អានតួអត្ថបទ
កម្ពុជា

ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​តឹង​តែង និង​មាន​ភាព​មិន​ប្រក្រតី​តិច​តួច

លោក​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​បាក់​ឌុប នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៤
លោក​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​បាក់​ឌុប នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៤ RFI/Siv Channa
ដោយ៖ ញឹម សុផល
១៨ នាទី

ក្រសួង​អប់រំ​ថ្លែង​ឲ្យ​ដឹង​ថា ការ​ប្រលង​សញ្ញាបត្រ​បាក់ឌុប​ព្រឹក​នេះ ប្រព្រឹត្តិ​ដោយ​តឹងរ៉ឹង​និង​ដោយ​រលូន​។ មាន​បាតុភាព​តិច​តួច​ណាស់​ដែល​បាន​កើត​ឡើង ក៏​ប៉ុន្តែ​ត្រូវ​ដោះស្រាយ​ភ្លាម​ៗ​។ ជាមួយ​គ្នា​នេះ ក្រុម​អ្នក​សង្កេតការណ៍​មក​ពី​សង្គម​ស៊ីវិល ក៏​មើល​ឃើញ​ពី​ភាព​ប្រសើរ​ឡើង​ក្នុង​ដំណើរការ​នៃ​ការ​ប្រលង​ដែរ ខុស​ពី​ឆ្នាំ​មុន​ៗ​។

ផ្សាយពាណិជ្ជកម្ម

ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ប្រលង​បាក់ឌុប ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​នោះ ចាប់​ផ្តើម​ថ្ងៃ​ទី​មួយ​ហើយ នៅ​ថ្ងៃ​ចន្ទ​ទី​០៤​ខែ​សីហា​នេះ​។ បេក្ខជន​ប្រុស​ស្រី​មួយ​ចំនួន​ក្នុង​ឯកសណ្ឋាន​អាវ​ពណ៌​ស បាន​ក្រោក​ពី​ព្រលឹម​ម៉ោង​មិន​ទាន់​៦​ផង​នោះ ត្រៀម​លក្ខណៈ​រៀង​ៗ​ខ្លួន​ទាំង​សម្ភារៈ​សិក្សា​ចាំបាច់ និង​អាហារ​ពេល​ព្រឹក​។ ខ្លះ​ទៀត​ទៅ​ប្រមូល​ផ្តុំ​គ្នា និង​ដណ្តើម​គ្នា​ទិញ​ប៊្រុយយ៉ុង នៅ​ឯ​ផ្ទះ​ថត​ចំលង ដែល​មាន​ទីតាំង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មណ្ឌល​ប្រលង​។

លោក សន ជ័យ មន្ត្រី​សម្រប​សម្រួល​បណ្តាញ​រួប​រួម ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ដែល​មាន​ដាក់​ភ្នាក់ងារ​សង្កេតការ​តាម​មណ្ឌល​ប្រលង​មួយ​ចំនួន​ដែរ​នោះ​ថ្លែង​ថា លោក​មើល​មិន​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​អ្វី​គួរ​កត់​សម្គាល់​ជា​ដុំ​កំភួន​នៅ​ឡើយ​​។ លោក​ថា ការ​ប្រលង​មាន​ការ​រឹត​បណ្តឹង តែ​នៅ​តែ​មាន​ករណី​តិច​តួច​ដូច​ជា​ការ​លួច​យក​ទូរស័ព្ទ​ស្មាត​ហ្វូន​ចូល​ក្នុង​បន្ទប់​ប្រលង មាន​ការ​លួច​មើល​ប៊្រុយយ៉ុង​បន្តិច​បន្តួច​។

ជាមួយ​គ្នា​នេះ ក៏​មាន​អនុរក្ស​មួយ​ចំនួន​ពោល​ពាក្យ​សម្តី​ឌឺ​ដង​ដាក់​អ្នក​សង្កេតការណ៍​មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល ទំនង​ជា​ពួក​គេ​បាន​ធ្វើ​ជា​ឆ្អឹង​ទទឹង​ក ឬ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដូច​ដែល​ក្រុម​អនុរក្ស​មួយ​ចំនួន ធ្លាប់​ទទួល​បាន​កន្លង​មក​។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ទទួល​ស្គាល់​ថា ការ​ប្រលង​បាក់​ឌុប ពេញ​មួយ​ព្រឹក​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ទៅ​។

ជាមួយ​គ្នា​នេះ លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បាន​ថ្លែង​ដែរ​ថា ការ​ប្រលង​ពេញ​មួយ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដែល​មាន​វិញ្ញាសា ភូមិ​វិទ្យា ប្រវត្តិ​វិទ្យា គីមី​វិទ្យា និង​ជីវវិទ្យា​នោះ មាន​ភាពមិន​ប្រក្រតី​តិច​តួច​។ លោក​លើក​ឡើង​ថា អនុរក្ស​បាន​ចាប់​ភ្លាម​ៗ​នូវ​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន​ចំនួន​៤​គ្រឿង គឺ​២​គ្រឿង​នៅ​មណ្ឌល​ប្រលង​ខេត្ត​កំពត និង​២​គ្រឿង​ទៀត​នៅ​ខេត្ត​បាត់ដំបង​។ ករណីនេះ​ត្រូវ​លោក រស់ សាលីន ពន្យល់​ថា មិន​មាន​ទោសពៃរ៍​អ្វី​ទេ ខណៈ​ដែល​ការ​រឹប​អូស​ទូរស័ព្ទ​ដៃ ធ្វើ​ឡើង​មុន​ពេល​ការ​ប្រលង​ប្រព្រឹត្តិ​ទៅ​។ ប្រធាន​មណ្ឌល​ក៏​បាន​ដក​ហូត​ទូរស័ព្ទ​ដៃ​របស់​អនុរក្ស​ម្នាក់​ភ្លាម​ៗ​ដែរ​នៅ​ខេត្ត​កំពត​។

ដោយ​ឡែក​បេក្ខជន​ពីរ​រូប​នៅ​ខេត្ត​កណ្តាល និង​ស្វាយរៀង​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​ប្រលង ដោយ​សារ​បន្លំ​ឲ្យ​បង​ប្អូន​បង្កើត​ទៅ​ប្រលង​ជំនួស​។ រី​ឯ​អ្នក​ប្រលង​ជំនួស​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​។

ជាមួយ​គ្នា​នេះ ការ​បែក​ធ្លាយ​វិញ្ញាសា​ដែល​គេ​នាំ​គ្នា​បង្ហោះ​តាម​ហ្វេសប៊ុក​នោះ ត្រូវ​បដិសេធ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ភ្លាម​ៗ ថា​មិន​ត្រូវ​ដូច​វិញ្ញាសា​របស់​ក្រសួង​ឡើយ​។

សូម​បញ្ជាក់​ថា បេក្ខជន​ដែល​ត្រូវ​ប្រលង​សញ្ញាបត្រ​បាក់​ឌុប​នៅ​ឆ្នាំ​នេះ មាន​ចំនួន​សរុប​ជាង ៩ ម៉ឺន ៣​ពាន់​នាក់ រួម​មាន​១៥១​មណ្ឌល​និង​ចែក​ជាង​បី​ពាន់​បន្ទប់​។ នៅ​ព្រឹក​នេះ​ដែរ លោក​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន បាន​ចូល​រួម​បើក​វិញ្ញាសា​ផ្ទាល់​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ