ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដើម្បី​​ជំរុញ​ការ​អាន​សៀវភៅ​ គេ​ត្រូវ​ការ​ការ​ចូលរួម​ពី​គ្រប់​គ្នា​

សំឡេង ០៤:១៦
បណ្តា​សៀវភៅ​បណ្តុះ​គំនិត​ដែល​បាន​ដាក់​លក់​នៅ​ក្នុង​បណ្ណាគារ​អន្តរជាតិ​ អាយ​ ប៊ី​ ស៊ី ​។
បណ្តា​សៀវភៅ​បណ្តុះ​គំនិត​ដែល​បាន​ដាក់​លក់​នៅ​ក្នុង​បណ្ណាគារ​អន្តរជាតិ​ អាយ​ ប៊ី​ ស៊ី ​។ RFI-សុគន្ធា

ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ចូលចិត្ត​ស្ដាប់​វិទ្យុ ឬ​មើល​ទូរទស្សន៍ ជាជាង​អាន​សៀវភៅ។ និន្នាការ​មិន​ចូលចិត្ត​អាន​សៀវភៅ​នៅ​កម្ពុជា បាន​ជះឥទ្ធិពល​ដល់​ការអភិវឌ្ឍ​នៃ​ប្រទេស​នេះ​ផងដែរ។វា​នៅ​មិនទាន់​យឺត​ពេល​នៅឡើយ​ទេ ដើម្បី​បង្កើត​វប្បធម៌​អាន​សៀវភៅ​នៅ​កម្ពុជា។ ប៉ុន្តែ ដើម្បី​សម្រេច​ការងារ​នេះ គេ​ត្រូវការ​ការចូលរួម​ពីគ្រប់ៗគ្នា។

ផ្សាយពាណិជ្ជកម្ម

 

ការអាន​គឺជា​សកម្មភាព​ស្វែងយល់​ពី​សារសំខាន់​ណាមួយ ដែល​អ្នកនិពន្ធ​បង្កប់​នៅក្នុង​សៀវភៅ ឬ​នៅក្នុង​សំណេរ។ ការអាន​ធ្វើ​ឲ្យ​មនុស្ស​ស្គាល់​ពី​ខ្លួនឯង ស្គាល់​ពី​អ្នកដទៃ ស្គាល់​ពី​អតីត និង​អនាគត។ នៅក្នុង​ការសិក្សា​និង​ការអប់រំ ការអាន​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការពង្រីក​ចំណេះដឹងផ្សេង។ ការអាន ធ្វើ​ឲ្យ​ការគិត​រីកចម្រើន។ វា​មាន​ឥទ្ធិពល​ទៅលើ​ផ្នត់គំនិត​របស់​មនុស្ស និង​អាច​កែប្រែ​មនុស្ស​បាន​ថែម​ទៀតផង។

ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ប្រទេស​ជឿនលឿន ដូចជា​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​ជាដើម ត្រូវបាន​គេ​សង្កេត​ឃើញ​ថា និយម​ចូលចិត្ត​អាន​សៀវភៅ​ខ្លាំង​ណាស់។ ការ​អាន គឺជា​ការកម្សាន្ត គឺជា​ទម្លាប់​ប្រចាំថ្ងៃ ដែល​មិនអាច​ខ្វះ​បាន។ រាល់ពេល​ទំនេរ​ពី​កិច្ច​ការងារ​ប្រចាំថ្ងៃ ពួកគេ​តែងតែ​ចាប់​យក​សៀវភៅ​មក​អាន នៅ​គ្រប់​ទីកន្លែង​ទាំង​អស់ មិន​ថា​នៅតាម​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ ឬ​នៅក្នុង​បន្ទប់ទឹក​នោះទេ។

ផ្ទុយ​ពី​បណ្ដា​ប្រទេស​ជឿនលឿន​ទាំងនោះ នៅ​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​មិនសូវ​ចូលចិត្ត​អាន​សៀវភៅ​ឡើយ។ ហេតុអ្វី​បាន​ជា​ដូច្នេះ?

មូលហេតុ​សំខាន់​ទី១គឺ​ទម្លាប់។ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ចូលចិត្ត​ស្ដាប់​វិទ្យុ ឬ​មើល​ទូរទស្សន៍ ជាជាង​អាន​សៀវភៅ។ នៅ​ក្នុង​គ្រួសារ​ខ្លះ កូនតូចៗ​ធំធាត់​ឡើង​ដោយ​មិន​ធ្លាប់​ឃើញ​ឪពុកម្ដាយ​របស់ខ្លួន អាន​សៀវភៅ​ទាល់​តែ​សោះ​តែម្ដង។ នៅក្នុង​បរិបទ​សង្គម​បែបនេះ ទម្លាប់​អាន​សៀវភៅ​ពិបាក​នឹង​កើតឡើង​ណាស់។

មូលហេតុ​ទី២​គឺ​កង្វះ​សៀវភៅ​អាន​ជា​ខេមរភាសា។ សៀវភៅ​ជា​ភាសាជាតិ នៅ​កម្ពុជា មាន​បរិមាណ​តិច​នៅ​ឡើយ ហើយ​ថែមទាំង​មិនបាន​គ្រប​ដណ្ដប់​លើ​គ្រប់​វិស័យ​នោះទេ។ គ្រាន់តែ​បរិមាណ​តិច​ទៅហើយ គេ​មិន​ចាំ​បាច់​និយាយ​ដល់​សៀវភៅ​ដែលមាន​គុណភាព​នោះទេ ព្រោះ​វា​កាន់តែ​តិចតួច​ទៅទៀត។ កង្វះ​សៀវភៅអាន​ជា​ខេមរភាសា​ដូច្នេះ បាន​កម្រិត​លទ្ធភាព​នៃ​ការអាន​របស់​ពលរដ្ឋ​ខ្មែរ ដែល​មិនចេះ​ភាសាបរទេស។ 

និន្នាការ​មិន​ចូលចិត្ត​អាន​សៀវភៅ​នៅ​កម្ពុជា បាន​ជះឥទ្ធិពល​ដល់​ការអភិវឌ្ឍ​នៃ​ប្រទេស​នេះ​ផងដែរ។ គ្មាន​ការរីកចម្រើន​នៃ​ផ្នត់គំនិត នៅក្នុង​ប្រទេសមួយ ដែល​ប្រជាជន​មិន​ចូលចិត្ត​អាន​សៀវភៅ ដើម្បី​ក្រេប​យក​ចំណេះ​ដឹង​មក​អភិវឌ្ឍ​ខ្លួន​បន្ថែម​នោះឡើយ។ ហើយ​ប្រសិនបើ​ពលរដ្ឋ​នៃ​ប្រទេសមួយ​គ្មាន​ការរីកចម្រើន​ខាង​ធនធាន​បញ្ញា​ទេ សួរថា​តើ​ប្រទេស​នោះ អាច​រីកចម្រើន​ជឿនលឿន​ទៅមុខ​បាន​យ៉ាងម៉េច?

គេ​ត្រូវ​ទទួល​ស្គាល់​ថា ការ​អាន​គឺ​ជា​កត្តា​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។ ម្ល៉ោះហើយ ការអាន​គួរតែ​ត្រូវបាន​លើកទឹកចិត្ត​នៅក្នុង​សង្គម​កម្ពុជា ដែលមាន​ការអភិវឌ្ឍ​យឺតយ៉ាវ។ ដើម្បី​ជំរុញ​ការអាន​នៅ​កម្ពុជា ដំបូង​បង្អស់ គេ​ត្រូវ​រួមគ្នា​បង្កើត​ទម្លាប់​អាន​សៀវភៅ។ កុំ​ឲ្យ​តែមាន​ចិត្ត​រួញរា ការបង្កើត​ទម្លាប់​អាន​សៀវភៅ​ឲ្យ​សម្រេចបាន គឺ​គ្មានអ្វី​ពិបាក​នោះទេ។ ជាជាង​ចំណាយ​ប្រាក់​នាំ​កូនតូច​ទៅ​មណ្ឌល​កម្សាន្ត​កុមារ ឪពុកម្ដាយ​គួរតែ​នាំកូនៗទៅ​បណ្ណាគារ​ទិញ​សៀវភៅ ឬ​ទៅ​បណ្ណាល័យ។ សកម្មភាព​អស់ទាំង​នេះ នឹង​ផ្ដល់ឱកាស​ឲ្យ​កូនតូច បាន​កម្សាន្ត​នឹង​សៀវភៅប្លែក។ សៀវភៅប្លែកៗ ដែល​នឹង​ផ្ដល់​ចំណេះដឹង​ឥត​ព្រំដែន​ដល់​កុមារ ហើយ​ជាពិសេស វា​នឹងធ្វើ​ឲ្យ​ពួកគេ​មាន​ទម្លាប់​អាន​សៀវភៅ​តាំងពី​តូច​តែម្ដង។

ជាមួយគ្នានេះ អ្នកនិពន្ធ​និង​អ្នក​ចងក្រង​សៀវភៅ​ទាំងឡាយ គួរ​សម្រិតសម្រាំង​គុណភាព​ស្នាដៃ​របស់ខ្លួន ឲ្យ​កាន់តែ​ប្រសើរ​ជាងនេះទៅទៀត ទាំង​រចនាបទ អត្ថន័យ និង​អត្ថរស។ នៅក្នុង​សង្គម​មួយ​ដែល​ពលរដ្ឋ​មិន​ចូលចិត្ត​អាន​សៀវភៅ ការនិពន្ធ​សៀវភៅ​ដែលមាន​កម្រាស់​ក្រាស់​ពេក និង​សាំញ៉ាំ​ពេក ពិបាកធ្វើ​ឲ្យ​អ្នកអាន​ចាប់ចិត្ត​ណាស់។ ម្ល៉ោះហើយ អ្នកនិពន្ធ​មួយចំនួន ប្រហែលជា​ត្រូវ​កែ​សម្រួល​ការសរសេរ​រ​បស់​ខ្លួន​ឡើងវិញ ប្រសិនបើ​គេ​មាន​បំណង​រួម​ចំណែក​ជំរុញ​ការអាន​នៅ​កម្ពុជា​មែន​នោះ។

សរុបសេចក្ដី​មកវិញ វា​នៅ​មិនទាន់​យឺត​ពេល​នៅឡើយ​ទេ ដើម្បី​បង្កើត​វប្បធម៌​អាន​សៀវភៅ​នៅ​កម្ពុជា។ ប៉ុន្តែ ដើម្បី​សម្រេច​ការងារ​នេះ គេ​ត្រូវការ​ការចូលរួម​ពីគ្រប់ៗគ្នា ទាំង​អ្នកអាន ទាំង​អ្នក​ដែល​ចង់​អាន​តែ​មិន​ចូលចិត្ត​អាន និង​អ្នកនិពន្ធ​ផ្ទាល់។ ជាថ្មី​ម្ដងទៀត ដើម្បី​ជំរុញ​ការអាន​សៀវភៅ​នៅ​កម្ពុជា គឺ​គ្មានអ្វី​ពិបាក​នោះទេ កុំ​ឲ្យ​តែមាន​ចិត្ត​រួញរា​ទៅបាន​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI