ព្រះបរមសារីរិកធាតុ៖ អំពើចោរកម្មនិងការរកឃើញវិញ
ចុះផ្សាយនៅថ្ងៃ៖
ក្នុងឱកាសពិធីបុណ្យវិសាខបូជានៅថ្ងៃសុក្រនេះ ព្រះបរមសារីរិកធាតុ ត្រូវដង្ហែចេញពីព្រះបរមរាជវាំង ទៅតម្កល់នៅព្រះមហាសក្យមុនីចេតីយ៍នៅភ្នំឧត្តុង្គវិញ។ អ៊ឹម រចនា សូមឆ្លៀតពេលនេះ រំលឹកឡើងវិញ លំដាប់លំដោយនៃអំពើចោរកម្មព្រះបរមសារីរិកធាតុនៅភ្នំឧត្តុង្គកាលពីចុងឆ្នាំ២០១៣ ការរកឃើញវិញនៅក្នុងរយៈពេល២ខែបន្ទាប់មក និងដំណើរការកាត់សេចក្ដីលើជនល្មើសនៅក្នុងសំណុំរឿងនេះ។
ជាងពីរឆ្នាំមុន ពោលគឺពេញមួយថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០១៣ ប្រជាពលរដ្ឋខ្មែរជាទូទៅភ្ញាក់ផ្អើលនិងហួសចិត្តយ៉ាងខ្លាំង នៅពេលសារព័ត៌មានខ្មែរទាំងអស់ចុះផ្សាយថា ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះបរមសារីរិកធាតុជាទីសក្ការៈ ត្រូវក្រុមចោរលួចចេញពីព្រះសក្យមុនីចេតិយ៍នៅយប់ថ្ងៃចន្ទ ទី១០ខែធ្នូឆ្នាំ២០១៣។ ភាពភ្ញាក់ផ្អើលត្រូវតាមមកពីក្រោយដោយកំហឹងនិងសំណួរជាច្រើន៖ តើនរណាលួចយកព្រះសារីរិកធាតុ? លួចដើម្បីអ្វី? និងជាពិសេស លួចដោយរបៀបណា ខណៈ ព្រះសក្យមុនីចេតិយ៍មានឆ្មាំយាមជាង២០នាក់?
ភ្លាមៗបន្ទាប់ពីព្រះបរមសារីរិកធាតុត្រូវបានលួចយកទៅបាត់ គណៈកម្មការចម្រុះមួយត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេតរឿងនេះ។ គណៈកម្មការចម្រុះនោះមានសមាសភាពមកពី ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា អាជ្ញាធរខេត្តកណ្ដាលនិងស្រុកពញាឭ។
ពីរខែបន្ទាប់ពីនោះ គឺនៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៤ ព្រះសារីរិកធាតុនិងវត្ថុមានតម្លៃមួយចំនួនទៀតត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញវិញ នៅខេត្តតាកែវ។ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន២នាក់។ ម្នាក់ជាបុរសដែលបានសារភាពថា ខ្លួនជាអ្នកកាត់សោរព្រះសក្យមុនីចេតិយ៍ដើម្បីលួចកោដ្ឋដែលដាក់ព្រះសារីរិកធាតុ និងព្រះពុទ្ធអង្គធ្វើពីមាស។ ម្នាក់ទៀតជាស្ដ្រីមានមុខរបរទិញលក់មាសនៅក្នុងផ្សារខេត្តតាកែវ។ អ្នកទាំងពីរត្រូវបានតុលាការចោទប្រកាន់និងបញ្ជូនទៅកាន់ពន្ធនាគារ ទាក់ទិននឹងការលួចនិងទិញព្រះសុវណ្ណកោដ្ឋដាក់ព្រះបរមសារីរិកធាតុ ព្រមទាំងវត្ថុមានតម្លៃផ្សេងទៀតពីព្រះសក្យមុនីចេតិយ៍ភ្នំឧត្តុង្គ។
ក្រៅពីអ្នកទាំងពីរនេះ ឆ្មាំយាមនៅភ្នំឧត្តុង្គចំនួន៤នាក់ ព្រមទាំងអ្នកភូមិម្នាក់ក៏ត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងសំណុំរឿងនេះផងដែរ។ ក្រោយការស៊ើបអង្កេត តុលាការសម្រេចលើកលែងការចោទប្រកាន់និងដោះលែងអ្នកភូមិម្នាក់បន្ទាប់ពីជាប់ពន្ធនាគារបាន២ឆ្នាំ ខណៈឆ្មាំយាមទាំង៤នាក់ រួមទាំងបុរសជាជនដៃដល់ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨លានរៀល។ ដោយឡែក ស្ដ្រីជាអាជីវករទិញដូរមាស តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំកន្លះ។
ដោយឡែក ព្រះបរមសារីរិកធាតុ និងវត្ថុមានតម្លៃច្រើនទៀតដែលរកឃើញ ត្រូវបានដង្ហែយកទៅតម្កល់នៅក្នុងព្រះបរមរាជវាំង រងចាំពេលវេលាល្អណាមួយដើម្បីដង្ហែទៅកាន់ភ្នំឧត្តុង្គវិញ។
ជាការកត់សម្គាល់ បើទោះបីជាព្រះបរមសារីរិកធាតុត្រូវបានរកឃើញវិញហើយក៏ដោយ ក៏មជ្ឈដ្ឋានមួយចំនួនបានសម្ដែងមន្ទិលសង្ស័យថា កោដ្ឋតម្កល់ព្រះសារីរិកធាតុដែលបានរកឃើញនោះ អាចជាកោដ្ឋក្លែងក្លាយ ហើយជនដែលត្រូវចាប់ខ្លួននោះ អាចជាអ្នកដែលគេឲ្យទទួលទោសជំនួសអ្នកដទៃ។ ប៉ុន្តែទាំងមន្ដ្រីរដ្ឋាភិបាល ទាំងមន្ដ្រីសង្ឃ សុទ្ធតែបានបញ្ជាក់ថា ព្រះសុវណ្ណកោដ្ឋនិងព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធដែលរកឃើញវិញនោះ ឥតមានប្រែប្រួលអ្វីទេ ដោយសារជនល្មើសមិនបានកែទម្រង់វត្ថុទាំងពីរមុខនេះឡើយ។
ព្រះបរមសារីរិកធាតុ ត្រូវបាននាំមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៥៧ ពីប្រទេសសេរីលង្កា ដោយអតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ជាព្រះសារីរិកធាតុ ដែលមានទំហំប៉ុនកំណាត់គ្រាប់សណ្ដែកបាយ មានសម្បុរដូចមាស។ ព្រះអង្គបានធ្វើពិធីដង្ហែព្រះសារីរិកធាតុ ពីព្រះសក្យមុនីចេតិយនៅភ្នំពេញ យកទៅតម្កល់នៅព្រះសក្យមុនីចេតិយថ្មី នៅភ្នំឧត្តុង្គ នាថ្ងៃ ទី១៩ ខែ ធ្នូ ឆ្នាំ ២០០២។
សម្រាប់សាធារណមតិទូទៅ អំពើចោរកម្មវត្ថុជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នេះ ធ្វើឲ្យបាត់បង់តម្លៃរបស់ជាតិ និងជាការអាម៉ាស់មួយនៅចំពោះមុខអ្នកកាន់ព្រះពុទ្ធសាសនាលើពិភពលោក។ បើទោះបីជាសមត្ថកិច្ចស្វែងរកព្រះបរមសារីរិកធាតុឃើញវិញក៏ដោយ អំពើចោរកម្មលើកនេះ គឺជាភស្តុតាងបង្ហាញឲ្យឃើញបានយ៉ាងច្បាស់អំពីការធ្វេសប្រហែសរបស់អាជ្ញាធរ ដែលមិនមានវិធានការការពារទុកជាមុន។
តទៅនេះ ព្រះបរមសារីរិកធាតុ គួរតែត្រូវបានតម្កល់ទុក ក៏ដូចជាថែរក្សាយ៉ាងម៉ត់ចត់និងប្រយ័ត្នប្រយែង។ ការបាត់បង់ណាមួយបន្ទាប់ពីនេះ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់អាជ្ញាធរ ដែលនឹងត្រូវសងមកវិញដោយតម្លៃខ្ពស់បំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ