ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គណបក្ស​រាជា​និយម ដែល​មាន​ដំបៅ​មិន​ចេះ​ជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​១៩ មករា ឆ្នាំ​មុន គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​របស់​គណបក្ស​រាជា​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ត្បិតអី គឺ​ជា​ថ្ងៃ​ដែល​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​របស់​អ្នក​អង្គម្ចាស់​នរោត្តម អារុណ​រស្មី និង​លោក ញឹក ប៊ុនឆៃ បាន​រួប​រួម​ជាមួយ​គណបក្ស​សង្គម​រាស្រ្ត​រាជា​ធិបតេយ្យ​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ។ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក សញ្ញាណ​នៃ​ការ​បែក​បាក់​គ្នា​ជា​ថ្មី​បាន​បង្ហាញ​ឡើង​នៅ​ពេល​ថ្មី​ៗ​នេះ។ មើល​ទៅ គណបក្ស​រាជា​និយម​ហ៊ុនស៊ិនប៉ិច នៅ​តែ​មាន​ដំបៅ​ ដែល​ព្យាបាល​មិន​ចេះ​ជា។

ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឬទ្ធិ (ស្តាំ) និង​លោ​ក ញឹក ប៊ុនឆៃ (ឆ្វេង)។​
ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឬទ្ធិ (ស្តាំ) និង​លោ​ក ញឹក ប៊ុនឆៃ (ឆ្វេង)។​
ផ្សាយពាណិជ្ជកម្ម

ភាព«មិនទុកចិត្តគ្នា» និងការ «ដណ្តើមអំណាចគ្នា» ទំនង នៅ​តែ​ជា​ដំបៅ​ដែល​មិន​អាច​ជា​សះ​បាន​ឡើយនៅ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​គណបក្ស​រាជា​និយម​ហ៊ុនស៊ិនប៉ិចដែល​អាច​ធ្វើ​ឲ្យ​គណបក្ស​នេះ ប្រឈម​នឹង​ការ​បែក​បាក់​គ្នា​ជា​ថ្មី ពិសេសតាម​រយៈ​ការ​បង្ហាញ​ទំនាក់​ទំនង​មិន​ល្អ រវាង​សម្តេច​ព្រះអង្គ នរោត្តម រណឬទ្ធិ ដែល​ជា​ប្រធាន​គណបក្ស និង​លោក ញឹក ប៊ុនឆៃ ដែល​ជា​អនុ​ប្រធាន​នៅ​ពេល​ថ្មី​ៗ​នេះ។

នៅក្នុងពិធី​ប្រគល់​ត្រា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​ដល់​គណៈកម្មាធិការ​ប្រតិបត្តិ​ទូទាំង​ប្រទេស ​ដែល​រៀបចំ​ធ្វើ​នៅ​ឯ​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ថ្ងៃ​ទី​១៦​ មករា ឆ្នាំ​២០១៦​កន្លង​ទៅ សម្តេច​ក្រុម​ព្រះ​នរោត្តម រណឬទ្ធិ បាន​មាន​បន្ទូល​ដោយ​បាន​ប្រកាស​បើក​ទ្វារ​ឲ្យ​មន្រ្តី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ណា​ដែល​មិន​ចូល​រួម​នៅ​ក្នុង​ពិធី​នេះ​ចាក​ចេញ​ពី​គណបក្ស​នេះ​តែ​ម្តង។ ក្នុង​នោះ​ ក៏​មាន​លោក ញឹក ប៊ុនឆៃ អនុប្រធាន​គណបក្ស​ផង​ដែរ។ សម្តេច​ក្រុម​ព្រះ ថែម​ទាំង​បាន​ព្រមាន​ទៅ​ដល់​មន្រ្តី​គណបក្ស​ទាំង​នោះ​ដែល​មាន​តំណែង​នៅ​ក្នុង​រាជរដ្ឋាភិបាល​ថា ព្រះអង្គ​នឹង​ប្រាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​កាត់​ប្រាក់​ខែ​របស់​ពួក​គេ ក្នុង​ករណី មិន​ជួយ​បរិច្ចាក​ជួយ​ទៅ​ដល់​គណបក្ស។

ភ្លាម​ៗ​នៃ​ការ​ប្រកាស​បែប​នេះ លោក ញឹក ប៊ុនឆៃ ដែល​ជា​អនុប្រធាន​ទី​២​នៃ​គណបក្ស​នេះ ​បាន​បង្ហើរ​សំលេង​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែរ​ថា នឹង​មិន​ចាក​ចេញ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​ដាច់​ខាត​លុះ​ត្រា​តែ​អស់​ជីវិត។ លោក ញឹក ប៊ុនឆៃ ថែម​ទាំង​បាន​វាយ​តម្លៃ​ទៅ​លើ​ការ​ដឹកនាំ​របស់​សម្តេច​ក្រុម​ព្រះនរោត្តម រណឬទ្ធិថា ការ​ដឹកនាំ​របស់​សម្តេច​ក្រុម​ព្រះ​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ ប្រជាប្រិយភាព​របស់​គណ​បក្ស​មាន​តែ​ធ្លាក់​ចុះ​។

ការ​ផ្លោង​ពាក្យ​សំដី​រវាង​ប្រធាន​គណបក្ស​និង​អនុប្រធាន​ដែល​ធ្លាប់​ជា​គូរ​បក្សដិបក្ខ​នឹង​គ្នា​នេះ បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​១៩ មករា​ឆ្នាំ២០១៥​កន្លង​ទៅ ពិត​ជា​មិន​បាន​ធ្វើ​ឲ្យ​មន្រ្តី​សម្តេច​ក្រុម​ព្រះនរោត្តម រណឬទ្ធិ និង លោក ញឹក ប៊ុនឆៃ ជា​នា​នឹង​គ្នា​ឡើង​វិញ​នោះ​ទេ។

ម្យ៉ាង​ទៀត ការ​ប្រកាស​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ កាល​ពី​ថ្ងៃ​ទី​១៦​មករា​ថ្មី​ៗ​នេះ ​ក៏​អាច​ជា​ការ​សងសឹកទៅ​លើ​លោក ញឹក ប៊ុនឆៃ ​ក៏​ថា​បាន។ ក៏​ប៉ុន្តែ វា​អាច​ជា​ការ​ត្រឹមត្រូវ​ម្យ៉ាង​ដែរ ដែល​ប្រធាន​គណបក្ស​មាន​អារម្មណ៍​មិន​ល្អ ចំពោះ​មន្រ្តី​ថ្នាក់​ក្រោម ឬ​អនុប្រធាន​របស់​ខ្លួន ដែល​បាន​បង្ហាញ​ចេតនា​មិន​គោរព ចំពោះ​ប្រធាន​គណបក្ស ដែល​មិន​ចូលរួម​បង្ហាញ​មុខ ឬ​មិន​ចូលរួម​ហែរ​ហម អម​ដំណើរប្រធាន​នៅ​ក្នុង​ពិធី​សាធារណៈ​បែប​នេះ។

ក៏​ប៉ុន្តែ​ក្នុង​ហេតុផល​អ្វី​ក៏​ដោយ ការ​ប្រកាស​របស់​ព្រះអង្គ​ម្ចាស់ នរោត្តម រណឬទ្ធិ ជា​សាធារណៈ​បែប​នេះ ចង់​មិន​ចង់ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា គណបក្ស​រាជា​និយម​ដ៏​ធំ​មួយ​នេះ កំពុង​ជួប​បញ្ហា​បែក​បាក់​ផ្ទៃ​ក្នុង​ជា​បន្ត​ទៀត ក្រោយ​ការ​រួបរួម​គ្នា​រយៈ​ពេល​១​ឆ្នាំ​មក​នេះ។

តាម​ពិត​ទៅ​ ទំនាក់​ទំនង​មិន​ល្អ រវាង​ព្រះអង្គ​ម្ចាស់ នរោត្តម រណឬទ្ធិ និង លោក ញឹក ប៊ុនឆៃ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ នោះ​បើ​គេ​នឹក​ទៅ​ដល់​ព្រឹត្តិការណ៍កាល​ពី​ខែ​តុលាឆ្នាំ​២០០៦ដែល​បាន​បណ្តេញ​ព្រះអង្គ​ម្ចាស់នរោត្តម រណឬទ្ធិ ចេញ​ពី​ប្រធាន​គណបក្ស។ ជា​អង្គ​សមាជ​ដែល​ព្រះអង្គ​ម្ចាស់​នរោត្តម រណឬទ្ធិ បាន​ចាត់​ទុក​ថា គឺ​ជា​ការ​ធ្វើ​បក្ស​ប្រហារ។ តាម​រយៈ​អង្គ​សមាជ​នោះ​ហើយដែល​បាន​ធ្វើ​ឱ្យ​គណបក្ស​រាជា​និយម​មួយ​នេះបាន​បែក​បាក់​ខ្ទេច​ខ្ទី​ស្ទើរ​បាត់​ឈ្មោះពី​ឆាក​នយោបាយ​កម្ពុជា​ទៅ​ហើយ។ពោល​គឺ ពី​គណបក្ស​ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​ដល់​ទៅ​៥៨​កៅអី​នៅ​ឆ្នាំ​១៩៩៣ មក​នៅ​ត្រឹម​តែ​២​កៅអី​នៅ​ឆ្នាំ​២០០៨ និង​អស់​កៅអី​រលីង​នៅ​ឆ្នាំ២០១៣។ ឆ្លង​តាម​បទ​ពិសោធន៍​បែប​នេះ​ហើយ បាន​នាំ​ឲ្យ​មាន​ចលនា​យាង​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឬទ្ធិ មក​ដឹកនាំ​គណបក្ស​រាជា​និយម ហ្វ៊ុនស៊ិនប៉ិច​នេះ​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា​ឆ្នាំ​២០១៥។ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក សញ្ញា​នៃ​ការ​បែក​បាក់​គ្នា​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​បាន​លេច​ចេញ​ឡើង​វិញ ពិសេស​រវាង​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឬទ្ធិ ដែល​ជា​ប្រធាន និង​លោក ញឹក ប៊ុនឆៃ ដែល​ជា​អនុ​ប្រធាននោះ​ក៏​ដោយសារ​តែ​ការ​មិន​ទុក​ចិត្ត​គ្នា។

អ្នក​វិភាគ​បាន​លើក​ឡើង​ថា ភាព​បែក​បាក់​គ្នា ដែល​មិន​អាច​ផ្សះផ្សា​បានរវាង​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឬទ្ធិ និង​លោក ញឹក ប៊ុនឆៃ។ ដូច្នេះ តើ​អ្នក​ណា​ខ្លះ ដែល​ធ្លាប់​ស្រម៉ៃ​ឃើញ​ថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​១៩៩៣ បែរ​ជា​មិន​អាច​មាន​ទីតាំង​ឈរ​ជើង​នៅ​ក្នុង​រដ្ឋសភា​នៅ​ពេល​នេះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI