គ.ជ.ប ថ្មីត្រូវគេរំពឹងថា ប្រសើរជាងគ.ជ.ប ចាស់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីសមាជិកថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ចំនួន៩រូប ត្រូវបាន ជ្រើសរើសជាផ្លូវការដោយរដ្ឋសភាជាតិ អ្នកតាមដានសភាពការណ៍នយោបាយនៅប្រទេស កម្ពុជាមើលឃើញថា ជាប្រវត្តិសាស្ត្រថ្មីមួយ ដែលប្រទេសកម្ពុជាសង្ឃឹមថានឹងពាក់ស្លាក ឯករាជ្យ អព្យាក្រិត្យ នៅមានកំរិត។ ក៏ប៉ុន្តែក្តីបារម្ភនៅតែមាន ដោយសារសមាសភាពសមាជិក គ.ជ.ប ថ្មីនេះជាអតីតអ្នកគាំទ្រគណបក្សជាប់ឆ្នោតទាំងពីរ។ទោះចង់មិនចង់ទាំងអ្នកអបអរ ទាំងអ្នករិះគន់ចាំបាច់ត្រូវតែទទួលយក ដោយសារទំនាស់ដ៏ធំបំផុតក្រោយការបោះឆ្នោតកន្លងមកត្រូវគេទំលាក់ទៅលើអាជ្ញាកណ្តាលគឺ គ.ជ.ប។
ភាពចម្រូងចម្រាស់ទាក់ទងទៅនឹងការបោះឆ្នោតស្ទើរ គ្រប់អាណត្តិនៅប្រទេសកម្ពុជាកន្លងមក គឺត្រូវបានគេទំលាក់ការទទួលខុសត្រូវទៅលើអាជ្ញាកណ្តាល ពោលគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នេះឯង។ក៏ប៉ុន្តែសម្រាប់ការបោះឆ្នោតជាលើកដំបូងរបស់
ប្រទេសនេះនៅឆ្នាំ១៩៩៣ គឺគេបន្ទោសម្តងដែរទៅលើអង្គការសហប្រជាជាតិដែលជាអ្នករៀបចំការបោះឆ្នោតនៅពេលនោះ។
យើងឃើញថាអស់រយៈពេលជាង២២ឆ្នាំមកនេះ ប្រទេសកម្ពុជាទើបតែរកឃើញអាជ្ញាកណ្តាល មួយក្រុមមានគ្នា៩នាក់ ដែលគេសង្ឃឹមថាការបោះឆ្នោតលើកក្រោយៗនឹងទទួលបានភាពកក់ក្តៅ និងជឿទុកចិត្តបានកំរិតណាមួយពីគ្រប់ភាគីនយោបាយ ដែលពាក់ព័ន្ធ។
តាមរយៈការផ្តល់សេចក្តីទុកចិត្តពីសំណាក់សមាជិកសភាកាលពីម្សិលមិញដោយសម្លេង ១១៣ លើ១១៧ បង្ហាញថានៅពេលនេះ គ.ជ.ប ថ្មី បានចេញរូបរាងឡើង ដោយមានសមាសភាពចំរុះ ខុសពីគ.ជ.ប មុនៗដែលសមាសភាពនៃស្ថាប័ននេះ ប្រកបដោយការរិះគន់។
ជាការពិតអ្វីៗតែងមានការវិវត្តន៍ទៅមុខ មានការប្រែប្រួល និងទៅតាមលំអាននៃការផ្លាស់ប្តូរ តួយ៉ាងដូចជាស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.បជាដើម។ កំណែទម្រង់លើកនេះ ស្របតាមការចង់បានរបស់មហាជនមួយចំនួន ក៏ប៉ុន្តែមួយចំនួនទៀតក៏សម្តែងការមិនសប្បាយចិត្តដែរ ដោយមានការចោទប្រកាន់ថា គ.ជ.ប ថ្មីនេះ នឹងនាំមកនូវស្រមោលការងារមិនខុសពី គ.ជ.ប ចាស់នោះទេ។
ការមានជំនឿឬគ្មានជំនឿលើស្ថាប័ន គ.ជ.ប ថ្មី អាស្រ័យទៅលើការអនុវត្តជាក់ស្តែង របស់មនុស្ស៩រូប បូករួមនឹងផ្នែកពាក់ព័ន្ធ និងច្បាប់ដែលបានចែងស្តីពីការប្រព្រឹត្តទៅនៃស្ថាប័ននេះ។
ជាទូទៅការមានស្ថាប័នរៀបចំការបោះឆ្នោតមួយដែលអព្យាក្រិត្យ ហើយគ្រប់គ្នាទន្ទឹងរង់ចាំយូរមកហើយនោះ មិនមែនជាការរង់ចាំស្រមោលមិនល្អពីអតីតកាលត្រលប់មកវិញនោះទេ។ទម្រាំបានប៉ុណ្ណេះ គណបក្សនយោបាយទាំងពីរបានពុះពារ កាត់ព្យុះភ្លៀង និងការបាញ់ចម្រុះពាក្យសម្តីប្រៀបបាននឹងផ្លែព្រួញរបស់ទាហ៊ានប្រយុទ្ធគ្នាក្នុងរឿងសាមកុក។ ក៏ប៉ុន្តែមតិបាញ់ចម្រុះដូចផ្លែព្រួញ ដែលមានបំណងចង់ឲ្យមានការកែប្រែល្អដែរនោះ មិនអាចរារាំងដំណើរវិវត្តន៍ទៅមុខ ក្នុងការបង្កើត គ.ជ.ប មួយដែលត្រូវការចាំបាច់ និងបន្ទាន់នោះបានទេ។
វាមិនថ្វីទេ ប្រសិនបើដំណើរការការងាររបស់ គ.ជ.ប ថ្មីនេះ ប្រព្រឹត្តិទៅ ដោយស៊ីសង្វាក់គ្នា
និងមានការយោគយល់គ្នា ហើយការអនុវត្តប្រកាន់ខ្ជាប់នូវមូលដ្ឋានច្បាប់ អាចចាត់ទុកថាជាការប្រែប្រួលមួយដ៏ធំ ដែលនាំទៅកាត់បន្ថយភាពចម្រូងចម្រាស់បានច្រើន ដែលខ្មែរធ្លាប់មានបន្ទាប់ពីមានការបោះឆ្នោតម្តងៗ។
ចំណុចមួយទៀតដែលគេមើលឃើញនោះគឺស្មារតីការងារអព្យាក្រិត្យក្នុងចំណោមសមាជិក
គ.ជ.ប ទាំងអស់សំខាន់ណាស់ ព្រោះថាកាយវិការនេះជួយឲ្យស្ថាប័នថ្មីនេះចៀសផុតពីការរិះគន់ជាប្រវត្តិសាស្ត្រ បើទោះណាជាកំណែតម្រង់នេះ ត្រូវគេជឿថានឹងមិនអាចប្រព្រឹត្តិទៅបាន ១០០ភាគរយ ក៏ដោយក៏គេយល់ថាមានការប្រែប្រួលមួយចំនួនធំដែរ។
ផ្ទុយទៅវិញ បើសមាជិក គ.ជ.ប ថ្មីដែលមានអតីតភាពជាអ្នកគាំទ្រគណបក្សនយោបាយនោះមិនមានឆន្ទៈក្នុងការចូលរួម លើកស្ទួយស្ថាប័នដ៏សំខាន់នេះពិតប្រាកដ ហើយនៅតែមានភាពលម្អៀងទៅរកគណបក្សរៀងៗខ្លួនទេ នោះមិនដឹងពេលណាទេ ដែលពលរដ្ឋខ្មែរមាន គ.ជ.ប មួយឯករាជ្យ និងអព្យាក្រិត្យ ដែលពួកគេស្រម៉ៃចង់បានដូចជាបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍នានានៅលើពិភពលោក។ហើយក៏មិនដឹងពេលណាទេដែលវិវាទក្រោយការបោះឆ្នោតត្រូវបានបិទបញ្ចប់។
ទោះយ៉ាងនេះក្តី គ.ជ.ប ដែលមានការចាប់អារម្មណ៍ច្រើនពីមហាជន និងមានការតាមឃ្លាំមើលចាប់តាំងពីដំណើរការដំបូងរហូតដល់ចុងបញ្ចប់ ព្រមទាំងបន្តឃ្លាំមើលពីការអនុវត្តជាក់ស្តែងទៅអនាគតទៀតនោះ នឹងមានលក្ខណៈប្រសើរជាង គ.ជ.ប ពីមុន ដែលស្ថាប័ននេះត្រូវគេវាយតម្លៃថាជាកម្មវត្ថុនៃភាពប្រេះឆារវាងខ្មែរនឹងខ្មែរបន្ទាប់ពីមានការបោះឆ្នោតម្តងៗ។
ក៏ប៉ុន្តែមតិនានាដែលសម្តែងការព្រួយបារម្ភកន្លងមក ចាត់ទុកថា វាជាការដល់ពេលហើយ ដែល ខែ្មរចាប់ផ្តើមមានទំនុកចិត្តនឹងគ្នា នៅពេលប្រកួតប្រជែង ក្រោមការមើលខុសត្រូវពី
អាជ្ញាកណ្តាលមួយ ដែលម្ចាស់ឆ្នោតទន្ទឹងរង់ចាំជាង២០ឆ្នាំមកហើយនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ