អានតួអត្ថបទ
កម្ពុជា

សហគមន៍​ជម្លោះដីធ្លី​នៅ​ភ្នំពេញ ​គ្រោង​ធ្វើ​បាតុកម្ម​រៀង​រាល់​ថ្ងៃ​នៅ​លើ​ទីលាន​ប្រជាធិប​តេយ្យ​

សេចក្តីជូនដំណឺង របស់ ក្រុមអ្នកភូមិមានជម្លោះដីធ្លី ដែល ខុសអក្ខរាវិវុទ្ធ
សេចក្តីជូនដំណឺង របស់ ក្រុមអ្នកភូមិមានជម្លោះដីធ្លី ដែល ខុសអក្ខរាវិវុទ្ធ RFI-monika
ដោយ៖ រិទ្ធិ ម៉ូនីកា
១៦ នាទី

សហគមន៍​បុរីកីឡា សហគមន៍​ព្រលានយន្តហោះអន្តរជាតិ សមាគម​ស្ត្រីបឹងកក់ និង​បណ្តាញ​អតីត​ស្ត្រីបឹងកក់ នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី ១២ មករា ឆ្នាំ​២០១៥ នេះ​បាន​ទៅ​កាន់​សាលារាជធានីភ្នំពេញ ដើម្បី​ដាក់​សេចក្តីជូនដំណឹង​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ រយៈពេល ១ខែ នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ២០​មករា​តទៅ។ ការជូនដំណឹង ដែល​ធ្វើឡើង​បន្ទាប់ពី​ការ​ស្ងប់ស្ងាត់​មួយរយៈ​របស់​ក្រុមអ្នកតវ៉ា ដែល​អះអាង​ថា ផ្អាក ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី។

ផ្សាយពាណិជ្ជកម្ម

គោលបំណងធំ៣ ត្រូវ​បាន​បង្ហាញ​នៅក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី ១២ មករា​នេះ​របស់​តំណាង​សហគមន៍​ទាំង៤ ។ ទី ១ ពួកគេ ធ្វើ​បាតុកម្ម​រាល់ថ្ងៃ​គឺ​ដើម្បី អំពាវនាវ​អោយ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​បញ្ហាដីធ្លី​ជូន​អ្នកភូមិ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បុរីកីឡា និង បឹងកក់ ។ តាម​លិខិត​ដដែល​បញ្ជាក់ថា បញ្ហាដីធ្លី​នេះ រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ ឬ ផ្តល់​សំណង​អ្វី​ដល់​ប្រជាជន​នោះ​ទេ បើទោះបីជា​ប្រជាពលរដ្ឋ​រងចាំ​ជា​ច្រើន​ឆ្នាំ និង ទាមទារ​គ្រប់ទិសទី​ក៏​ដោយ។ 

ទី២ ក្រុម​អ្នកភូមិ​ទាំងឡាយ​ទាមទារ​អោយ​ដោះលែង​សកម្មជន​ដីធ្លី និង សកម្មជន​ផ្សេងទៀត​ពី​ពន្ធធានាគារ​ព្រៃស​ជា​បន្ទាន់។ សូមបញ្ជាក់ថា ក្នុង​រយៈពេល​3ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០វិច្ឆិកា មាន​សកម្មជន​ការពារ​ដីធ្លី អ្នកភូមិ​បឹងកក់ សកម្មជន​គណបក្សនយោបាយ និង​ព្រះសង្ឃ សរុប ១៧ អង្គ និង​នាក់ ត្រូវបាន​ឃុំខ្លួន និង​ផ្តន្ទាទោស តាម​បទល្មើស​នៃ​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ចរាចរ​ផ្លូវគោក។

ទី៣​ទាមទារ​អោយ​បញ្ចប់​ជម្លោះ​នយោបាយ និង​ភាពច្របូកច្របល់​នៅក្នុង​សង្គម​កម្ពុជា។ ក្រុម​អ្នកភូមិ​មាន​ជម្លោះដីធ្លី តាមរយៈ​សេចក្តីជូនដំណឹង​ដដែល​នេះ បាន​បញ្ជាក់ថា ពួកគេ​ធ្លាប់​ជឿថា នៅពេល​គណបក្ស​សង្រ្គោះជាតិ​ចូលក្នុង​រដ្ឋសភា នោះ អំពើ​ហឹ​ង្សា និង ការ​ចាប់​សកម្មជន​នយោបាយ​នឹងត្រូវ​បញ្ចប់ ហើយ​គណបក្ស​ទាំងពីរ​នឹង​រួបរួមគ្នា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន។

ដូច្នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​និង​បញ្ឈប់​វិបត្តិ​នយោបាយ ក្រុម​អ្នកភូមិ​មាន​ជម្លោះ​បានសម្រេច​ធ្វើបាតុកម្ម​អហឹង្សា​ជា​រៀងរាល់ថ្ងៃ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី ២០ មករា​តទៅ រហូត ដល់​ថ្ងៃទី ២០ ខែ កុម្ភៈ និង បាន​អំពាវនាវ​អោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់ទិសទី ព្រះសង្ឃ និង យុវជន​ជាដើម។
 

យ៉ាងណាក៏ដោយ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ  បាន​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​នៅ​ល្ងាច​នេះ​ថា អាជ្ញាធរ​មិន​ទាន់​ឆ្លើយ​តប​វិញ​យ៉ាងណា​ចំពោះ​លិខិត​ជូន​ដំណឹង​នេះទេ ដោយសារ​តែ​លិខិត​នេះ​ទើប​មក​ដល់​សាលារាជធានី​ភ្នំពេញ​នា​ល្ងាច​នេះ​។ ដូច្នេះ​ត្រូវ​រង់​ចាំលិខិត​នេះ​ដល់​ដៃ លោក​អភិបាល​រាជធានី​ភ្នំពេញ​សិន ទើប​អាច​សម្រេច​ថា​យ៉ាងណា។

សូម​បញ្ជាក់​ថា ក្រុម​អ្នកភូមិ​បាន​នាំ​គ្នា​ទៅ​ដាក់​លិខិត​ជូន​ដំណឹង​នៅ​សាលារាជធានី​ភ្នំពេញ​តាំង​ពី​ព្រឹក​ម៉ិញ​ប៉ុន្តែ​  ដោយសារ​មានបញ្ហា​ខុស​អក្ខរាវិរុទ្ធ  ដូច្នេះ​អាជ្ញាធរ​បាន​បញ្ជូន​លិខិត​នេះ​ជូន​ក្រុម​អ្នកភូមិ​វិញ ហើយ​ប្រាប់​អោយ​ត្រលប់​យក​លិខិត​នេះ​មក​ដាក់ ឡើង​វិញ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ក្រោយ​កែ​តម្រូវ​អក្ខរាវិរុទ្ធ​រួច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ