អានតួអត្ថបទ
កម្ពុជា

ភាព​រាំង​ស្ងួត បាន​កើត​មាន​នៅ​ពេល​ខេត្ត​មួយ​ចំនួន​នៅ​លិច​ទឹក​នៅ​ឡើយ​

ទឹកជំនន់​ទន្លេ​មេគង្គ​មិន​ទាន់​ឡើង​ដល់​កំរិត​ប្រកាសអាសន្ន។
ទឹកជំនន់​ទន្លេ​មេគង្គ​មិន​ទាន់​ឡើង​ដល់​កំរិត​ប្រកាសអាសន្ន។ ©rfi
ដោយ៖ ញឹម សុផល
១៥ នាទី

ខេត្ត​កំពង់ចាម​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ នៅ​ពេល​ដែល​ទឹកជំនន់ បាន​ជន់​លិច ជាង​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ។គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​កត់​សម្គាល់​ថា​ទឹក​បាន​ចាប់​ផ្តើម​ស្រក​ទៅ​វិញ​ហើយ ក៏​ប៉ុន្តែ​ការ​ស្រក​មាន​លក្ខណៈ​យឺត​។ ស្រប​ពេល​ដែល​មាន​ទឹក​ជំនន់​​នា​ពេល​នេះ គ្រោះ​រាំង​ស្ងួត ក៏​បាន​កើត​ឡើង​ផងដែរ នៅ​តាម​ខេត្ត​មួយ​ចំនួន។

ផ្សាយពាណិជ្ជកម្ម

ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​មក​ទល់​ពេល​មាន ២៩​នាក់​ហើយ ក្នុង​នោះ ៦០​ភាគរយ​ជា​កុមារ ដែល​ចូលចិត្ត​លេង​សប្បាយ​ជាមួយ​ទឹក ហើយ​ខេត្ត​កំពង់ចាម​មាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​រហូត​ទៅដល់ ១១នាក់។ 

លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុ​ប្រធាន​ទីមួយ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​នេះ​ថា ទឹក​បាន​ចាប់​ផ្តើម​ស្រក​ជា​បណ្តើរៗ​ហើយ។ ជា​ការ​កត់​សម្គាល់ នៅ​ឆ្នាំ​នេះ​ស្ថានភាព​ទឹកជំនន់ បាន​ស្រក​ទៅ​វិញ​យឺត​ៗ ដោយ​សារ​​ច្រក​ទឹក ដែល​ហូរ​ចេញ​មាន​ទ្រង់ទ្រាយ​តូច ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​លិចលង់​កាន់​តែ​យូរ​ថ្ងៃ។

ជា​សរុប​ទឹកជំនន់​នៅ​បន្ត​លិច​លើ ១២​រាជធានី-ខេត្ត នៅ​ឡើយ ក្នុង​នោះ​មាន ៦២​ស្រុក-ខណ្ឌ​រង​ផល​ប៉ះពាល់ រួម​មាន​ប្រជាជន​ចំនួន​ជាង ៨ សែន ៣ម៉ឺន​គ្រួសារ និង​ផ្ទះ​ចំនួន ៨​ម៉ឺន​ខ្នង។ ជាមួយគ្នា​នេះ​មាន​ប្រជាជន​ជាង ១​ម៉ឺន ១​ពាន់​គ្រួសារ​ត្រូវបាន​ជន្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។

ទន្ទឹមគ្នានេះ​ភាព​រាំងស្ងួត ក៏​បាន​កើត​មាន​ដែរ គឺ​មាន ៨​ស្រុក​នៅ​ខេត្ត​កំពង់ស្ពឺ​គ្របដណ្តប់​លើ​ផ្ទៃដី ប្រមាណ​ជា ៦​ពាន់​ហិកតា និង ៩​ស្រុក​នៅ​ខេត្ត​តាកែវ មាន​ផ្ទៃ​ដី​ជិត ២​ម៉ឺន​ហិកតា ដែល​មិន​មាន​ទឹក​ធ្វើ​ស្រែ ហើយ​សំណាប​ងាប់​ទាំងអស់។

លោក ញឹម វណ្ណ​ដា បន្ត​ថា​ក្រសួង​ធនធាន​ទឹក​បាន​ដោះស្រាយ​ប្រលាយ​ឲ្យ​ហើយ​តែ​មិន​មាន​ទឹក​ទៅ​ដល់ ហើយ​ទឹកភ្លៀង​ក៏​មិន​មាន​ធ្លាក់ ផង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។

ជាមួយគ្នានេះ​លោក គឹម រតនា ប្រធាន​អង្គការ​ការី​តាស​កម្ពុជា ដែល​ជា​អង្គការ​គ្រិស្ត​សាសនា​មួយ​ជួយ​ទៅដល់​គ្រោះ​មហន្តរាយ​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​ បាន​ត្រៀម​សំភារៈ និង​បច្ចេកទេស​ជា​ច្រើន​ក្នុង​ការ​ចូលរួម​បង្ការ​គ្រោះមហន្តរាយ​នេះ។ក្នុងនោះ​មាន​ទូក​ម៉ាស៊ីន បង្គន់​អនាម័យ​ចល័ត កៅស៊ូ​តង់ ជាដើម។

លោក គឹម រតនា ប្រកាស​ថា អង្គការ​ការី​តាស​កម្ពុជា នឹង​ធ្វើ​ការ​ចែក​ទូក​ម៉ាស៊ីន​ចំនួន​ ១១​គ្រឿង​​បន្ថែម​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក នៅ​ខេត្តកណ្តាល ដល់​ខេត្ត​ជា​គោលដៅ​មួយ​ចំនួន ដែល​ដើម្បី​ជា​ជំនួយ ដល់​ក្រុមការងារ​ជួយសង្គ្រោះ​ថ្នាក់ឃុំ នៃ​ខេត្តនីមួយ។

នៅ​ឆ្នាំ​នេះ​ការ​បង្ការ​គ្រោះមហន្តរាយ​ទឹកជំនន់​មាន​លក្ខណៈ​ល្អ​ប្រសើ​ជាង​ឆ្នាំ​កន្លង​ទៅ ដោយ​មាន​​ការ​​ឆ្លើយ​តប​ទាន់​ពេលវេលា ទាំង​ថ្នាក់មូលដ្ឋាន ហើយ​ប្រជាជន​ក៏មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ជាង​មុន នេះ​បើតាម​លោក គីម រតនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ