ក្រុមស្រាវជ្រាវ ចេញផ្សាយរបាយការណ៍ពីការកាប់ឈើ ខណៈក្រសួងបរិស្ថានថា ការស្រាវជ្រាវនៅស្ទើរហើយទាមទារឲ្យកែសិន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមកិច្ចការស្រាវជ្រាវ ដោយសហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន នៅព្រឹកពុធ ទី២៦សីហានេះ បានចេញផ្សាយជាផ្លូវការនូវរបាយការណ៍មួយ ស្តីពីការកាប់ឈើខុសច្បាប់ជាប្រព័ន្ធ ការបំផ្លាញព្រៃឈើរដ្ឋ និងតំបន់ការពារ ក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ជារបាយការណ៍ផ្តោតសំខាន់លើការកាប់ឈើ របស់ក្រុមហ៊ុនទ្រីភាពគ្រុប ដែលតំណាងភាគីរដ្ឋាភិបាល យល់ថាមានលក្ខណៈមិនទាន់ស៊ីជម្រៅ ហើយទាមទារឲ្យកែតម្រូវនូវនិន្នន័យមួយចំនួនសិន មុនចេញផ្សាយ។ ប៉ុន្តែក្រុមស្រាវជ្រាវបញ្ជាក់ថា គេអាចកែត្រឹមអក្ខរាវិរុទ្ធប៉ុណ្ណោះ ហើយចំពោះស្ថិតិ និងទន្និន័យ គឺគេបានស្រាវជ្រាវយ៉ាងលម្អិត មានភស្តុតាងគ្រប់គ្រាន់ ល្មមនឹងអាចចេញផ្សាយជាផ្លូវការបាន ដោយមិនបាច់កែប្រែអ្វីទាំងអស់។
របាយការណ៍កម្រាស់ប្រមាណជាង ១២០ទំព័ររបស់ក្រុមកិច្ចការស្រាវជ្រាវ ដែលបានស៊ើបអង្កេតដោយសម្ងាត់ពីសកម្មភាពនានារបស់ក្រុមហ៊ុនទ្រី ភាពគ្រុប បានរកឃើញថា ក្រុមហ៊ុនទ្រីភាពគ្រុប នៅក្នុងខេត្តរតនគិរី និងស្ទឹងត្រែង បានរំលោភលើច្បាប់នៃប្រទេសកម្ពុជា និងច្បាប់អន្តរជាតិ ក្រោមមធ្យោបាយជាច្រើន រួមមានការកិបកេងបន្លំពន្ធលើប្រាក់ចំណូលថវិការដ្ឋ និងការប្រឹក្សាយោបល់ចំពោះការផ្តល់កិច្ចសន្យាកាប់ឈើ ការកាប់ឈើ និងការធ្វើឯកសារក្លែងបន្លំជាដើម។ ក្នុងរបាយការណ៍នេះ ក៏មានការបង្ហាញពីរចនាសម្ព័ន្ធ ការចែកចាយ និងដឹកជញ្ជូនឈើប្រណិត ថៅកែឈើ និងមេការនានារបស់ក្រុមហ៊ុនទ្រីភាពនេះទៀតផង។
ឆ្លងតាមការស្រាវជ្រាវ ក្រុមនេះ ថែមទាំងហ៊ានអះអាងក្នុងរបាយការណ៍របស់ខ្លួនទៀតថា សកម្មភាពកាប់ឈើទាំងនេះ មានការគាំទ្រដោយរដ្ឋាភិបាល អាជ្ញាធរមិនអនុវត្តច្បាប់ ឬអនុវត្តច្បាប់ការពារព្រៃឈើតិចតួចបំផុត។ ហើយប៉ូលិស ទាហាន ប៉េអឹម មន្ត្រីបរិស្ថាន ទាហានការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងសហគមន៍ព្រៃឈើមួយចំនួន ក៏បានចូលរួមពាក់ព័ន្ធតាមដំណាក់កាលជាច្រើន ក្នុងខ្សែសង្វាក់រកស៊ីកាប់ឈើផងដែរ។
លើសពីនេះ ក្រុមនេះ ក៏បានបង្ហាញពីស្ថិតិ និងទិន្នន័យជាក់លាក់ពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងទំហំដីជាច្រើន ដែលបានបាត់បង់ព្រៃឈើ ដោយសារតែសកម្មភាពរបស់ក្រុមហ៊ុនទាំងនេះផងដែរ។ ប៉ុន្តែផ្ទុយពីការបង្ហាញនៅក្នុងរបាយការណ៍ តំណាងក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងពិធីផ្សាយរបាយការណ៍នេះ បានអះអាងថា ស្ថិតិ និងទិន្នន័យ ជាពិសេសភស្តុតាង ដែលបង្ហាញក្នុងរបាយការណ៍ មានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ មិនស៊ីជម្រៅ និងខ្វះការសហការពីរដ្ឋាភិបាល។
លោកស្រ៊ុន ដារិទ្ធិ តំណាងក្រសួងបរិស្ថាន បានទទួលស្គាល់នៅចំនុចខ្វះខាត ក្នុងការអនុវត្តច្បាប់។ តែក៏បានសំណូមពរឲ្យមានការស្រាវជ្រាវជាថ្មី ដើម្បីចៀសវាងបញ្ហាចោទប្រកាន់តាមផ្លូវច្បាប់ ទៅកាន់អ្នកស្រាវជ្រាវ។ លោកថា របាយការណ៍ពេលនេះ ហាក់ដូចជាមានចេតនាចោទរដ្ឋាភិបាល ដោយខ្វះភស្តុតាង ដូច្នេះអ្នកស្រាវជ្រាវ អាចនឹងក្លាយជាជនរងគ្រោះវិញ ប្រសិនបើរកឃើញថា មានជាប់ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ ការបន្លំក្រដាសពន្ធ ឬការក្លែងឯកសារជាដើម។
ជុំវិញបញ្ហានេះ លោកសុត ពិសិដ្ឋ តំណាងក្រុមស្រាវជ្រាវរបាយការណ៍នេះ បានបញ្ជាក់ថា ពួកគេក៏បានត្រៀមខ្លួនហើយ ដើម្បីប្រឈមជាមួយនឹងរដ្ឋាភិបាល។ ហើយគេនឹងមិនកែប្រែអ្វីដែលបានរកឃើញនោះទេ លើកលែងតែការពិនិត្យលើអក្ខរាវិរុទ្ធឡើងវិញ។ មិនកែប្រែ ព្រោះក្រុមស្រាវជ្រាវ អះអាងថា បានធ្វើឡើងដោយផ្អែកលើភស្តុតាង សាក្សី និងបានចំណាយពេលវេលាយ៉ាងយូរ លើការវិភាគផ្នែកច្បាប់រួចរាល់ហើយ។
សូមបញ្ជាក់ថា ការចេញផ្សាយរបាយការណ៍នេះ ធ្វើឡើងស្របពេលដែលប្រជាសហគមន៍មួយចំនួន បានព្យាយាមស្វែងរកអន្តរាគមន៍ ដោយសារមានទុកកង្វល់ពីការបាត់បង់ព្រៃឈើ ដែលបានបណ្តាលឲ្យមានការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យជីវភាពរបស់ជនជាតិភាគតិច កាន់តែក្រីក្រ។ របាយការណ៍នាពេលនេះ ក៏ស្របពេលដែលរដ្ឋាភិបាល ទើបប្រកាសដកសិទ្ធិពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួន ដែលមិនមានសកម្មភាពផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ