ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អន្តរាគមន៍​ដោយ​រថយន្ត​ពន្លត់​អគ្គីភ័យ នៅ​តែ​ទាមទារ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ

សំឡេង ០៥:០២
អគ្គីភ័យ​នៅ​ក្នុង​រាជធានីភ្នំពេញ​នា​ពេល​កន្លង​មក​
អគ្គីភ័យ​នៅ​ក្នុង​រាជធានីភ្នំពេញ​នា​ពេល​កន្លង​មក​ @សាលារាជធានីភ្នំពេញ

ដោយ​មើល​ឃើញ​ពី​កំណើន​អគ្គីភ័យ​ចេះ​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​លទ្ធភាព​សង្គ្រោះ​តាម​រយៈ​រថយន្ត​ពន្លត់​អគ្គីភ័យ​នៅ​មាន​ការ​ខ្វះខាត ថ្មី​ៗ​នេះ​រដ្ឋាភិបាល​បាន​ទិញ​រថយន្ត​ពន្លត់ អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ពី​ប្រទេស​ចិន ដើម្បី​បង្កើន​កិច្ច​អន្តរាគមន៍​ពន្លត់​ភ្លើង ដែល​មាន​វិសាលភាព​កាន់​តែ​ច្រើន​ទៅ​ៗ​នៅ​ទូទាំង​ប្រទេស។ ក៏​ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន ជា​ប្រសិទ្ធភាព​បឋម​ មុន​នឹង​ជំនួយ​អន្តរាគមន៍​ពី​រថយន្ត​អគ្គីភ័យ។

ផ្សាយពាណិជ្ជកម្ម

ការ​មក​ដល់​នៃ​រថយន្ត​ពន្លត់​អគ្គីភ័យ​ដ៏​ច្រើន​មិន​ធ្លាប់​មាន​កាល​ពី​ដើម​សប្តាហ៍​នេះ​ ជា​សញ្ញា​មួយ​បង្ហាញ​ថា​អគ្គីភ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ស្ថិត​នៅ​ជា​បញ្ហា​ប្រឈម​កាន់​តែ​ខ្លាំង​ទៅ​ៗ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គេ​អាច​និយាយ​បាន​ថា​បញ្ហា​នេះ​ធ្ងន់ធ្ងរ ដោយ​សារ​តែ​គ្រោះ​ភ្លើង​ឆេះ​នេះ បាន​កើត​មាន​មិន​សូវ​លោះ​ថ្ងៃ ពិសេស​ចាប់​តាំង​ពី​មាន​អាកាស​ធាតុ​ក្តៅ​ខ្លាំង​នៃ​ចុង​រដូ​វប្រាំង​ និង​ដើម​រដូវ​វស្សា​នេះ​។

វត្តមាន​នៃ​រថយន្ត​ពន្លត់​អគ្គីភ័យ ដែល​មាន​ព័ណ៌​ក្រហម​ច្រាល​ផលិត​នៅ​ប្រទេស​ចិន​ដូចនេះ ក៏​បង្ហាញ​ពី​អត្ថន័យ​មួយ​ទៀត​ដែរ​ថា ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ដល់​បញ្ហា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈម​នឹង​គ្រោះ​អគ្គីភ័យ​ដ៏​វិនាស​ហិន​ហោច​នេះ។ កាល​ពី​ថ្ងៃ​ទី​១៧​ឧសភា​ថ្មី​ៗ​នេះ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ​ជា​១០​លាន​ដុល្លារ ដើម្បី​នាំ​យក​រថយន្ត​ពន្លត់​អគ្គីភ័យ​ម៉ាក​ ISUZU ផលិត​នៅ​ប្រទេស​ចិន​ចំនួន​១១៣​គ្រឿង​ មក​ប្រើប្រាស់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំ​បាច់ ដោយ​មាន​ការ​បែង​ចែក​ទៅ​តាម​តំបន់​មួយ​ចំនួន​ទាំង​២៥​ខេត្ត​-រាជធានី។

បរិមាណ​ឡាន​ទឹក​ដែល​ទិញ​ពី​ប្រទេស​ចិន​ដ៏​ច្រើន​សន្ធឹក​នៅ​ពេល​នេះ បាន​ធ្វើ​ឲ្យ​កំណើន​រថយន្ត​ពន្លត់​អគ្គីភ័យ​នៅ​ក្នុង​ប្រទេស​មួយ ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៥​លាន​នាក់ កើន​ដល់​ជាង​២៤០​គ្រឿង នៅ​ទូទាំង​ប្រទេស។ នៅ​ក្នុង​នោះ​ក៏​មាន​រថយន្ត​មួយ​ចំនួន​ដែល​ចាស់​ៗ ​ខូច​ប្រើ​លែង​កើត។

ទោះ​យ៉ាង​នេះ​ក្តី បរិមាណ​រថយន្ត​ពន្លត់​អគ្គីភ័យ​ប៉ុណ្ណេះ នៅ​តិច​តួច​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ស្ថានភាព​ប្រជាសាស្ត្រ និង​ស្ថាន​ភាព​ភូមិ​សាស្ត្រ​ប្រទេស​កម្ពុជា ដែល​មាន​ផ្ទៃ​ដី​១៨១ ០៣៥គីឡូ​ម៉ែត្រ​ក្រឡា។

ជា​ការ​ពិត​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​ គឺ​ជា​រឿង​ល្អ​មួយ ដែល​បង្ហាញ​ពី​វិសាលភាព​ធំ​ធេង​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​ស្ថាន​ភាព​រស់នៅ​សព្វ​ថ្ងៃ​របស់​គាត់​ប្រឈម​នឹង​បញ្ហា​ភ្លើង​ផ្សែង​នេះ​ដែរ​។ ក៏​ប៉ុន្តែ​វា​មិន​គ្រប់​គ្រាន់​ទេ​ការ​ ដែល​មាន​រថយន្ត​អគ្គីភ័យ​ច្រើន។ ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ និង​ការ​កែ​លម្អ​ស្ថាន​ភាព​រស់នៅ​របស់​ពួក​គាត់​ គឺ​ជា​កត្តា​ចាំបាច់​មួយ​ផង​ដែរ។ ចាំ​បាច់​ដោយ​សារ អគ្គីភ័យ​មួយ​ចំនួន បង្ក​ឡើង​ដោយ​ការ​ធ្វេស​ប្រហែស និង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​មហន្តរាយ​ដ៏​ខ្ទេច​ខ្ទាំ​មួយ​នេះ។

ជាក់​ស្តែង​ការ​បង្ការ​ទុក​ជា​មុន​របស់​ប្រជាជន តាម​ផ្ទះ​នីមួយ​ៗ​មាន​តិច​តួច​ជា​ពិសេស​ការ​ប្រើ​ប្រាស់​បំពង់​ពន្លត់​អគ្គីភ័យ ដែល​អាច​ជួយ​ពន្លត់​ភ្លើង​បឋម​មុន​នឹង​រថយន្ត​ពន្លត់​អគ្គីភ័យ​ទៅ​ដល់។ ការ​ប្រើប្រាស់​ភ្លើង​ចង្ក្រាន ភ្លើង​ទៀន ធូប និង​ប្រព័ន្ធ​ភ្លើង​អគ្គិសនី មិន​មាន​ការ​ប្រុង​ប្រយ័ត្ន។ ប្រព័ន្ធ​ភ្លើង​អគ្គិសនី​ចាស់​ៗ និង​មិន​មាន​លក្ខណៈ​បច្ចេក​ទេស​ត្រឹម​ត្រូវ​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ការ​ឆ្លង​ចរន្ត ដែល​ចំណុច​នេះ​ជា​ទូទៅ​បាន​បង្ហាញ​ពី​តួលេខ​ខ្ពស់​នៅ​ក្នុង​របាយការណ៍​របស់​ប៉ូលិស។

មួយ​វិញ​ទៀត ស្ថានភាព​នគររូបនីយកម្ម​និង​សំណង់​បច្ចុប្បន្ន មាន​សភាព​ស្មុគ្រ​ស្មាញ។ ស្មុគ្រ​ស្មាញ​ដោយសារ​កន្លង​មក អាជ្ញាធរ​បាន​បណ្តោយ​ឲ្យ​មាន​ការ​សាងសង់ ស្រេច​តែ​ចិត្ត ដោយ​មិន​យល់​ និង​មិន​គោរព​តាម​ប្លង់​ស្ថាបត្យកម្ម​អ្វី​ទាំង​អស់។ ស្ថានភាព​ផ្លូវ​លំ​នីមួយ​ៗ មាន​សភាព​តូច​ចង្អៀត មិន​អំណោយ​ផល​ដល់​រថយន្ត​ពន្លត់​អគ្គីភ័យ​ចូល​ទៅ​បាញ់​ពន្លត់​ភ្លើង​បាន​ដោយ​ស្រួល​នៅ​ពេល​មាន​អគ្គីភ័យ​កើត​ឡើង​ម្តង​ៗ។

ទាំង​នេះ​សុទ្ធ​សឹង​ជា​បញ្ហា ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​ដោះស្រាយ​ និង​កែ​លម្អ​ឡើង​វិញ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌​របស់​ប្រទេស។ បើ​ពុំ​នោះ​ទេ​ទាំង​ពេល​នេះ និង​ទៅ​អនាគត គេ​នឹង​ឮ​តែ​សម្លេង​ស៊េរ៉ែនឡាន​ទឹក ភ្លើង​ផ្សែង​ និង​សោកនាដកម្ម​ ដែល​បណ្តាល​មក​ពី​អគ្គីភ័យ ហើយ​រថយន្ត​ពន្លត់​អគ្គីភ័យ​មិន​មាន​លទ្ធភាព​អាច​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​គ្រប់​តែ​ករណី​នោះ​ទេ។

មួយ​វិញ​ទៀត នៅ​តាម​បណ្តា​ខេត្ត ​ក៏​មាន​បញ្ហា​ដោយ​ឡែក​ៗ​តាម​តំបន់​ដែរ ដោយសារ​ថវិកា​មាន​កំណត់ ចំនួន​រថយន្ត​ពន្លត់​អគ្គីភ័យ ដែល​បាន​បែង​ចែក​ទៅ​តាម​ខេត្ត​នីមួយ​ៗ​បាន​តិច​តួច​ ពិត​ជា​មិន​អាច​ឆ្លើយ​តប​នឹង​ការ​ជួយ​សង្គ្រោះ​ដល់​អគ្គីភ័យ​នៅ​តាម​តំបន់​ដាច់​ស្រយាល​បាន​ទេ។ ហេតុ​ដូច្នេះ មាន​តែ​ការ​ចូលរួម​ប្រុង​ប្រយ័ត្ន និង​បង្ការ​ជា​មុន​ពី​សំណាក់​ប្រជាពល​រដ្ឋ​ទេ​ ដែល​អាច​ជួយ​ទប់​ស្កាត់​ការ​បាត់បង់​បណ្តាល​មក​ពី​ភ្លើង​ផ្សែង​នេះ​បាន។

ដោយ​ឡែក​រថយន្ត​ពន្លត់​អគ្គីភ័យ គ្រាន់​តែ​ដើរ​តួនាទី​ត្រឹម​តែ​អន្តរាគមន៍​ទៅ​តាម​លទ្ធភាព​ ប៉ុណ្ណោះ ឬ​ក៏​ជួយ​មិន​ឲ្យ​ភ្លើង​ឆេះ​រាល​ដាល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពោល​គឺ​មិន​អាច​ទប់​ស្កាត់​ទាំង​ស្រុង​មិន​ឲ្យ​ភ្លើង​ឆេះ​បាន​ទេ ដោយសារ​តែ​ពេល​ខ្លះ​ទំរាំ​រថយន្ត​អគ្គីភ័យ​ទៅ​ដល់​ភ្លើង​ឆេះ​ពេញ​ទំហឹង ឬ​ក៏​ផ្ទះ​ខ្លះ​ជា​ផ្ទះ​ឈើ ត្រូវ​ភ្លើង​ឆេះ​រាប​ដល់​ដី​ក៏​មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI