ម៉ាឡេស៊ី

តុលាការ​កំពូល​ម៉ាឡេស៊ី​ផ្តន្ទាទោស​អ្នក​ដឹកនាំ​បក្ស​ប្រឆាំង​ឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​

មេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ី Anwar Ibrahim, អមដោយភរិយាមកស្តាប់សវនាការតុលាកា៩កុម្ភៈ២០១៥
មេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ី Anwar Ibrahim, អមដោយភរិយាមកស្តាប់សវនាការតុលាកា៩កុម្ភៈ២០១៥ REUTERS/Stringer

 តុលាការ​កំពូល​ប្រទេស​ម៉ាឡេស៊ី ទើប​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ បញ្ជាក់​ពី​ការ​ផ្តន្ទាទោស​​លោក ​Anwar Ibrahim អ្នក​ដឹកនាំ​បក្ស​ប្រឆាំង​ម្នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ ពី​បទ​រួម​ភេទ​ជា​មួយ​បុរស។ មេ​បក្ស​ប្រឆាំង​នេះ ​តែងតែ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​បាន​និយាយ​ថា « នេះ​ជា​កលល្បិច​នយោបាយ​គូ​សត្រូវ​របស់​លោ ដើម្បី​អុកឡុក​រំខាន​​ មិន​ឲ្យ​លោក​អាច​ចូលរួម​ប្រឡូក​ក្នុង​ជីវិត​​នយោបាយ​នៅ​ក្នុង​ប្រទេស​​​។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អង្គារ​១០​កុម្ភៈ​នេះ ប្រធាន​តុលាការ​កំពូល​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្រុង Putrajaya ​បាន​ប្រកាស​បញ្ជាក់​​ពី​​ការ​ដាក់ទោស​​លោក Anwar Ibrahim អាយុ​៦៧​ឆ្នាំ ​​​​ឲ្យ​ជាប់​ពន្ធនាគារ​​៥​​ឆ្នាំ ​ពី​បទ​ប្រព្រឹត្ត​​អំពើ​​អនាចារ រួមភេទ​ជា​មួយ​បុរស​។ លោក Anwar Ibrahim ដែល​ជា​អ្នក​ដឹក​នាំ​បក្ស​​​ប្រឆាំង​​​​​ដ៏​ប្រជាប្រិយ​ម្នាក់​នៅ​ម៉ាឡេស៊ី ​ កាលពីឆ្នាំ​ទៅ ធ្លាប់​​បាន​​ប្តឹង​​តវ៉ា​​សើរី​​សំណុំ​រឿង​​​របស់​លោក​ឡើង​វិញ ក៏​ប៉ុន្តែ​ត្រូវ​បាន​ចៅក្រម​បដិសេធ។

 
ការ​ប្រកាស​ទោស​របស់​រដ្ឋអាជ្ញា​នៃ​តុលាការ​កំពូល​ម៉ាឡេស៊ី​នេះ បាន​ធ្វើ​​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​​ជាច្រើន​រូប រួម​ទាំង​ក្រុម​អ្នក​កាសែត​និង​​ក្រុម​គ្រួសារ​របស់​លោក​អ៊ីប្រាហ៊ីម​ដែល​មាន​វត្តមាន​យ៉ាង​ច្រើន​កកកុញ​នោះ មាន​ភាព​ស្រឡាំងកាំង​យ៉ាង​ខ្លាំង។

ក្រុម​បក្ស​ប្រឆាំង ដែល​ធ្លាប់​បាន​លើក​និយាយ​ជា​ច្រើន​ដង​ច្រើនសារ​មក​ហើយ បាន​បញ្ជាក់​ថា សំណុំរឿង​របស់​មេ​គណបក្ស​ខ្លួន​គឺមាន​គោលដៅ ដើម្បី​កំចាត់​លោក​អាន​វ៉ា​អីប្រាហ៊ីម ឲ្យ​ខ្ទាត​ចេញ​​​ពីឆាក​​​នយោបាយ​នៅក្នុង​ប្រទេស​។ ក្នុងន័យដូចគ្នាដែរ លោក John Malott អតីត​​ឯកអគរដ្ឋទូត​អាមេរិក​នៅ​ម៉ាឡេស៊ី​នាចុង​ទស្សវត្តន៍​១៩៩០ ក៏​ធ្លាប់​បាន​​លើក​និយាយ​ដែរ​​នៅ​មុន​ពេល​បើក​សវនាការ​រ- ថា​សវនាការនេះ ជា​រឿង​នយោបាយ​មួយ​ដែល​មាន​បំណង​បំផ្លាញ​ជីវិត​នយោបាយ​ដ៏​សកម្ម​របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង​នេះ​។

ដោយនៅ​ជំនាន់​នោះ​​ លោកអានវ៉ាអ៊ីប្រាហ៊ីមធ្លាប់​កាន់តំណែងជាឧបនាយក​រដ្ឋមន្ត្រី​និង​ត្រូវ​បាន​ដក​ចេញ​ពី​តំណែងកាលពីឆ្នាំ១៩៩៨។ កាលណោះ លោកបានត្រូវជាប់ពន្ធនាគារ៦ឆ្នាំ ពីបទពុករលួយ​និងបទរួមភេទជាមួយបុរស។ នៅ​ម៉ាឡេស៊ី​ប្រទេស​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម អំពើ​រួម​​ភេទ​ជា​មួយ​បុរស គឹ​ជា​ទោស​ឧក្រឹដ្ឋ​ដែល​អាច​ជាប់​ទោស​រហូត​ដល់​ទៅ២០ឆ្នាំ។

 គួរំលឹកថា លោកអានវ៉ាអ៊ីប្រាហ៊ីម គឺ​ជា​សកម្មជន​កំណែ​ទម្រង់​មួយ​រូប​ដែល​ធ្លាប់​បាន​សន្យា​​ថា​​នឹង​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​ក៏​ព្រម​ទាំង​ស្វែង​រក​លិទ្ធិ​ ប្រជា​ធិបតេយ្យ​​​​ពិត​​ប្រាកដ​ជូន​ប្រទេសជាតិ។ ​​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI