ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ក្រសួង​សុខាភិបាល​គួរ​តែ​ចេញ​មុខ​ប្រកាស​ពី​កំណែ​ទម្រង់​របស់​ខ្លួន​ជា​សាធារណៈ​ដែរ​ឬ​ទេ?

សំឡេង ០៤:១០
រូបភាព​តំណាង​៖​ គ្រូពេទ្យ​កំពុង​ធ្វើ​ការ​វះកាត់​​​នៅក្នុង​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ
រូបភាព​តំណាង​៖​ គ្រូពេទ្យ​កំពុង​ធ្វើ​ការ​វះកាត់​​​នៅក្នុង​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ©RFI

នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ដែល​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​រិះគន់​មិន​សំចៃ​មាត់។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​រឹត​តែ​ភ្ញាក់​ផ្អើល​ទៀត​នោះ គឺ​ករណី​ស្លាប់​របស់​លោក​ឡាំ តៅគង់ អាយុ​២៨​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​ ២២ ឧសភា​កន្លង​ទៅ​នេះ។ ក្រុម​គ្រួសារ​សព​ជន​រងគ្រោះ​បាន​ចោទ​ប្រកាន់​គ្លីនិក​មួយ​ឈ្មោះ​ឃឹម រ៉ានី ដែល​មាន​ទីតាំង​នៅ​ទួល​គោក ថា​បាន​ចាក់​ថ្នាំ​ដល់​ជន​រងគ្រោះ​រហូត​ដល់​ស្លាប់។ ភ្លាម​ៗ​នេះ​ដែរ ក្រសួង​សុខាភិបាល​ផ្ទាល់ ក៏​បាន​ចេញ​លិខិត​បិទ​គ្លីនិក​មួយ​នេះ​នៅ​ថ្ងៃ​បន្ទាប់​នោះ​ផង​ដែរ។ តើ​ចំណាត់​ការ​នៅ​ពេល​នេះ​អាច​ជួយ​ស្តា​មុខ​មាត់​ឲ្យ​ក្រសួង​សុខាភិបាល​កម្ពុជា​វិញ​ហើយ​ឬ​ទៅ? ឬ​ក៏​ក្រសួង​ត្រូវ​តែ​ចាត់​វិធាន​ការ​អ្វី​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​ទុក​ចិត្ត​លើ​ការ​ផ្តល់​សេវា​សុខា​ភិបាល​​នៅ​កម្ពុជា​វិញ?បទវិភាគរបស់ប្រាក់ ធីតា៖

ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​សួរ​ពី​រឿង​កំណែ​ទម្រង់​នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា លោក​រដ្ឋ​មន្ត្រី​ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ផ្ទាល់​មិន​ដែល​ប្រកែក​ថា​ក្រសួង​របស់​លោក​គ្មាន​ធ្វើ​កំណែ​ទម្រង់​នោះ​ទេ គឺ​ថា​ក្រសួង​បាន​កំពុង​តែ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ ដែល​រួម​មាន​ទាំង​ការ​បណ្តុះ​បណ្តាល​ក្រុម​គ្រួពេទ្យ​ជំនាញ​បន្ថែម រួម​ទាំង​ការ​អប់រំ​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​ផង​ដែរ។ ហើយ​លោក​រដ្ឋ​មន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ការ​ស្រាវជ្រាវ​របស់​ធនាគារ​ពិភព​លោក​បាន​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​តែ​១% ប៉ុណ្ណោះ ដែល​ចេញ​ទៅ​ព្យាបាល​សុខភាព​នៅ​ក្រៅ​ប្រទេស។

ប៉ុន្តែ​តួលេខ​នេះ​ហាក់​ផ្ទុយ​ស្រឡះ​ពី​ការ​ស្រាវជ្រាវ​របស់​មន្ទីរ​ពេទ្យ​ជប៉ុន​មួយ ដែល​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មុន​នឹង​សម្រេច​ចិត្ត​សាងសង់​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គ្រោង​នឹង​បើក​ដំណើរ​ការ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ហើយ។ មន្ទីរ​ពេទ្យ​ជប៉ុន​មួយ​នោះ​បាន​រក​ឃើញ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ជា ២​សែន​១​ម៉ឺន​នាក់​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ក្នុង​មួយ​ឆ្នាំ​ៗ។ ប្រទេស​ដែល​ប្រជាជន​ខ្មែរ​មាន​កម្រិត​ជីវភាព​ធូរធា អាច​ធ្វើ​ដំណើរ​ទៅ​បាន​នោះ​មាន​ប្រទេស​វៀតណាម​ចំនួន ១​សែន​៦​ម៉ឺន​នាក់​ ស្មើ​នឹង ៧៦%។ បន្ទាប់​មក​មាន​ប្រទេស​ថៃ ៤​ម៉ឺន​នាក់ ស្មើ​នឹង ១៩% និង​ប្រទេស​សិង្ហបុរី មាន​ចំនួន​ ៦​ពាន់​៣​រយ​នាក់​ ស្មើ​នឹង​៣%។

អ្វី​ដែល​មិន​អាច​ប្រកែក​បាន​ទៀត​នោះ គឺ​ការ​សសើរ​មិន​ដាច់​ពី​មាត់​ពី​សេវាសុខាភិបាល​នៅ​បរទេស ហើយ​រហូត​ដល់​ពេល​ខ្លះ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ដឹង​យ៉ាង​ច្បាស់​ពី​តម្លៃ​នៃ​សេវាកម្ម​ក្នុង​មន្ទីរ​ពេទ្យ​នានា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា។ ហើយ​ព័ត៌មាន​បាន​បន្ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ។ អ្នក​ដែល​ធ្លាប់​បាន​ទៅ​ហើយ បាន​បន្ត​ប្រាប់​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ទៅ ថា​ការ​ព្យាបាល​របស់​គេ​មាន​ភាព​ច្បាស់​លាស់ ហើយ​តម្លៃ​វិញ​ក៏​សមរម្យ​សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ធូរធា។ អញ្ចឹង​វា​ពិត​ណាស់​ថា ជា​រៀង​រាល់​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​កំពុង​តែ​ជញ្ជូន​លុយ​យ៉ាង​ច្រើន​សន្ធាប់ ទៅ​ឲ្យ​ពេទ្យ​បរទេស។ ហើយ​ការ​ជញ្ជូន​នេះ​ គឺ​ជញ្ជូន​ទៅ​ដោយ​ស្ម័គ្រ​ចិត្ត​ថែម​ទៀត បើ​ទោះ​បី​ជា​ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ឆ្ងាយ និង​ថវិកា​ធ្វើ​ដំណើរ​បន្ថែម​ផង​ដែរ។

កន្លង​មក​វិទ្យុ​យើង​ធ្លាប់​បាន​បង្ហាញ​ពី​ចំណុច​ខ្វះ​ចន្លោះ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​សុខាភិបាល​ខ្មែរ ដែល​រួម​មាន​ទាំង​ការ​ភូត​កុហក​របស់​គ្រូពេទ្យ​ចំពោះ​អ្នក​ជំងឺ កង្វះ​ខាត​ផ្នែក​សម្ភារៈ និង​ក្រម​សីលធម៌ ការ​ហូរ​ចូល​នូវ​ឱសថ​ក្លែង​ក្លាយ និង​ការ​ទិញ​ថ្នាំ​ដោយ​សេរីតាម​ឱសថ​ស្ថាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ជា​ដើម។

និយាយ​ទៅ​នៅ​មាន​ការងារ​ជា​ច្រើន​ខ្លាំង​ណាស់​សម្រាប់​ក្រសួង​សុខាភិបាល​កម្ពុជា ធ្វើ​ការ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​មាន​ទំនុក​ចិត្ត ហើយ​ងាក​មក​រក​ការ​ព្យាបាល​នៅ​ក្នុង​ស្រុក​វិញ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​មាន​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​មួយ​ចំនួន បាន​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ពី​កំណែ​ទម្រង់​ស៊ី​ជម្រៅ និង​ធ្វើ​យ៉ាង​ណា​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ពិត​ប្រាកដ​ដល់​ប្រជាជន​របស់​ខ្លួន។ ហើយ​ការ​ប្រកាស​នោះ​ទៀត​សោត​ក៏​ត្រូវ​បាន​រដ្ឋ​មន្ត្រី​ជា​ច្រើន​រូប​នោះ ធ្វើ​បាន ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​បាន​សម្តែង​ការ​គាំទ្រ​ និង​លទ្ធផល​ដែល​រដ្ឋ​មន្ត្រី​ទាំង​នោះ​សម្រេច​បាន​ផង​ដែរ។

បើ​យើង​មើល​ទៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ពេល​បច្ចុប្បន្ន​នេះ អាច​ថា​ជា​កន្លែង​មួយ​បង្ហាញ​ពី​ស្នាដៃ​ផង ហើយ​ក៏​ជា​កន្លែង​មួយ​បង្ហាញ​ពី​ការ​រិះគន់​ផង​ដែរ ព្រោះ​ថា​បើ​ធ្វើអ្វី​មិន​ស្រួល​ខុស​ទំនង​នោះ ប្រជាពលរដ្ឋ​នឹង​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​មិន​បង្អង់​ទុក​យូរ​នោះ​ទេ។ អញ្ចឹង​មិន​ថា​តែ​ក្រសួង​សុខាភិបាល​នោះ​ទេ សូម្បី​តែ​ក្រសួង​ផ្សេង​ៗ​ទៀត គួរ​តែ​ឆ្លៀត​ឱកាស​នេះ​បង្ហាញ​ពី​កំណែ​ទម្រង់​របស់​ខ្លួន​ជា​សាធារណៈ ស្រប​ជាមួយ​នឹង​ការ​អនុវត្ត​ជាក់​ស្តែង ដើម្បី​បង្ហាញ​ជូន​ដល់​ប្រជាពលរដ្ឋ​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​មែន មិន​មែន​គ្រាន់​តែ​និយាយ​ឲ្យ​រួច​ពី​មាត់​នោះ​ទេ ហើយ​សង្ងំ​ធ្វើ​ការងារ​ស្ងាត់​ៗ​នោះ​ដែរ។ ព្រោះ​ថា​ការងារ​កែ​ទម្រង់​មិន​មែន​ជា​ការងារ​ធ្វើ​មួយ​ថ្ងៃ មួយ​ខែ មួយ​ឆ្នាំ​ហើយ​នោះ​ទេ គឺ​វា​ទាមទារ​ពេល​វេលា។ អញ្ចឹង​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ការ​រិះគន់​មិន​ឈប់ និង​មិន​យល់​ថា​ក្រសួង​កំពុង​ធ្វើ​អ្វី​នោះ មន្ត្រី​ដែល​ធ្វើ​ការងា​រខាង​ផ្នែក​កែ​ទម្រង់​នេះ គួរ​តែ​យក​ឱកាស​នេះ​បង្ហាញ​ពី​អ្វី​ដែល​ខ្លួន​កំពុង​តែ​ធ្វើ ព្រោះ​ថា​កន្លង​មក​ប្រជាពលរដ្ឋ​ខ្មែរ ​ក៏​បាន​សរសើរ​មិន​ដាច់​ពី​មាត់​ផង​ដែរ ពី​ការ​ផ្លាស់​ប្តូរ និង​កំណែ​ទម្រង់​របស់​ក្រសួង​មួយ​ចំនួន​តូច​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI