អានតួអត្ថបទ
កម្ពុជា

ក្រោយ​ផ្ទុះ​ហិង្សា៖ អាជ្ញាធរ​ថៃ​រឹត​បណ្តឹង​ខ្លាំង​នូវ​ទំនិញ​របស់​អាជីវករ​ខ្មែរ​លក់​នៅ​ផ្សារ​រ៉ុង​ក្លឿ

រូបភាព​តំណាង​ផ្សារ​​
រូបភាព​តំណាង​ផ្សារ​​ ©RFI
ដោយ៖ អេង គីមហុង
១៦ នាទី

អាជ្ញាធរ​ថៃ​រឹត​បណ្តឹង​ខ្លាំង​រាល់​មុខ​ទំនិញ​និង​ស្ថានភាព​ទូទៅ ​របស់​អាជីវករ​ខ្មែរ​លក់​នៅ​ផ្សារ​រ៉ុង​ក្លឿ​ ក្នុង​ខេត្ត​ស្រះ​កែវ បន្ទាប់​ពី​ផ្ទុះ​ហិង្សា​រវាង​នគរបាល​ថៃ​ និង​អាជីវករ​ខ្មែរ កាល​ពី​ថ្ងៃ​ទី​០៣ កុម្ភៈ។ គួរ​ជម្រាប​ជូនថា ក្រោយ​ផ្ទុះ​ហិង្សា​អាជីវករ​ខ្មែរ​ពីរ​នាក់ ត្រូវ​ចាប់​ខ្លួន និង​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​បី​ខែ​ដោយ​សេចក្ដី​សម្រេច​របស់​តុលាការ​ថៃ។

ផ្សាយពាណិជ្ជកម្ម

ពីរ​ថ្ងៃ​បន្ទាប់​ពី​ផ្ទុះ​ហិង្សា​រវាង​អាជីករ​ខ្មែរ​និង​នគរបាល​ថៃ ស្ថានភាព​លក់​ដូរ​នៅ​ផ្សារ​រ៉ុង​ក្លឿ​មាន​សភាព​ធម្មតា។ ប៉ុន្តែ​អាជីវករ​ខ្មែរ​ជាង​២០​ភាគរយ​ទៀត​ដែល​លក់​ដូរ​ក្នុង​ផ្សារ​រ៉ុងក្លឿ មិន​ហ៊ាន​បើក​ទ្វារ​ដំណើរ​ការ​លក់​ដូរ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ថៃ ចូល​រុះ​រើ​ឬ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទំនិញ ដែល​ក្រុម​អាជីវករ​ខ្លួន​ឯង​ទទួល​ស្គាល់​ថា ពិត​នាំ​ចូល​ពី​ក្រៅ​មក​លក់​ក្នុង​ផ្សារ​រ៉ុង​ក្លឿ​ប្រាកដ​មែន។ កន្លង​មក​ទង្វើ​នេះ​ធ្វើ​ឡើង តាម​រូប​ភាព​ការ​នាំចូល​រាល់​មុខ​ទំនិញ​ពី​ក្រៅ​ប្រទេស​បិទ​ស្លាក​យីហោ​ផលិត​ក្នុង​ប្រទេស​ថៃ។

លោក ស៊ុម ចាន់គា មន្ត្រី​អង្គការ​អាដហុក​ប្រចាំខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ឃ្លាំ​មើល​ដំណើរ​ការ​នេះ​ឲ្យ​ដឹង​ថា ដើម​ហេតុ​ដែល​នាំ​ឲ្យ​អាជីវករ​ខ្មែរ​នាំ​ទំនិញ​ពី​ក្រៅ​យក​មក​លក់​ក្នុង​ផ្សារ​រ៉ុង​ក្លឿ ​ដោយសារ​តែង​ការ​លក់​ទំនិញ​របស់​ថៃ​ មិន​សូវ​ជា​ចំណេញ​និង​មាន​តម្លៃ​ថ្លៃ។ បច្ចុប្បន្ន​អាជីវករ​ខ្មែរ​កំពុង​រស់នៅ​និង​ប្រកប​មុខ​របប​ក្នុង​ផ្សារ​រ៉ុងក្លឿ​មាន​ចំនួន​រាប់​ពាន់​នាក់។

លោក ស៊ុម ចាន់គា ឲ្យ​ដឹង​ថា បន្ទាប់​ពី​ផ្ទុះ​ហិង្សា​កម្មករ​ខ្មែរ​និង​អាជីវករ​ចំនួន​ពីរ​នាក់​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន រយៈ​ពេល​បី​ខែ​ក្រោម​បទ​ចោទ ប្រើ​ហិង្សា​បំផ្លិច​បំផ្លាញ​នាំ​ឲ្យ​ទ្រព្យ​សម្បត្តិសាធារណៈ​របស់​ថៃ។ ក្នុង​ករណី​ដែល​ពួក​គេ​ចង់​រស់នៅ​ក្រៅ​ឃុំ​ ភាគី​ថៃ​តម្រូវ​ឲ្យ​ដាក់​ប្រាក់​ធានា​ចំនួន​ប្រាំ​ម៉ឺន​បាត​ដោយ​រក្សា​ទុក​បទ​ចោទ​នៅ​ដដែល។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៣​កុម្ភៈ​កន្លង​ទៅ​ នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អាជីវករ​ខ្មែរ​ ជាមួយ​នគរបាល​ថៃ​នោះ​នាំ​ឲ្យ​មាន ការ​វាយ​តប់​ និង​គប់​ដុំ​ថ្ម​ទៅ​លើ​នគរបាល​ថៃ នាំ​ឲ្យ​ខូច​ខាត​រថយន្ត​នគរបាល​ចំនួន​ពីរ​គ្រឿង។​ សេចក្ដី​ថ្លែង​ការណ៍​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះ​ថ្ងៃ​ទី​០៥​កុម្ភៈ​ឲ្យ​ដឹង​ថា សំណុំ​រឿង​នេះ​នគរបាល​ថៃ​មាន​វីដេអូ​របស់​អាជីវករ​ខ្មែរ​ពីរ​នាក់​ និង​បាន​បញ្ជូន​វីដេអូ​នេះ​បន្ត​ទៅ​កាន់​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​ផង​ដែរ។

ថៃ​បាន​អះអាង​ប្រាប់​កម្ពុជា​ថា​ ពួកគេ​នៅ​មាន​រូបភាព​ផ្សេង​ទៀត​ដែល​បញ្ជាក់​ថា អាជីវករ​ខ្មែរ​បាន​វាយ​ប្រហារ​លើ​នគរបាល​ថៃ ហើយ​ជំហរ​របស់​ថៃ​នឹង​បន្ត​ស្រាវជ្រាវ​លើ​ករណី​នេះ​បន្ត​ទៀត។ ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ បាន​ណែនាំ​ឲ្យ​ការ​ពារ​ពលរដ្ឋ​ខ្មែរ​និង​រក​មេធាវី​ដើម្បី​ការពារ​ពលរដ្ឋ​ខ្មែរ​ដូច​អ្វី​ ដែល​កម្ពុជា​ធ្លាប់​ធ្វើ​នា​ពេល​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ