អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អាជីវកម្ម​ហ្គេមកំសាន្ត​ជា​ច្រើន​​បំពុល​ធនធាន​មនុស្ស​ខ្មែរ​ តែ​កន្លង​មក​អាជ្ញាធរ​មូលដ្ឋាន​អត់​ដឹង​

សំឡេង ០៤:៥៨
សមត្ថកិច្ច ចាប់ទូហ្គេមបាញ់ត្រី
សមត្ថកិច្ច ចាប់ទូហ្គេមបាញ់ត្រី អគ្គស្នងការដ្ឋាននគរបាលជាតិ
ដោយ៖ ញឹម សុផល

នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​មិនទាន់​ក្លាយជា​ប្រទេសមួយ​ជឿនលឿន ប្រជាពលរដ្ឋ​ស៊ីវិល័យ​ហើយ​ធនធានមនុស្ស​នៅមានកំរិត​នៅឡើយ​នោះ គេ​ពុំគួរ​បណ្តែតបណ្តោយ​ឲ្យ​បង្កើតសេវាកម្ម​ហ្គេម​ដែលមាន​លក្ខណៈ​ពង្វក់​កុមារ​ក៏ដូចជា​យុវជន​នោះទេ។ទីតាំង​ហ្គេម​ខុសច្បាប់​មួយចំនួន​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​ត្រូវបាន​បង្ក្រាប និង​រឹបអូស​យកទៅ​កំទេចចោល កាលពីពេលថ្មីៗនេះ។សាលារាជធានី​ក៏ដូចជា​តាម​បណ្តា​ខេត្ត​ដែរ បាន​ប្តេជ្ញា​លុបបំបាត់​ល្បែង​ហ្គេម​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន នៅ​ដំណាច់ឆ្នាំ២០១៥នេះ ប្រសិនបើ​ធ្វើ​ខុសពី​ការណែនាំ។

ផ្សាយពាណិជ្ជកម្ម

ការ​ហាម​ឃាត់ ការ​រឹប​អូសទូ​ហ្គេម​គ្រប់​ប្រភេទ​ជាច្រើន យកមក​កំទេច​ចោល​ជា​សាធារណៈ​ត្រូវបាន​គេ​មើលឃើញ​នា​ដំណាក់កាល​ចុងក្រោយ​នេះ ដោយ​អាជ្ញាធរមាន​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​នានា​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ។

មើល​ទៅ​ការធ្វើ​បែបនេះ​ប្រហែល​មិនមែន​ជាការ​គ្រាន់តែ​ឲ្យ​មាន​ជា​រូបភាព​ដូចជា​ពេល​កន្លងទៅ​ទេ គឺ​បើតាម​សកម្មភាព​មាន​ភាពម៉ឺងម៉ាត់​គួរសម។ តែ​ប្រសិនបើ​ធ្វើជា​រូបភាព គ្រាន់តែ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចុះផ្សាយ​នោះ វា​ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្តាយ។

តាម​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទូ​ហ្គែ​ម​ដែលជា​ប្រភេទ​កំសាន្ត​ឬ​ស្លុត​ម៉ាស៊ីន គឺ​មិន​ប៉ះពាល់​ដល់​ការហាមឃាត់​ក៏ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​អត្ថន័យ​ទូទៅ​ប៉ុណ្ណោះ។សម្រាប់​ការ មើល ឃើញ ​ជាក់ស្តែង​ទូ​ហ្គេម ត្រូវគេ​ធ្វើ​អាជីវកម្ម​ហួស​ពី​តួនាទី​កំសាន្ត​ទៅទៀត។

សំងំ​លាក់ខ្លួន​នៅ​ជុំវិញ​ទីប្រជុំជន ជាពិសេស​សាលារៀន ទូ​ហ្គេម​គ្រប់​ប្រភេទ​បាន​ពង្វក់​និង​ទាក់ទាញ​យុវជន​ដែល​កំពុង​ពេញវ័យ​សប្បាយ​ផង និង​ពេញវ័យ​សិក្សា​ផង ឲ្យ​ប្រព្រឹត្ត​ល្បែង​នេះ​រហូត​ទាល់តែ​ភ្លេច​រៀន​ភ្លេច​សូត្រ ភ្លេច​បាយ​ភ្លេច​ទឹក។

មិន​ត្រឹមតែ​ទូ​ហ្គេម​ទេ ហ្គេមកុំព្យូទ័រ នៅក្រោម​សា្លក កាហ្វេ​អាំងទែណែត ក៏បាន​ឆ្លៀត​ទាក់ទាញ​កុមារ​តូចៗមួយចំនួន​ដែល​រៀន​នៅ​កំរិត​បឋមសិក្សា ឲ្យ​គេច​សាលា​ជា​ញឹកញយ​ផងដែរ។ភាព​ងប់ងល់​របស់​កុមារ​និង​យុវជន​ជាមួយនឹង ហ្គេម​អាំងទែណែត និង​ហ្គេម​បែប ស្លុត​ម៉ាស៊ីន មាន​សភាព​ស្រដៀងគ្នា។ប្រភេទ​មនុស្ស​ដែល​ចាំបាច់​នៅក្នុង​វ័យ​សិក្សា​ទាំងពីរ​នេះ ជា​ជនរងគ្រោះ ដោយសារតែ​ត្រូវ​ចំណាយ​ប្រាក់​ដែល​ឳពុក​ម្តាយ​ឲ្យ​សម្រាប់​ទៅ​រៀន យកទៅ​ចាយ​នៅក្នុង​ផ្ទះ​ហ្គេម​អស់។

ដោយ​ភាព​ងប់ងល់ ពួកគេ​អាច​បង្ក​ជា​សកម្មភាព អសន្តិសុខ​ក្នុងសង្គម​ទូទៅ និង​នៅក្នុង​សង្គម​គ្រួសារ នៅពេលដែល​ពួកគេ​ត្រូវការ​លុយ​ដើម្បី​ទិញ​កាក់​ឬ​ចាក់​ភ្នាល់ អាច​ជម្រុញ​ឲ្យ​ពួកគេ​ធ្វើអំពើ​អាក្រក់ ដូចជា​លួច ឆក់ ប្លន់ អ្នកដទៃ និង​ក្នុង​ក្រុមគ្រួសារ​ខ្លួនឯង​ជាដើម។
ជាទូទៅ​បាតុភាព​ដែល​បង្កឡើង​ដោយក្មេងៗ និង​យុវជន​មួយចំនួន​នៅក្នុង​សង្គម បាន​ជាប់ទាក់ទង​ទៅនឹង​វត្តមាន​នៃ​ទូ​ហ្គេម​នៅក្នុង​ប្រទេស​ជា​យូរ​មកហើយ ដោយ​គេ​បើកដៃ​ឲ្យ​លេង​ឬ​ប្រើប្រាស់​ខុស​ខ្លឹមសារ​នៃ​ល្បែង​កំសាន្ត។

សូមបញ្ជាក់ថា​ការបើក​បំរើសេវាកម្ម​ស្លុតម៉ាស៊ីន​ឬ​ហ្គេម​ប្រភេទប្លែកៗមួយចំនួន មានការ​អនុញ្ញាត​ពី​អាជ្ញាធរ និង​មួយចំនួនទៀត​បើក​ដោយ​គ្មាន​ច្បាប់ តែ​គេ​មិន​ជឿថា​អាជ្ញាធរមូលដ្ឋាន​ដែលមាន​ស្អេកស្កះ​មិនដឹង​នោះទេ។

សម្រាប់​ពេលនេះ​ការលុបបំបាត់​ល្បែង​ហ្គេម​ខុសច្បាប់​ត្រូវបាន​អនុវត្ត​យ៉ាងសកម្ម​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​មាន​យុទ្ធនាការ​រឹបអូស ប្រមែ​ប្រមូលបាន​រាប់រយ​គ្រឿង និង​ធ្វើ​ពិធី​កំទេចចោល ដោយមាន​ការចូលរួម​ពី​មន្ត្រី​តុលាការ​និង​ផ្នែក​ពាក់ព័ន្ធ​មួយចំនួន​ទៀត។

ដោយ​មិន​សំដៅ​ទៅលើ​កាស៊ីណូធំៗដែលមាន​ការអនុញ្ញាតិ​ពី​រដ្ឋ ទីតាំង​បំរើសេវាកម្ម​ហ្គេម​មានច្បាប់​នានា​នៅ​រាជធានី​ភ្នំពេញ​នឹងត្រូវ​បញ្ចប់​នៅ​ដំណាច់ឆ្នាំ២០១៥នេះ ប្រសិនបើ​អនុវត្ត​ខុសពី​ការអនុញ្ញាតិ។

ដូច្នេះ​ដើម្បី​កែប្រែ​សង្គម​ខ្មែរ និង​កាត់បន្ថយ​អំពើ​អបាយមុខ​នាពេល​បច្ចុប្បន្ន និង​កសាង​អនាគត​មួយ​ប្រកបដោយ ធនធានមនុស្ស​មាន​សមត្ថភាព ការអនុញ្ញាត​ឲ្យ​មាន​ល្បែង​ហ្គេម​ដែលមាន​លក្ខណៈ​ពង្វក់​គួរតែ​ត្រូវ​បញ្ឈប់ ដោយសារ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ចង់ដឹង​ចង់​លេង​ហ្គេម​ប្រភេទ​ថ្មី តាម​បច្ចេកវិជ្ជា​ជឿនលឿន​ស្ថិតនៅក្នុង​សភាព​ក្រីក្រ​នៅឡើយ។

វត្តមាន​របស់​ទូ​ហ្គេម ស្លុត​ម៉ាស៊ីន ដែល​បើក​ឲ្យ​ចូល​លេង​ពាសវាល​ពាសកាល​នឹង​ប៉ះពាល់​ដល់​អនាគត​របស់​យុវជន​ខ្មែរ ដែល​ពួកគេ​ត្រូវមាន​កាតព្វកិច្ច​កសាង​ជាតិ​ជំនួស​មនុស្សចាស់ៗដែល​បាត់បង់​ថាមពល​ការងារ។

សមត្ថកិច្ច​មូលដ្ឋាន​គួរតែបញ្ឈប់​ការ​ស៊ុមគ្រលុំ​ជាមួយ​ម្ចាស់​អាជីវកម្ម​ដែល​លួចលាក់ ដើម្បី​លាភសក្ការៈ ក្នុងន័យនេះ​ប្រជាពលរដ្ឋ​បានដឹង​យ៉ាងច្បាស់​ពី​ល្បែង​ហ្គេម​ខុសច្បាប់​ដែល​បាន​បើក​រកលុយ​នៅតាម​មូលដ្ឋាន​ដែល​គេ​រស់នៅ តែ​អាជ្ញាធរ​ទៅវិញ​ទេ​ដែល​ដឹង​ដែរ​ធ្វើ​មិនដឹង។

ស្របពេល​ជាមួយគ្នានេះ អគ្គស្នងការ​ប៉ូលីស​ជាតិ នាយឧត្តម​សេនីយ៍ នេត្រ សាវឿន ទើបតែ​បាន​ដាស់តឿន​កាលពីពេលថ្មីៗនេះ​ថា​នឹង​ដកដំណែង​មេ​ប៉ុស្តិ៍​ប៉ូលីស​មូលដ្ឋាន​ណា​ដែល​មិន​ព្រម​កែប្រែ​ឥរិយាបទ​អាក្រក់​របស់ខ្លួន។តែ​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា​ការ ព្រមាន ត្រង់ៗ ដល់​ប៉ុស្តិ៍ប៉ូលីស​មូលដ្ឋានចំនួន១៦៣៣ ដែលមាន​មន្ត្រី​ប៉ូលីស ១៥,០០០​នាក់​បំរើការ​ងារ​នៅ​ទូទាំងប្រទេស​នោះ មាន​ប្រសិទ្ធិភាព​កំរិតណា​នោះទេ ដោយហេតុថា​កន្លងមក​ការព្រមាន​លើ​រឿង​ជាច្រើនធ្ងន់ៗពី​នាយករដ្ឋមន្ត្រី​ផង​នៅតែមាន​អ្នកខ្លះ​មិនបាន​ធ្វើតាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ