អានតួអត្ថបទ
កម្ពុជា

សេចក្តី​ព្រាង​ច្បាប់​សហជីព​៖ តំណាង​និយោជក ខក​ចិត្ត​ព្រោះ​ចំណាយ​ពេល​យូរ ខណៈ​តំណាង​និយោជក​ នៅ​តែ​ត្រូវ​ការ​ពេល​ថែម

សិក្ខា​សាលា​ពិគ្រោះ​យោបល់​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព ​នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី០៩ ខែមីនា នេះ។
សិក្ខា​សាលា​ពិគ្រោះ​យោបល់​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព ​នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី០៩ ខែមីនា នេះ។ RFI/ Siv Channa
១៥ នាទី

ដូច​ការ​គ្រោង​ទុក រដ្ឋសភា​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី ៩​មីនា​នេះ បាន​បើក​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ សេចក្តី​ព្រាង​ច្បាប់​សហជីព។ សេចក្តី​ព្រាង​ច្បាប់ ដែល​បាន​តាក់តែង​តាំង​ពី​ឆ្នាំ​​២០០៨ ប៉ុន្តែ​មក​ដល់​ពេល​នេះ ទាំង​ខាង​សហជីព​គាំទ្រ​និយោជក និង​និយោជិត នៅ​តែ​គិត​ថា​មាន​លក្ខណៈ​មិន​ទាន់​គ្រប់​គ្រាន់ ហើយ​មាត្រា​ខ្លះ ហាក់​ដូច​ជា​បង្ក​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​សិទ្ធិ​សហជីព​ជា​ដើម។ ក្នុង​សិក្ខា​សាលា​ពេញ​មួយ​ព្រឹក ភាគី​ចូលរួម​តំណាង​ឲ្យ​និយោជក និង​និយោជិក នៅ​តែ​សំណូម​ពរ​ឲ្យ​មាន​ការ​ពិចារណា​ឡើង​វិញ ហើយ​គេ​ក៏​សង្ឃឹម​ថា​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​ នឹង​ប្រសើរ​ជាង​នេះ​។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព ដែល​ធ្វើ​ពេញ​មួយ​ព្រឹក ​នៅ​វិមាន​រដ្ឋសភា ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម ដូចជា​តំណាង​សមាគម​និយោជក និយោជិត និង​ក្រុម​ប្រឹក្សាសហជីព​ជា​ដើម​ បាន​បញ្ចេញ​មតិ​យ៉ាង​ផុស​ផុល ដោយ​មាន​ទាំង​សំណូម​ពរ​ផង ការ​អំពាវនាវ​ផង និង​ការ​គាំទ្រ​ផង។ ចំណែក​ប្រធាន​គណៈកម្មាការ​ទី ៦​នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក​ប៉ែន បញ្ញា និង​តំណាង​ក្រុម​ការងារ​ចំពោះ​កិច្ច មាន​លោក​សុន ឆ័យ​ ជា​ដើម រួម​ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការងារ អ្នក​ជំនាញការ​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO និង​អ្នក​ជំនាញ​ការ​ជា​ច្រើន​ទៀត បាន​ផ្ទៀង​ស្តាប់​មតិ​យោបល់​ទាំង​នោះ យ៉ាង​យក​ចិត្ត​ទុក​ដាក់​។

ក្នុង​នាទី​ផ្តល់​យោបល់ តំណាង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា GMAC ដែល​គេ​ស្គាល់​ថា ​ជា​សមាគម​គាំទ្រ​និយោជក បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ពេល​វេលា​នៃ​ការ​អនុម័ត​ច្បាប់​នេះ។ ជាមួយ​គ្នា​នេះ GMAC ក៏​យល់​ថា រដ្ឋសភា និង​រដ្ឋាភិបាល មិន​បាន​យក​សំណូម​ពរ​របស់​ខ្លួន យក​ទៅ​ពិចារណា​នោះ​ទេ​។

ចំណែក​ខាង​តំណាង​សហជីព​គាំទ្រ​កម្មករ​វិញ​ បាន​សំណូមពរ​ថា ខ្លួន​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​ការ​ពិនិត្យ​បន្ថែម ព្រោះ​សេចក្តី​ព្រាង​ច្បាប់ នៅ​មាន​លក្ខណៈ​ជ្រៀត​ជ្រែក​ក្នុង​ហិរញ្ញវត្ថុ​របស់​សហជីព ជ្រៀតជ្រែក​ក្នុង​សិទ្ធិ​សហជីព សិទ្ធិ​កូដកម្ម​ ហើយ​ទោស​វិន័យ​មាន​កម្រិត​ធ្ងន់ធ្ងរ។ តំណាង​សហជីព​កម្មករ ស្នើ​ឲ្យ​រដ្ឋសភា ផ្តល់​សេចក្តី​ព្រាង​ច្បាប់​ចុងក្រោយ ដែល​ល្អ​បំផុត ហើយ​ក៏​សុំ​ពេល​ ២​ឆ្នាំ ដើម្បី​ពន្យល់​ពី​ច្បាប់​នេះ​ ក្រោយ​អនុម័ត​ហើយ​។

ដោយ​ឡែក ខាង​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​វិញ ក៏​បាន​ស្នើ​សុំ ឲ្យ​មាន​ការ​កែ​ប្រែ​មាត្រា ចំនួន​៧ ដោយ​ខ្លួន​យល់​ថា នៅ​មិន​ទាន់​មាន​ភាព​សមរម្យ។ សូម​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព មាន​ចំនួន ១៧​ជំពូក ចែក​ជា ១០០​មាត្រា​។ សេចក្តី​ព្រាង​ច្បាប់​នេះ បាន​តាក់​តែង​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០០៨​។ មក​ដល់​ពេល​នេះ មាន​សហជីព ចំនួន ៣៣៦៦ ​កំពុង​តែ​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុង​នោះ សហព័ន្ធ​សហជីព​មាន ៩៧​ សហភាព​សហព័ន្ធ​សហជីព​មាន ១៦ និង​សមាគម​និយោជក មាន​ចំនួន៨​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ