របបរាជានិយមកម្ពុជាក្នុងបរិបទថ្មីតែអត្ថន័យចាស់
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទី២៩តុលានេះ ប្រទេសកម្ពុជាកំពុងប្រារព្ធខួបទី១០ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី (២៩តុលា២០០៤-២៩តុលា២០១៤ )។ បន្ទាប់ពីគណបក្សរាជានិយមបានស្រុតចុះប្រជាប្រិយភាពរហូតបាត់បង់ទីតាំងឈរជើងទាំងស្រុងពីក្នុងរដ្ឋសភា និងបន្ទាប់ពីសម្តេចឪ នរោត្តម សីហនុ បានសោយទីវង្គតទៅ របបរាជានិយមកម្ពុជាត្រូវគេមើលឃើញថាកំពុងស្ថិតក្នុងបរិបទថ្មី។ យ៉ាងណាក៏ដោយ របបរាជានិយមនៅតែជាសេចក្តីត្រូវការចាំបាច់សម្រាប់ប្រទេសនិងប្រជាពលរដ្ឋខ្មែរ។ នេះជាអត្ថន័យចាស់ដែលមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេរហូតមកទល់ពេលនេះ។
ការបាត់បង់ទីតាំងឈរជើងទាំងស្រុងរបស់គណបក្សរាជានិយមពីក្នុងរដ្ឋសភាក្នុងការបោះឆ្នោតចុងក្រោយនេះអាចធ្វើឲ្យអ្នកខ្លះគិតថាពលរដ្ឋខ្មែរលែងផ្តល់តម្លៃដល់របបរាជានិយមទៀតហើយ។ ប៉ុន្តែ ប្រសិនបើមានការគិតដូច្នោះមែនវាគឺជាការភាន់ច្រឡំមួយតែប៉ុណ្ណោះ។ តាមពិត របបរាជានិយមគ្មានអ្វីជាប់ទាក់ទងនឹងគណបក្សរាជានិយមទេពោលគឺពលរដ្ឋខ្មែរ នៅតែមានភក្តីភាពជាមួយរបបរាជានិយមឬជាមួយព្រះមហាក្សត្របើទោះជាគណបក្សរាជានិយមអស់ប្រជាប្រិយភាពយ៉ាងណាក៏ដោយ។
ពិតណាស់ថា ក្នុងការបោះឆ្នោតលើកដំបូងកាលពីឆ្នាំ១៩៩៣ គណបក្សរាជានិយមនិងរបបរាជានិយមអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនយល់ច្រឡំមែន។ យល់ច្រឡំដោយសារ កាលណោះ អ្នកបោះឆ្នោតមិនបានបែងចែករវាងគណបក្សនិងរបបរាជានិយមទេ។ ពួកគេគិតតែម្យ៉ាងគត់ប៉ុណ្ណោះគឺ បោះឆ្នោតឲ្យ ហ្វ៊ុនស៊ិនប៉ិច មានន័យស្មើនឹងបោះឆ្នោតឲ្យរាជានិយមដែលតំណាងដោយសម្តេចឪ នរោត្តម សីហនុ បើទោះបីជាកាលណោះព្រះអង្គលែងគង់ជាប្រធាន ហ្វ៊ុនស៊ិនប៉ិចទៀតហើយក៏ដោយ។
ប៉ុន្តែ ការចាប់កំណើតឡើងវិញនៃរបបរាជានិយមទី២ដែលអនុញ្ញាតឲ្យតួអង្គក្សត្រដ៏ល្បីល្បាញរបស់កម្ពុជាគឺ សម្តេចព្រះ នរោត្តម សីហនុ បានឡើងសោយរាជសម្បត្តិសារជាថ្មី គឺជាពេលវេលាដែលធ្វើឲ្យប្រជារាស្ត្រខ្មែរផ្តើមយល់ថារបបរាជានិយមគឺជាតំណាងប្រទេសកម្ពុជាទាំងមូល តែមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយណាមួយទេ។ ហេតុផលនេះហើយដែលធ្វើឲ្យអ្នកបោះឆ្នោតចាត់ទុកគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ថាគ្រាន់តែជាបក្សនយោបាយមួយដូចគណបក្សដទៃទៀតដែរ។
ជាក់ស្តែង បើទោះបីជា គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ស្រុតចុះប្រជាប្រិយភាពរហូតបាត់មុខទាំងស្រុងពីរដ្ឋសភាក៏ដោយ ក៏នៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរជាទូទៅ របបរាជានិយមនៅតែជា«ដួងព្រលឹង» ជាទីពឹង ទីកក់ក្តៅ មិនអាចខ្វះបាន។ ម្យ៉ាងទៀត ការធ្លាក់ចុះជាបន្តបន្ទាប់នៃប្រទេសកម្ពុជារហូតក្លាយជាវាលពិឃាតខ្មែរក្រហម បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ កាលពីដើមទសវត្សរ៍ ១៩៧០ គឺជាសក្ខីកម្មដែលធ្វើឲ្យពលរដ្ឋខ្មែរផ្តល់ទំនុកចិត្តកាន់តែមុតមាំថែមទៀតទៅលើរបបរាជានិយម។ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ ក៏បានចងរបបរាជានិយមកម្ពុជាថាជារបបដែលមិនអាចកែប្រែបានឡើយ។
យ៉ាងណាក៏ដោយចុះ ភាពរឹងមាំនៃរបបរាជានិយមកម្ពុជាមិនអាស្រ័យលើការចែងក្នុងរដ្ឋធម្មនុញ្ញតែមួយមុខទេ តែវាក៏អាស្រ័យជាសំខាន់ទៅលើការអនុវត្តជាក់ស្តែងផងដែរ។ មានកត្តាសំខាន់ពីរដែលគេអាចចាត់ទុកថាជាគន្លឹះក្នុងការពង្រឹងរបបរាជានិយមកម្ពុជា៖ ទី១គឺអាស្រ័យលើសកម្មភាពនិងតួនាទីរបស់ព្រះបរមរាជវាំងចំពោះប្រជារាស្ត្រ និងទី២គឺអាស្រ័យលើតម្លៃដែលអ្នកនយោបាយត្រូវផ្តល់ជូនស្ថាប័នព្រះមហាក្សត្រ។
បច្ចុប្បន្ន តួអង្គក្សត្រដ៏ឆ្នើមសម្រាប់ប្រជារាស្ត្រខ្មែរគឺព្រះមហាវីរក្សត្រ ព្រះបរមរតនៈកោដ្ឋបានសោយទីវង្គតទៅហើយ។ ប៉ុន្តែ ទស្សនៈវិជ្ជានយោបាយនិងព្រះរាកាយវិការជាគំរូរបស់ព្រះអង្គស្ថិតនៅជានិច្ចជាមួយកូនចៅ។ ទន្ទឹមនឹងនោះ អង្គមហាក្សត្រថ្មីដែលគេស្គាល់ជាទូទៅថាជាបុគ្គល«ស្អាតស្អំ» ស័ក្តិសមនឹងស្នងព្រះរាជបល្ល័ង្កជាព្រះមហាក្សត្រខ្មែរនោះ ក៏កំពុងតែបន្តវេនតាមគំរូព្រះរាជបិតារបស់ព្រះអង្គដែរ។
ដូច្នេះ អ្វីដែលនៅសេសសល់គឺសំណួរថា តើអ្នកនយោបាយគ្រប់និន្នាការមានភក្តីភាពនិងការផ្តល់តម្លៃពិតប្រាកដកម្រិតណាដល់របបរាជានិយម(និយាយជារួម)និងដល់អង្គព្រះមហាក្សត្រផ្ទាល់ (និយាយដោយឡែក)? សំណួរនេះមានសារសំខាន់ពីព្រោះវាជាកញ្ចក់ឆ្លុះបញ្ចាំងថាតើរាជានិយមកម្ពុជាមានតួនាទីពិតប្រាកដមួយក្នុងសង្គមឬគ្រាន់តែជានិមិត្តរូបតែប៉ុណ្ណោះ?
ពិតហើយថា របបរាជានិយមក្នុងព្រះរាជាណាចក្រទី២ ព្រះមហាក្សត្រសោយរាជតែមិនកាន់អំណាច ប៉ុន្តែ ដើម្បីឲ្យរាជានិយមមានអត្ថន័យពិតប្រាកដ វាទាមទារឲ្យអ្នកនយោបាយផ្តល់ការគាំទ្រពេញទំហឹងនិងមានភក្តីភាពពិតប្រាកដជាមួយព្រះមហាក្សត្រ។ បច្ចុប្បន្ន គ្រប់អ្នកនយោបាយខ្មែរសុទ្ធតែបានអះអាងថាស្រឡាញ់របបរាជានិយមនិងដង្ហែតាមព្រះមហាក្សត្រ ប៉ុន្តែ មានទង្វើខ្លះហាក់ដូចជាមិនទាន់បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ពួកគេនៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ