កម្ពុជា

អតីតគរុនិស្សិត ដាក់ ញត្តិ​ទៅ​ក្រសួង​អប់រំ​ ដើម្បី​ទាមទារ​ប្រាក់​អាហារូបករណ៍​៨​ខែ​

ក្រសួងអប់រំ យុវជន និង កីឡា។
ក្រសួងអប់រំ យុវជន និង កីឡា។ @Google

អតីត​គរុ​និស្សិត​មន្ដ្រី​រាជការ កម្រិត​ឧត្តម ជំនាន់​ទី​១៩ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ជាង​៤០០​នាក់ បាន​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទាមទារ​ប្រាក់​អាហារូបករណ៍​ចំនួន​៨​ខែ។ ​បើ​តាម​គរុនិស្សិត ​ប្រាក់​អាហារូបករណ៍​នោះ ​ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បដិសេធ​មិន​ផ្ដល់​ជូន​ទេ។ ការ​បដិសេធ​នេះ ត្រូវ​បាន​ក្រុម​គរុនិស្សិត​អះអាង​ថា ផ្ទុយ​ពី​ខ្លឹមសារ​នៃ​អនុក្រឹត្រ​របស់​រាជរដ្ឋាភិបាល​។

ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០២​ខែ​មីនា​នេះ តំណាង​អតីត​គរុនិស្សិត​កម្រិត​ឧត្តម​ជំនាន់​ទី​១៩ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ឲ្យ​ក្រសួង​ធ្វើ​អន្តរាគមណ៍​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទាមទារ​ផ្ដល់​ប្រាក់​អាហារូបករណ៍​ដល់​គរុនិស្សិត​ចំនួន​៤៦១​នាក់​។ 

បើ​តាម​ញត្តិ​ដែល​វិទ្យុ​បារាំង​អន្ដរជាតិ​ទទួល​បាន អតីត​គរុ​និស្សិតបាន​អះអាង​ថា នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៣ ២០១៤ រាជរដ្ឋាភិបាល​កម្ពុជាបាន​ចេញ​អនុក្រឹត្រ​លេខ​១៧៤ អនក្រ បក ចុះ​ថ្ងៃ​ទី​០៥​ខែ​ឧសភា​ឆ្នាំ​២០១៤។ ជា​អនុក្រឹត្រ​ ស្ដី​ពី​ការ​ផ្ដល់​អាហារូបករណ៍​ចំនួន​៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ជូន​គរុសិស្ស និង​គរុនិស្សិត​ជា​មន្ដ្រី​រាជការ​គ្រប់​ប្រភេទ ដែល​ក្រសួង​ស្ថាប័ន​អនុញ្ញាត​ឲ្យ​ទៅ​ទទួល​ការ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​វែង​។ ញត្តិ​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ វិទ្យាស្ថាន​​ជាតិ​អប់រំ បាន​បើក​ប្រាក់​អាហារូបករណ៍​ដល់​អតីត​គរុនិស្សិត​ជំនាន់​ទី​១៩ ចំនួន​២​ខែ​រួច​ហើយ គឺខែ​វិច្ឆិកា និង​ខែ​ធ្នូ​។ ប៉ុន្តែ​ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ​សីហា ឆ្នាំ​២០១៤ វិទ្យាស្ថាន​ជាតិ​អប់រំ មិន​បាន​បើក​ប្រាក់​អាហារូបករណ៍​ឲ្យ​អតីត​គរុនិស្សិត​នោះ​ទេ​។

បើ​តាមតំណាង​អតីត​គរុនិស្សិត ​លោក ងិន សុផល វិទ្យាស្ថាន​ជាតិ​អប់រំ​បាន​អះអាង​ថា ប្រាក់​អាហារូបករណ៍​ប្រចាំ​ខែ​ជូន​គរុនិស្សិត​ជា​មន្ដ្រី​រាជការ មិន​ត្រូវ​បាន​បើក​ជូន​ទេ ដោយ​យោង​តាម​សេចក្ដី​សម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ប្រភព​ដដែល​បញ្ជាក់​ថា សេចក្ដី​សម្រេច​នេះ អនុវត្ត​តែ​ចំពោះ​អតីត​គរុនិស្សិត​ជា​មន្ដ្រី​រាជការ​ដែល​បណ្ដុះ​បណ្ដាល​នៅ​វិទ្យាស្ថាន​ជាតិអប់រំ​តែ​ប៉ុណ្ណោះ ចំណែក​នៅ​តាម​បណ្ដា​គរុកោសល្យ​ភូមិភាគ​ផ្សេង​ៗ​វិញ គឺ​មិន​បាន​អនុវត្ត​ទេ​។ លោក ងិន សុផល ថា សេចក្ដី​សម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច​នេះ គឺ​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​អនុក្រឹត្រ​របស់​រាជរដ្ឋាភិបាល​ និង​ស្នើ​ឲ្យ​ក្រសួង​អប់រំ ធ្វើ​អន្តរាគមន៍​ជុំ​វិញ​រឿង​នេះ​។
 

រហូត​មក​ទល់​ម៉ោង​១១ ព្រឹក​ថ្ងៃ​ចន្ទ​ទី​០២​ខែ​មីនា​នេះ ញត្តិ​របស់​ក្រុម​អតីត​គរុនិស្សិត​ត្រូវ​បាន​តំណាង​រដ្ឋបាល​នៃ​ក្រសួង​អប់រំ​ទទួល​យក​ហើយ ហើយ​បាន​សន្យា​ថា នឹង​ធ្វើ​ការ​បំភ្លឺ ក្នុង​ពេល​៧​ថ្ងៃ​ខាង​មុខ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI