ការកកស្ទះចរាចរណ៍ជាឧបសគ្គចំបងក្នុងការបញ្ជូនអ្នកជំងឺ ឬអ្នករបួសដោយរថយន្តសង្គ្រោះ
ចុះផ្សាយនៅថ្ងៃ៖
ឥរិយាបទដែលជាទម្លាប់របស់អ្នកបើកបរមួយចំនួន ធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិអត្ថិភាពរបស់រថយន្តសង្គ្រោះបន្ទាន់។ កង្វះខាតការយល់ដឹងពីសិទ្ធិអត្ថិភាពរបស់រថយន្តសង្គ្រោះលើវិស័យសុខាភិបាលនេះ បានធ្វើឲ្យប៉ះពាល់ដល់ការបញ្ជូនអ្នកជំងឺ ឬអ្នករបួសទៅកាន់មន្ទីរពេទ្យ។ ទាំងនេះក៏ដោយសារតែ ការមិនគោរពច្បាប់ចរាចរណ៍ និងការយល់ដឹងពីសិទ្ធិអត្ថិភាពនៅមានកម្រិត។
រយៈពេល២៤ម៉ោងជាពិសេសនៅរាជធានីភ្នំពេញ ជាកន្លែងប្រមូលផ្តុំមនុស្សម្នាចំរុះព័ណ៌ មានពេលតិចតួចណាស់ ដែលស្ងប់សម្លេងសេរ៉ែនឡានពេទ្យ។ មិនចាញ់គ្នាប៉ុន្មានទេ សេរ៉ែនឡានទឹកក៏កើតមានញឹកញាប់ផងដែរ។
ក៏ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះគឺ ឡានពេទ្យ ឬរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ឬហៅសាមញ្ញថា ឡានសាមុយ។ ជាញឹកញាប់គេឃើញរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ បានជាប់នៅកណ្តាលហ្វូងរថយន្តដទៃទៀត ដែលមានសភាពត្រៀបត្រានៅលើទ្រូងផ្លូវ។ សេរ៉ែនប្រឹងស្រែក ភ្លើងព័ណ៌ក្រហម-ខៀវ ប្រឹងវិលក្រឡុក មើលទៅក្នុងរថយន្តវិញ មានព្យួរសេរ៉ូមរណេងរណោង អមដោយសាច់ញាតិជនរងគ្រោះ ឈរច្រូងច្រាង។
សាច់ញាតិអ្នកជំងឺ បន់ឲ្យតែឡានទៅដល់មន្ទីរពេទ្យបានឆាប់រហ័ស ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺឬអ្នករបួសជាក់លាក់មួយ។ តែពេលខ្លះ ចំងាយផ្លូវមួយគីឡូម៉ែត្រ ប្រៀបបាននឹង១០ ឬ២០គីឡូម៉ែត្រដូច្នេះដែរ ដោយសារតែការកកស្ទះ និងមិនមានភាពអនុគ្រោះណាមួយ ដែលអាចឲ្យរថយន្តសង្គ្រោះ ធ្វើដំណើរទៅមុខបានដោយស្រួល និងមានសុវត្ថិភាព។ ស្ថានភាពបែបនេះ ពេលខ្លះធ្វើឲ្យអ្នកជំងឺឬអ្នករបួសប្រឈមនឹងសភាពធ្ងន់ធ្ងរ និងអាចបាត់បង់ជីវិតកណ្តាលផ្លូវក៏មាន។
តើមានហេតុផលអ្វីខ្លះបានជាប្រទេសកម្ពុជាមានសេវារថយន្តសង្គ្រោះដូចជាប្រទេសផ្សេងៗដែរ តែបែរជាលទ្ធភាពសង្គ្រោះ មើលទៅហាក់ដូចជាមានការលំបាកយល់ ឬចម្លែកនោះ?
មានកត្តាមួយចំនួន ដែលជាការកត់សម្គាល់នៅក្នុងសង្គមខ្មែរ ចំពោះការធ្វើចរាចរណ៍តាមផ្លូវនោះ ទី១គឺចំណេះដឹង។ ជាការពិតអ្នកបើកបរមិនត្រឹមតែចេះបើកឡាននោះទេ តោងស្វែងយល់ពីចំណេះដឹងផ្សេងពីនេះ ដែលជាប្រយោជន៍សាធារណៈ ឬជាប្រយោជន៍អ្នកដទៃផង។ ជាទូទៅ មានអ្នកបើកបរមួយចំនួនក្នុងចំណោមអ្នកបើកបរនៅលើទ្រូងផ្លូវ ដែលបានដឹង ឬឃើញរថយន្តសង្គ្រោះមន្ទីរពេទ្យ ហើយរមែងមិនអើពើ និងមិនបានស្វះស្វែងអែបយានរបស់ខ្លួនតាមមធ្យោបាយសមស្របណាមួយ ទុកគន្លងអត្ថិភាពដល់រថយន្តពេទ្យបានធ្វើដំណើរទៅមុខដោយងាយៗនោះ។
ទី២ គឺការបើកបរនៅកម្ពុជា មានភាពឥតសណ្តាប់ធ្នាប់ មិនគោរពច្បាប់ មិនគោរពសិទ្ធិអត្ថិភាពអ្នកដទៃ ពោលគឺចង់ទៅត្រង់តែឈប់គន្លងផ្លូវបត់ឆ្វេង ត្រូវបត់ស្តាំទៅឈប់គន្លងផ្លូវអ្នកទៅត្រង់ ឬសម្រាប់អ្នកបត់ឆ្វេង។ ភាពឥតសណ្តាប់ធ្នាប់ មិនគោរពច្បាប់និងសតិសម្បជ្ជញ្ញៈ អន់ថយមួយចំនួន ក្នុងការបើកបរ រួមផ្សំនឹងភាពគ្មានទោស នៅពេលដែលមានការបង្ហាញឥរិយាបទខុសឆ្គង ឬមិនអែបឲ្យរថយន្តអត្ថិភាពទៅមុន បានក្លាយជាទម្លាប់ និងជាប្រពៃណីនៅលើទ្រូងផ្លូវទៅហើយ។
ការឈប់ភ្លើងស្តុបមិនគោរពទៅលើកន្លងផ្លូវដែលត្រូវទៅ បានបង្កើតភាពស្មុគស្មាញ បាត់បង់សណ្តាប់ធ្នាប់ដែលជាហេតុផលចំបងនាំឲ្យមានការកកស្ទះចរាចរណ៍ ស្ថានភាពនេះក៏ជះឥទ្ធិពល ទៅដល់យានអត្ថិភាពផងដែរជាពិសេសរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ រថយន្តពន្លត់អគ្គីភ័យ និងម្តងម្កាលក្បួនរថយន្តគណៈប្រតិភូក៏មានដែរ។
ការបន្ទោសទៅលើឥរិយាបទរបស់អ្នកបើកបរមួយចំនួន គឺជាការត្រឹមត្រូវណាស់ ក៏ប៉ុន្តែនៅមានកត្តារួមផ្សំមួយចំនួនទៀត ដែលធ្វើឲ្យរថយន្តសង្គ្រោះបន្ទាន់មិនអាចធ្វើដំណើរទៅមុខប្រកបដោយអត្ថិភាព និងសុវត្ថិភាព នោះគឺកត្តាផ្លូវថ្នល់។ ផ្លូវថ្នល់នៅស្រុកខ្មែរជាពិសេសទីក្រុងភ្នំពេញ ដែលជាទីក្រុងមានវ័យចំណាស់ សំបូរដោយផ្លូវតូចៗ ពិតជាមិនសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ។ ១ភាគ២ ឬ១ភាគ៣នៃផ្លូវតូចៗត្រូវបានប្រើប្រាស់ជាចំណត និងអាជីវកម្ម។
ស្ថានភាពផ្លូវតូចចង្អៀតបែបនេះ ពេលខ្លះមិនមានគន្លងផ្លូវណាសេសសល់សម្រាប់សម្រួលឲ្យរថយន្តសង្គ្រោះបន្ទាន់បើកបរទៅមុខក៏ថាបានដែរ។ ហេតុនេះការសង្គ្រោះតាមរយៈរថយន្តសាមុយ ដើម្បីបញ្ជូនអ្នកជំងឺ ឬអ្នករបួសទៅកាន់មន្ទីរពេទ្យពិតជាប្រឈមនឹងហានិភ័យខ្ពស់ នៅពេលដែលមានចរាចរណ៍ណែនណាន់តាន់តាប់ ពិសេសនៅពេលថ្ងៃ ហើយមិនមានជម្រើសណាផ្សេងក្រៅពីរំកិលបន្តកន្ទុយគ្នានៅពេលដែលមានការកកស្ទះ។
ដូច្នេះ ដើម្បីសម្រួលឲ្យមានសិទ្ធិអត្ថិភាពពិតប្រាកដដល់រថយន្តសង្គ្រោះ ចាំបាច់ត្រូវមានការអប់រំ ណែនាំ ផ្សព្វផ្សាយ បន្ថែមទៀត ដោយមានការបញ្ច្រៀតចូលបញ្ហានេះទៅដល់សិស្ស និស្សិត ឲ្យបានច្បាស់លាស់នៅតាមសាលា។ បង្កើនការអប់រំផ្សព្វផ្សាយជាសាធារណៈដល់ប្រជាពលរដ្ឋទូទៅ និងចាត់ទុកបញ្ហាសិទ្ធិអត្ថិភាពនៅលើទ្រូងផ្លូវនេះជាបញ្ហាសំខាន់។
លើសពីនេះ អ្វីដែលមិនអាចបន្ធូរដៃបាននោះ គឺដំណើរឆ្ពោះទៅមុខក្នុងការរឹតបន្តឹងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ការអប់រំ ផ្សព្វផ្សាយបន្ថែម បូកនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍អាចជាក្តីសង្ឃឹមមួយក្នុងការជួយកែប្រែឥរិយាបទ និងការប្រព្រឹត្តិរបស់អ្នកបើកបរខ្មែរមួយចំនួន ដែលមានឥរិយាបទយ៉ាប់យ៉ឺន ឲ្យមានការផ្លាស់ប្តូរ និងវិលទៅរកការគោរពច្បាប់។ ជាមួយគ្នានេះរដ្ឋាភិបាលក៏ត្រូវយកចិត្តទុកដាក់ផងដែរ ពីការរៀបចំសណ្តាប់ធ្នាប់លើផ្លូវថ្នល់ ចៀសវាងការរិះគន់ថា «និយាយហើយមិនព្រមធ្វើ ឬក៏ធ្វើក្នុងកម្រិតមួយដែលយឺតយ៉ាវ»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ