WB ៖ នគរូបនីយកម្មដែលមានល្បឿនលឿន ជាបញ្ហាប្រឈម ដែលថ្នាក់ដឹកនាំត្រូវចាត់វិធានការ ដើម្បីរួមចំនែកជួយដល់ប្រជាជនក្រីក្រ
ចុះផ្សាយនៅថ្ងៃ៖
ក្រុមធនាគារពិភពលោកនៅថ្ងៃចន្ទ ទី ២៦ មករា នេះ បានបង្ហាញរបាយការណ៍មួយដែល ផ្តល់ជាជំនួយស្មារតី ដើម្បីអោយការងារអភិវឌ្ឍន៍ក្រុងនៅក្នុងតំបន់អាស៊ីបូព៌ាផ្តល់ផលប្រយោជន៍ដល់ជនក្រីក្រ។ តាមសេចក្តីប្រកាស នគររូបនីយកម្មដែលមានល្បឿនលឿន គឺជា បញ្ហាប្រឈមធំមួយ ដែលមេដឹកនាំត្រូវតែយល់ដឹង ។
រាជធានីនៃប្រទេសកម្ពុជា មានទំហំតូចជាងគេបំផុតលំដាប់ទី៤ នៅក្នុងតំបន់អាស៊ីបូព៌ា ប៉ុន្តែកំនើនប្រជាជនក្នុងក្រុងមានល្បឿនលឿនជាងគេបំផុត គឺ កើនឡើងពី៤.៤ភាគរយក្នុងមួយឆ្នាំ ហើយការពង្រីកទំហំទីក្រុងក៏មានល្បឿនលឿនជាងគេបំផុតលំដាប់ទី២ នៅក្នុងតំបន់ផងដែរ ។ នេះបើតាមទិន្នយ័ថ្មី នៃរបាយការណ៍ធនាគារពិភពលោក ដោយបង្ហាញថា ប្រជាជនក្នុងក្រុងភ្នំពេញកើនឡើងពី ជាង៩សែន នាក់ ដល់ ១លាន៤សែន នាក់ នៅចន្លោះពីឆ្នាំ ២០០០ ដល់ ឆ្នាំ ២០១០ ហើយ ចំនួនផ្ទៃដីបានកើនឡើងពី ១១០គីឡូម៉ែត្រក្រឡានៅឆ្នាំ ២០០០ ដល់ ១៦០គីឡូម៉ែតក្រឡានៅឆ្នាំ ២០១០។
លោក អាក់សែល វ៉ាន់ ត្រុតសេនប៊ើហ្គ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក មានប្រសាសន៍ថា នគរូបនីយកម្មដែលមានល្បឿនលឿន គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់តំបន់អាស៊ីបូព៌ា ប៉ុន្តែយើងមិនអាចគ្រប់គ្រងនូវអ្វីដែលយើងមិនអាចវាស់វែងបានទេ។ ដូច្នេះមេដឹកនាំនៅទីក្រុង តាមរយៈទិន្ននយ័ អាចយល់ដឹងកាន់តែប្រសើរថែមទៀតអំពីរូបរាង និង ចាត់វិធានការ ដើម្បីធានាថា ការរីកលូតលាស់នៅក្នុងតំបន់ទីក្រុង រួមចំនែកជួយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងទីក្រុងកាន់តែច្រើនឡើងៗជាពិសេសប្រជាពលរដ្ឋក្រីក្រ។
ចំនែក លោក អាប់បាស ចា ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិសាកលនៃកិច្ចការសង្គម ទីក្រុង ជនបទ និងភាពធន់ របស់ក្រុមធនាគារពិភពលោកបានបញ្ជាក់ថា ការសម្របសម្រួលលើផ្នែករចនាសម្ពន្ធ័ ទីក្រុង ដង់ស៊ីតេ និងរដ្ឋបាលអោយបានត្រឹមត្រូវ នឹងមានសារៈសំខាន់ក្នុងការជួយបញ្ចប់ភាពក្រីក្រតោកយ៉ាក និងជម្រុញអោយមានវិបុលភាពសម្រាប់ទាំងអស់គ្នា។
ចំពោះផែនការអភិវឌ្ឍន៍ក្រុងភ្នំពេញដែលមានកំនើនប្រជាជនយ៉ាងលឿននោះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ប្លង់មេ ឬ Master plan ពង្រីកក្រុង របស់សាលារាជធានីភ្នំពេញ គឺផ្តោតលើប្រយោជន៍សាធារណៈជាធំ។ លោក បន្តថា បើទោះបីជាកន្លែងខ្លះត្រូវចាក់ដីបំពេញ តែអាជ្ញាធរក៏បានគិតគូថាកន្លែងណាដែលត្រូវដាក់ប្រពន្ធ័លូ រឺប្រលាយទឹក ដែរ។ ក្រៅពីនេះ លោកបានទាមទារ អោយមានការចូលរួមសហការពីប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាធំៗ និង ថា បញ្ហាហេដ្ឋារចនាសម្ពន្ធ័ បរិស្ថាន និង ការផ្តល់សេវាសាធារណៈជាដើម គឺជាបញ្ហាអាទិភាពដែលអាជ្ញាធរគិតគូរផងដែរ។
សូមបញ្ចាក់ថា របាយការណ៍ថ្មីនេះ ជារបាយការណ៍លើកដំបូង របស់ធនាគារពិភពលោក ដែលបង្ហាញពីទិន្ននយ័ប្រៀបធៀបរវាងតំបន់ទីក្រុងនិងចំនួនប្រជាជន នៅក្នុងទីក្រុងនៅទូទាំងតំបន់អាស៊ីបូព៌ា ដើម្បីជម្រុញអោយរដ្ឋាភិបាលនិងមេដឹកនាំក្នុងបណ្តាប្រទេសទាំងនោះអាចរៀបចំទីក្រុងអោយបានត្រឹមត្រូវ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ