព​នៅ​ក្នុង​គណៈកម្មការ ដែល​កន្លង​មក​មាន​ភាព​ចំរូងចំរាស់​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រវត្តិ​នៃ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​កម្ពុជា​។

លោក​ស្រី ពុង ឈីវហ្គេច អាយុ​៧១​ឆ្នាំ ដែល​មាន​ងារ​ជា​វេជ្ជបណ្ឌិត​ផង​នោះ បាន​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​នេះ​ថា លោក​ស្រី​កំពុង​តែ​ឆ្លើយ​ឆ្លង​លិខិត​ទៅ​កាន់​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ដោយ​លោក​ស្រី​បញ្ជាក់​ថា នៅ​មិន​ទាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​។

យោង​តាម​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២​កក្កដា កន្លង​ទៅ​នេះ សមាសភាព គ.ជ.ប ថ្មី​ដែល​មាន​៩​រូប​នោះ នឹង​ត្រូវ​ជ្រើស​រើស​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ៤​នាក់​ម្ខាង ហើយ​បុគ្គល​ទី​៩​គឺ​ត្រូវ​ជ្រើស​រើស​តាម​ការ​យល់​ព្រម​រវាង​គណបក្ស​ទាំង​ពីរ​។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​ការ​ប្រកាស​សុពលភាព​តំណាង​រាស្ត្រ​ដល់​លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​កក្កដា​នេះ​ថា លោក​រក្សា​សិទ្ធិ​ដល់​បុគ្គល​ទី​៩​ដែល​នឹង​ឆ្លើយ​តប​ជា​ផ្លូវ​ការ​។

ជាមួយ​គ្នា​នេះ លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​វត្តមាន​នៅ​រដ្ឋសភា​ដែរ​នោះ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ស្រដៀង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ដែរ ដោយ​រង់​ចាំ​ការ​សម្រេច​របស់​សមីជន​។

ដោយ​ឡែក ចំពោះ​ការ​បង្ហាញ​បេក្ខជន​របស់​គណបក្ស​នីមួយ​ៗ ម្ខាង​៤​នាក់​នោះ ទៅ​ក្នុង គ.ជ.ប មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ អះ​អាង​ដូច​គ្នា មិន​អាច​បង្ហើប​ពី​បេក្ខភាព​ទាំង​នេះ​បាន​នៅ​ឡើយ​ទេ​។ ក៏​ប៉ុន្តែ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​គណបក្ស​ប្រឆាំង​កន្លង​មក សមាសភាព​មន្ត្រី​ជាន់​ខ្ពស់​ចំនួន​២​រូប​របស់​គណបក្ស​នេះ នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​សមាសភាព គ.ជ.ប ក្នុង​នោះ​មាន​លោក​គួយ ប៊ុនរឿន បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់​ចាម ដែល​អាសនៈ​របស់​លោក​ត្រូវ​ប្រគល់​ឲ្យ​ប្រធាន​បក្ស លោក សម រង្សី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ