អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពុល​​ពេញ​​ភូមិ​​រក​​មូលហេតុ​​មិន​ឃើញ​​ឬក៏​​ជា​​ទំលាប់​​នៃ​​របៀប​​ធ្វើ​​ការ​ដែល​​លាក់កំបាំង?​

សំឡេង ០៤:៣៨
ប្រជាពលរដ្ឋសម្រាកព្យាបាលដោយសារការពុលអាហារនៅខេត្ត​សៀមរាប។​
ប្រជាពលរដ្ឋសម្រាកព្យាបាលដោយសារការពុលអាហារនៅខេត្ត​សៀមរាប។​ @Kim Sophea/Facebook
ដោយ៖ ញឹម សុផល
២៧ នាទី

ការ​ពុល​​នំប៉័ង​​ដាក់​សាច់​​ដល់​​ទៅ​​ពីរ​លើក​​នៅ​​ខេត្ត​សៀមរាប​ មិន​ត្រូវ​​បាន​​រក​ឃើញ​​មូលហេតុ​​ឡើយ​​អស់​​រយៈពេល​​មួយ​ខែ​​ទៅ​ហើយ។ ​ការ​ពុល​​បែបនេះ​​នៅ​តែ​​បន្ត​​កើតឡើង​​ទៀត​​នៅ​តាម​បណ្តា​​​ខេត្ត​ ប្រសិន​​​ណា​​​នៅតែ​​​បណ្តែត​បណ្តោយ​ ឲ្យ​​មាន​ការ​​លក់​ដូរ​​គ្រឿង​​បរិភោគ​​ដោយ​​មិន​មាន​​ការ​ណែនាំ ​និង​​ត្រួត​ពិនិត្យ​​ត្រឹមត្រូវ។​ការ​​បណ្តោយ​​​ឲ្យ​​មាន​​ការ​ពុល​​អាហារ​​ម្តង​​ហើយ​​ ម្តង​ទៀត​ ដោយ​​គ្មាន​​អ្នក​ទទួល​ខុសត្រូវ​ វា​​នឹង​ធ្វើ​​ឲ្យ​​ប៉ះពាល់​​ដល់​​សុខភាព​​ប្រជាពលរដ្ឋ​ ហើយ​​ទី​បំផុត​​​ទៅ​​អនាគត​​ធនធាន​មនុស្ស​​ខ្មែរ​​អាច​​ប្រឈម​​នឹង​​ភាព​ចុះ​ខ្សោយ​​ទាំង​​ បញ្ញា​​និង​​រាង​កាយ។

ផ្សាយពាណិជ្ជកម្ម

ការពុល​អាហារ​បានកើត​ឡើង​ជាប​ន្ត​បន្ទាប់​គ្នា​ជាពិសេស​ហេតុការណ៍​នេះ​ច្រើន​កើតឡើង​នៅតាម​បណ្តា​ខេត្ត​នានា។ គ្រាន់តែ​ក្នុង​រយៈពេល​មិន​ដល់​មួយខែ​ត្រឹមត្រូវ​ផង​ករណី​ពុល​អាហារ​ជាប្រភេទ​​​​នំប៉័ង​ដាក់​សាច់ បាន​កើតឡើង​ពីរលើក​ទៅហើយ​នៅក្នុង​ខេត្តសៀមរាប។ នៅ​ថ្ងៃទី២១ខែមេសាថ្មីៗនេះ មាន​ប្រជាពលរដ្ឋ​ជាង២០នាក់​នៅក្នុង​ស្រុក​សូត្រ​និគម ត្រូវគេ​សង្ស័យថា​ពុល​នំប៉័ង​ដាក់​សាច់ ហើយ​កាលពី​ចុងខែ​មុន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៦០០នាក់​នៅក្នុង​ស្រុក​ជីក្រែង​ក៏​ត្រូវគេ​សង្ស័យ​ដូចគ្នា​ដែរ បន្ទាប់ពី​ពួកគេ​បរិភោគ​នំប៉័ង​ដាក់​សាច់ ក្រោយ​ពី​បញ្ចប់ កម្មវិធី​ជួបជុំ​មួយ​ដែល​រៀបចំ​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក World Vision។

អ្នកពុល​រដូក​រណែល​ទាំង​ក្មេង​ទាំងចាស់​ទាំងពីរ​លើក ដោយ​មិន​រាប់បញ្ចូល​ករណីតូចៗ ផង​នោះ ត្រូវបាន​សង្គ្រោះ​ដោយ​សេរ៉ូម ម្នាក់​មួយ​ប្លោក ទៅ៣ប្លោក តាម​ធ្ងន់​តាម​ស្រាល ហើយ​ពេលនេះ​ពួកគេ​មាន​សុខ​ធម្មតា​វិញ​ហើយ។

អ្វីដែល​ជាការ​កត់សម្គាល់​នោះ​គឺ​បន្ទាប់ពី​មានការ​ផ្អើល​ឈូរ​ឆរ ពី​ការពុល​អាហារ​ទាំង​ភូមិ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះទៅ​ជួយ ព្រមទាំង​បើក​ការស៊ើបអង្កេត​នោះ បែរជា​រក​មិន​ឃើញថា​ការពុល​នោះ​បណ្តាលមកពី​អ្វី​ពិតប្រាកដ។ មន្ត្រី​ខ្លះ​ថា​មកពី​នេះ មន្ត្រី​ខ្លះ​ថា​មកពី​នោះ រក មូលដ្ឋាន​រួមមួយ​មិន​ឃើញថា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ពុល​នំប៉័ង​នោះ មកពី​អ្វី​ច្បាស់លាស់ មកពី​ជ្រក់ មកពី​ត្រសក់ មកពី​នំប៉័ង​ឬ​មក​អ្វី​ផ្សេងទៀត ដូចជា​អនាម័យ​ជាដើម។

អស់​រយៈពេល​មួយខែ​ទៅហើយ រហូតដល់​មានការ​ការពុល​ជាថ្មី​កើតឡើង នៅក្នុង​ខេត្ត​ដូចគ្នានេះ មូលហេតុ​ពិតប្រាកដ​មិន​ត្រូវគេ​រកឃើញ ហើយ​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ឡើយ។

មាន​សំណួរ​សួរថា បើ​គ្រាន់តែ​រឿង​ពុល​កំប៉ិកកំប៉ុក​ប៉ុណ្ណឹង​រក​មិន​ឃើញថា​មកពី​មូលហេតុ​អ្វី​ផង​នោះ តើ​គេ​រំពឹង​អ្វី​ទៅលើ​សុវត្ថិភាព​ចំណីអាហារ​របស់​ប្រជាពលរដ្ឋ ដែលមួយថ្ងៃៗកំពុង​រង​នូវសារធាតុ​គីមី​នៅក្នុង​ខ្លួន​គ្រប់គ្នា​ស្រាប់​ហើយ​នោះ។

មានកា​សង្ស័យថា ការយក​សំណាក​ទៅពិនិត្យ​រហូតដល់​កាំកុងត្រូល ឬក៏​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ហើយ​នោះ នៅតែ​រក​មិនឃើញ​ទៀត​នោះ តើ​អ្វី​ទៅ​ដែលជា​ការទទួលខុសត្រូវ​លើ​បញ្ហា​​សុខមាលភាព​​របស់​ប្រជាពលរដ្ឋ? ឬមួយ​ក៏​ការវិភាគ​សំណាក​ត្រូវបាន​ផ្នែក​ជំនាញ​រកឃើញ​ហើយ តែ​លាក់​មិន​ប្រកាស​ជា​សាធារណៈ ដើម្បី​ផលប្រយោជន៍​អ្វីមួយ?

បើ​អីចឹង​មែន​នោះ វា​ជា​កំហុសឆ្គង​មួយ​របស់​វិស័យ​សុខមាលភាព​សាធារណៈ​និង​ផ្នែក​ពាក់ព័ន្ធ​នានា​ក្នុង​រឿងនេះ ដោយហេតុថា គេ​គួរតែ​រក​មូលហេតុ​ឲ្យ​ឃើញថា​ពុល​មកពី​អ្វី ហើយ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ពី​សុវត្ថិភាព​ចំណីអាហារ ដើម្បី​ឲ្យ​ពួកគេ​ចេះ​ការពារ​និង​ពិចារណា​មុននឹង​បរិភោគ​អាហារ​ដែល​មិនមាន​ទំនុកចិត្ត​ផ្សេងៗ។

ម្យ៉ាងទៀត​គួរតែ​ល្មម​ដល់ពេល​មានការ​ណែនាំ និង រឹតបន្តឹង​ពី​បញ្ហា​អនាម័យ​សាធារណៈ​ហើយ ដោយ​សព្វថ្ងៃនេះ មាន​ប្រភេទ​អាហារ​ជាច្រើន​ខ្លះ​ខូចគុណភាព ខ្លះ​ធ្វើឡើង​ស្រេច​តែ​ចិត្ត​មិនមាន​អនាម័យ។ ប្រភេទ​អាហារ​និង​គ្រឿង​ហូបចុក​សម្រន់​ទាំងនោះ មានការ​ដាក់លក់​លាយឡំ​​​នឹង​​​ធូលី ​ខ្វះ​​ការ​ត្រួត​ពិនិត្យ​ មិនមាន​​ការ​បិទ​គ្រប​ ឬ​​វិចខ្ចប់​​ឲ្យ​​បាន​​ត្រឹមត្រូវ​ ខ្លះ​​ដាក់​​រទេះ​​​រុញ​​លក់​​ពាស​វាល​​ពាសកាល ​ប្រជែង​​ផ្សែង​​​យានយន្ត​​និង​​បរិយាកាស​​មិន​ល្អ​​ជា​​អន្លើ។​

អាហារ​​ដែល​​មិនមាន​​គុណភាព​ ហើយ​​ត្រូវ​គេ​លក់​​ដើម្បី​ឲ្យ​​​តែ​​បាន​​លុយ​​នោះ​​មិន​​ត្រឹមតែ​​បំផ្លាញ​សុខភាព​​របស់​​មនុស្ស​​ពេញវ័យ​ទេ​ នៅ​តាម​​សាលា​នានា​​ចាប់​ពី​​បឋមសិក្សា​​ឡើង​ទៅ ​អាហារ​​ដែល​​មិន​​ស្អាត​ ខ្វះ​​អនាម័យ​​ត្រូវ​បាន​​គេ​លក់​​ដោយ​​មិនមាន​​ការ​ត្រួតពិនិត្យ​​ត្រឹមត្រូវ​​ឡើយ​។

មានការ​សន្និដ្ឋានថា ប្រសិនបើ​បណ្តោយ​បែបនេះ អនាគត​ធនធានមនុស្ស​ខ្មែរ នឹងត្រូវ​ប្រឈម​​​នឹង​ការបាក់​ស្រុត​ទៅតាម​ហ្នឹង​ដូចគ្នា​ដែរ ដោយសារតែ​ជម្ងឺរ សុខ​ភាពមិន​មាំមួន ហើយ​បញ្ញា​ស្មារតី ក៏ត្រូវ​អន់ថយ។ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​គួរតែ​ប្រ​ញ៉ាប់​ប្រញ៉ាល់​ចាប់​អារម្មណ៍​លើបញ្ហា​នេះ និង​ធ្វើ​ឲ្យ​អស់ពី​បេះដូង ហើយ​កុំ​ធ្វើ​ដើម្បី​តែ​ធ្វើ ដោយ​កុំ​រង់ចាំ​នាយក​រដ្ឋមន្ត្រី​ស្រែកដូចជា​ករណី​មួយចំនួន​កន្លងមក។

ប្រសិនបើ​ការចាប់ផ្តើម​គិតគូរ​ពី​សុខភាព​ប្រជាពលរដ្ឋ​ប្រកបដោយ​ឆន្ទៈ​ពិតប្រាកដ​មែន​នោះ
នោះ​មិនទាន់​ហួសពេល​ទេ ប្រទេស​កម្ពុជា​អាច​ស្តារឡើងវិញ​បាន​ទាក់​ទង​​ទៅ​នឹង​សុខមាលភាព​​របស់​ប្រជាពលរដ្ឋ ហើយ​ប្រទេសជាតិ​នឹងមាន​សណ្តាប់ធ្នាប់​អនាម័យ​សាធារណៈ  ជាពិសេស​ការរិះគន់​ពី​ការមិន​យកចិត្តទុកដាក់​ពី​សុខមាលភាព​ប្រជាពលរដ្ឋ​ពី​សំណាក់​រដ្ឋាភិបាល​យ៉ាងហោចណាស់​ក៏​ត្រូវបាន​កាត់បន្ថយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ