ទស្សនៈព្រឹត្តិការណ៍ខ្មែរ

នៅ​​ពេល​​ដែល​​សង្គម​​ស្ថិត​ក្រោម​​ឥទ្ធិពល​​នៃ​​គ្រឿង​​ស្រវឹង!

សំឡេង ០៤:៤៦
សកម្មភាពទិញលក់គ្រឿងស្រវឹងក្នុងពេលចូលឆ្នាំថ្មី នៅទីជនបទ
សកម្មភាពទិញលក់គ្រឿងស្រវឹងក្នុងពេលចូលឆ្នាំថ្មី នៅទីជនបទ RFI/Im Navin

ពេល​មាន​ពិធី​បុណ្យ​ធំ​ម្តងៗ ដូចជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជា​ដើម គ្រឿង​ស្រវឹង​បាន​ក្លាយ​ជា​ទំនិញ​ដែល​លក់​ដាច់​បំផុត​មួយ។ នេះ​ស​បញ្ជាក់​ថា សង្គម​ខ្មែរ​ហាក់​ដូច​ជា​កំពុង​រង​ការ​វាយ​លុក​យ៉ាង​ពេញ​ទំហឹង​ពី​គ្រឿង​ ស្រវឹង។ គ្រឿង​ស្រវឹង​ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រភព​បង្ក​បញ្ហា​ធំ​ធេង​ណាស់​ដល់​ សង្គម។ ជាក់​ស្តែង គ្រោះ​ថ្នាក់​ចរាចរណ៍​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ដើម ភាគ​ច្រើន​មាន​ប្រភព​មក​ពី​គ្រឿង​ស្រវឹង។ នេះ​នៅ​មិន​ទាន់​រាប់​គ្រោះថ្នាក់​ដល់​សុខភាព​ផង​ទេ។ តើ​ហេតុអ្វី​បានជា​គ្រឿង​ស្រវឹង​មាន​ឥទ្ធិពល​ខ្លាំង​ម្ល៉េះ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ?

ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ផលិតផល​ដែល​គេ​ផ្សព្វផ្សាយ​ច្រើន​ជាង​គេ​ទៅ​ដល់​សាធារណជន គ្រឿង​ស្រវឹង​គឺជា​ផលិត​ផល​លេច​ធ្លោ​ជាង​គេ​មួយ​ជា​ពិសេស​ក្នុង​ពេល​មាន​ពិធី​បុណ្យ​ធំៗ​ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​នេះ​ជា​ដើម។ ផលិត​ផល​គ្រឿង​ស្រវឹង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ដោយ​បង្ហាញថា វា​ជា​តំណាង​ឲ្យ​ក្តី​សប្បាយ​រីករាយ ជា​ភាពទាន់​សម័យ ជា​កិត្តិយស​និង​ជា​សុភមង្គល​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សង្គម​ខ្មែរ។

ប៉ុន្តែ នៅ​លើ​ទិដ្ឋភាព​ជាក់ស្តែង​វិញ គ្រឿង​ស្រវឹង​បាន​បង្ក​បញ្ហា​រាប់​រាយ​ជំពូក​គួរ​ឲ្យ​ព្រឺ​ខ្លាច៖ ហេតុ​ផល​ដ៏​សំខាន់​មួយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​សម្លាប់​មនុស្ស​៥​នាក់​យ៉ាង​តិច​ក្នុង​មួយថ្ងៃ​គឺ​បណ្តាល​មក​ពី​ការ​បើក​បរ​ក្នុងស្ថានភាព​ស្រវឹង។ បទឧក្រិដ្ឋ​ជា​ច្រើន​ជា​ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​ជា​បញ្ហា​ធំធេង​សម្រាប់​សង្គម​ខ្មែរ​ក៏​មាន​ចំណែក​យ៉ាង​សំខាន់​មក​ពី​គ្រឿង​ស្រវឹង។ គ្រឿង​ស្រវឹង​ក៏​បង្ក​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព និង​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​ដល់​គ្រួសារ​ខ្មែរ​ជា​ពិសេស​គ្រួសារ​អ្នកក្រីក្រ។

ក៏​ប៉ុន្តែ ផល​វិបាក​ដ៏​ធំ​ធេង​ទាំង​នេះ​ហាក់​មិន​សូវ​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ទេ។ ផ្ទុយ​ទៅ​វិញ ភាព​គគ្រឹក​គគ្រេង​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​អំពី​គុណសម្បត្តិ​នៃ​គ្រឿង​ស្រវឹង​បាន​លុប​បាត់​ស្ទើរ​ទាំង​ស្រុង​ទៅ​លើ​គុណវិបត្តិ​របស់​វា។ ជាក់​ស្តែង នៅ​រាល់​ពិធី​ជប់​លាង អាពាហ៍ពិពាហ៍ ក៏​ដូច​ជា​ពិធី​ជួប​ជុំ​នានាៗ​ដែរ គ្រឿង​ស្រវឹង​នៅ​តែ​ជា​ជម្រើស​ដែល​មិន​អាច​ខ្វះ​បាន។ នៅ​ឯ​ភោជនីយដ្ឋាន​និង​ក្លឹប​រាត្រី​ឯណោះ​វិញ គ្រឿង​ស្រវឹង​រឹត​តែ​ពេញ​និយម​ថែម​ទៀត។
ជា​ការ​ពិត​ណាស់ កម្ពុជា​មិន​មែន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​ចរាចរណ៍​គ្រឿង​ស្រវឹង​នោះឡើយ។ នៅ​លើ​ពិភព​លោក​នេះ ឧស្សាហកម្ម​គ្រឿង​ស្រវឹង​បាន​រីក​លូត​លាស់​យ៉ាង​ខ្លាំង​នៅ​គ្រប់​ទិស​ទី។ ប៉ុន្តែ អ្វី​ដែល​ខុស​ប្លែក​គ្នា​ពី​ប្រទេស​មួយ​ទៅ​មួយ​ទៀត​គឺ​ត្រង់​កម្រិត​នៃ​ការ​ប្រើប្រាស់​តែ​ប៉ុណ្ណោះ។ ការ​ប្រើ​ប្រាស់​វា​ក្នុង​កម្រិត​សមរម្យ​ក៏​មិន​មែន​ជា​រឿង​អាក្រក់​ដែរ។ ប៉ុន្តែ អ្វីដែល​អាក្រក់​នោះ​គឺ​ការ​យក​ស្រា​ធ្វើ​ជា​ត្រីមុខ។

នៅ​ក្នុង​សង្គម​ខ្មែរ គ្រឿង​ស្រវឹង​ត្រូវ​បាន​ដូន​តា​ខ្មែរ​ចាត់​ទុក​ជា​«អបាយមុខ»​មួយ​ក្នុង​ចំណោម​អបាយមុខ​ទាំង​បី​ដែល​គួរ​ចៀស​វាង៖ «ស្រី ស្រា និង​ល្បែង»។ ចៀស​វាង​ពី​ព្រោះ​តែ​ដូន​តា​ខ្មែរ​បាន​យល់​ច្បាស់​ណាស់​អំពី​គ្រោះថ្នាក់​នៃ​ជាតិ​ស្រវឹង។ ម្យ៉ាង​ទៀត គ្រឿ​ស្រវឹង​ក៏​ត្រូវ​បាន​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ហាម​ប្រាម​ផង​ដែរ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ នៅ​កម្ពុជា មនុស្ស​គ្រប់​មជ្ឈដ្ឋាន​សង្គម​ហាក់​ដូច​ជា​កំពុង​រង​ការ​វាយ​លុក​យ៉ាង​ពេញ​ទំហឹង​ជាងពេល​ណាៗ​ទាំង​អស់ពី​សំណាក់​អបាយ​​មុខ​ទាំង​បី។

គ្រឿង​ស្រវឹង​កំពុង​ត្រូវបាន​គេ​គេ​ប្រែ​ក្លាយ​វា​ឲ្យ​ទៅជា​និមិត្តរូប​នៃ​មោទនភាព​ជាតិ និង​ជា​តំណាង​ឲ្យ«បេះដូងខ្មែរ»។ គ្រឿង​ស្រវឹង​អាច​រក​ទិញ​បាន​គ្រប់​ទិស​ទី និង​អាច​ប្រើប្រាស់​បាន​ដោយ​សេរី​សម្រាប់​មនុស្ស​គ្រប់​វ័យ។ មនុស្ស​ជា​ច្រើន​កំពុង​យក​ស្រា​ធ្វើ​ជា​ត្រី​មុខ​ទៅ​ហើយ។ តើ​នេះ​មិន​មែន​មាន​ន័យ​ថា មនុស្ស​ខ្មែរ​កំពុង​ដើរ​ផ្ទុយ​ពី​សីលធម៌​សង្គម​របស់​ខ្លួន​ទេ​ឬ? ការ​ធ្លាក់ចុះ​សីលធម៌​នេះហើយ​ដែល​ធ្វើ​ឲ្យ​សង្គម​ព្រះពុទ្ធសាសនា​មួយ​នេះ​កំពុង​បាត់បង់​លំនឹង ហើយ​បើក​ច្រក​ឲ្យ​អំពើ​អសីលធម៌​មាន​ប្រៀប​លើ​សី​ធម៌ អំពើ​អយុត្តិធម៌​មាន​ប្រៀប​លើ​យុត្តិធម៌ ឬក៏​មនុស្ស​ទុច្ចរិត​អាច​យក​ប្រៀប​លើ​មនុស្ស​សុចរិត​ជា​ដើម។ គឺ​ជា​ភាព​ក្រឡាប់​ចាក់​គួរ​ឲ្យ​ព្រឺ​ខ្លាច។

ដូច្នេះ ដើម្បី​លើក​ស្ទួយ​តម្លៃ​សីលធម៌​សង្គម​ឡើង​វិញ ការ​វៀរ​ចាក​អបាយ​មុខ​ទាំង​បី​ជា​ពិសេស​គ្រឿង​ស្រវឹង​គឺ​ជា​កិច្ច​ការ​ដែល​ត្រូវ​ផ្តើម​ធ្វើ​ជា​ចាំបាច់។ គោល​នយោបាយ​ជាតិ​ស្តីពី​គ្រឿង​ស្រវឹង​ជិត​ចេញ​ជា​រូបរាង​ហើយ។ រីឯ​វិធានការ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ក៏​ត្រូវ​បាន​ចាត់ជា​បណ្តើរៗ​ដែរ។ នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។ ប៉ុន្តែ ការ​យក​ឈ្នះ​គ្រឿង​ស្រវឹង​បាន​ឬ​មិន​បាន​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​និង​មនសិការ​របស់​មនុស្ស​ច្រើន​ជាង។
ប្រសិនបើ​សមត្ថកិច្ច​រដ្ឋាភិបាល​យល់​ថា​ខ្លួន​មាន​កាតព្វកិច្ច​ធានា​សុខមាល​ភាព​សង្គម ប្រសិន​បើ​អ្នក​ផលិត​គ្រឿង​ស្រវឹង​យល់​ថា​ខ្លួន​មិន​គួរ​ចង់​បាន​ចំណេញ​ហួស​ហេតុ​លើ​គំនរ​ទុក្ខសោក អ្នកដទៃ និង​ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​យល់​ថា មិន​គួរ​អនុញ្ញាត​ឲ្យ​អបាយ​មុខ​ទាំង​ឡាយ​ដឹកមុខ​ទេ​នោះ សីលធម៌​សង្គម​ខ្មែរ​នឹង​វិល​ត្រឡប់​មក​វិញ​ជា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គ្មាន​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ​នោះ បេះដូង​ខ្មែរ​នឹង​ច្បាស់​ជា​ជោ​គជាំ​ដោយ​គ្រឿង​ស្រវឹង​ពិបាក​កែ​យ៉ាង​ពិត​ប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI