នាទីសុខភាពនិងអនាម័យ

តើគួរ​ព្រួយ​បារម្ភ​ទេ​​នៅ​ពេល​កូន​​ក្តៅ​ខ្លួន ?

សំឡេង ១១:១៦
តើ​គួរ​ព្រួយ​បារម្ភ​ខ្លាំង​ទេ នៅ​ពេល​ទារក​ក្តៅ​ខ្លួន​ខ្លាំង ?
តើ​គួរ​ព្រួយ​បារម្ភ​ខ្លាំង​ទេ នៅ​ពេល​ទារក​ក្តៅ​ខ្លួន​ខ្លាំង ? REUTERS/Damir Sagolj

ខ្លួន​ប្រាណ​មនុស្ស​យើង​មាន​កម្តៅ​ធម្មតា ប្រមាណ​៣៧​អង្សារ។ គេ​ចាត់​ទុក​ថា​មាន​ជំងឺ​ក្តៅ​ខ្លួន នៅ​ពេល​ណាសីតុណ្ហភាព​ខ្លួន​ ឡើង​លើស​ពី​ពី​៣៨​អង្សារ​។ ជាទូទៅ អាការៈ​ក្តៅ​ខ្លួន​​មិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​ផ្តល់​ការ​ព្យាបាល​ប្រសិន​បើ​​កកម្តៅ​ឡើង​​លើស​ពី ៣៨​អង្សារ​កន្លះ។ លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស ​គ្រូពេទ្យ​ឯកទេស​កុមារ​នៅ​មន្ទីរ​ពេទ្យ​អង្គការ​កុមារ​អង្គរ នា​ក្រុង​សៀម​រាប ដែល​ជា​មន្ទីរ​ពេទ្យ​អង្គការ​​​ទទួល​ព្យាបាល​​កុមារ​ដោយ​ឥត​គិត​ថ្លៃ​ជា​រៀង​រាល់​ សូម​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​អំពី​អាការៈ​ជំងឺ​ក្តៅ​ខ្លួន ថា​តើ​នៅ​ពេល​ណា​ដែល​ត្រូវ​ព្រួយ​បារម្ភ ​នាំ​មក​មន្ទីរ​ពេទ្យ និង​ពេល​ណាដែល​អាច​រក្សា​ថែ​កូន​នៅ​ផ្ទះ​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ។

ផ្សាយពាណិជ្ជកម្ម

ក្តៅ​ខ្លួន ជា​អាការៈសញ្ញា​​មួយ​ប្រាប់​ថា​សរីរាង្គ​កាយ​​កំពុង​ធ្វើ​​​ប្រតិកម្ម​ការ​ពារ​ខ្លួន​ប្រឆាំង​នឹង​អ្វី​មួយ ៖ ការ​បង្ក​រោគ ការ​រលាក ការ​ចាក់​ថ្នាំ​បង្ការ ឬ​ការ​ដុះ​ធ្មេញ​ ...​

ជា​ទូទៅ បើ​ត្រឹម​តែ​ជា​ការ​ក្តៅ​ខ្លួន ទោះ​​ខ្លាំង​បន្តិច​ក្តី ក៏​​មិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ឡើយ តែ​ប្រសិន​បើ​ការ​ក្តៅ​ខ្លួន​មាន​​បង្ហាញ​នូវ​រោគ​សញ្ញា​ផ្សេង​ទៀតៗ ដូច​ មាន​កន្ទូល​លើស្បែក ភ្នែក​ស្លឺ នោះ​អ្នក​ជា​ឪពុក​ម្តាយ​ត្រូវ​​ប្រញាប់​រួស​រាន់​នាំ​កូន​មក​មន្ទីរ​ពេទ្យ។

ការ​វាស់​កម្តៅ​

ប្រសិន​បើ​កូន​​ក្មេង​​មាន​សភាព​នឿយ​ហត់​ មិន​សូវ​លេង មាន​សភាព​ដូច​ជា​ឈឺ ថ្ងាស​ក្តៅ កូន​នោះ​ប្រហែល​ជា​មាន​​ជំងឺ​ក្តៅ​ខ្លួន​ហើយ។ ដូច្នេះ​លោកអ្នក​ត្រូវ​វាស់​សីតុណ្ហភាព​ភ្លាម
-       ដោយ​ប្រើ​ប្រដាប់​វាស់​កម្តៅ ទែរមូម៉ែត្រ នៅ​ចន្លោះ​ពេល​បាយ និង​ក្រោយ​ពី​ក្មេង​បាន​សម្រាក​ពី​លេង​២០​នាទី។ ​
-       ការ​វាស់​កម្តៅ​ដោយប្រើ​ដៃ​​ស្ទាប គ្មាន​សុក្រិតភាព​ទេ ប៉ុន្តែ​ចំពោះ​បណ្តា​ជន​ក្រីក្រ​នៅ​ជនបទ​ដែល​គ្មាន​លទ្ធភាព និងគ្មាន​ជម្រើស​ផ្សេង សូម​ប្រើ​ខ្នង​ដៃ​ស្ទាប​ថ្ងាស​កូន​ ដាក់​ឱ្យ​យូរ បើ​ជា​កម្តៅ​ដូច​ភ្លើង​ ទើប​អាច​ចាត់​ទុក​ថា​ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន​បាន។

តើ​ត្រូវ​គិត​គូរ​បញ្ចុះ​កម្តៅ​ ដោយ​ស្វ័យប្រវត្តិ​ និង​ដោយ​វិធី​ណា ?

ក្តៅ​ខ្លួន​ជា​អាការៈ​ជំងឺ​ធម្មតា មិន​ធ្ងន់ធ្ងរ​ទេជាទូទៅ ហើយ​នឹង​អាច​បាត់​ទៅ​វិញ​នៅ​រវាង​ពីរ​ឬ​បី​ថ្ងៃ​ក្រោយ។ ក្នុង​ករណី​ក្តៅ​ល្មមៗ​ ហើយ​កុមារ​នៅ​ទប់​ទល់​បាន​ នៅ​លេង នៅ​ញ៉ាំ យើង​មិន​បាច់​អ្វី​ត្រូវ​ផ្តល់​ថ្នាំ​ព្យាបាល​បំបាត់​អាការៈ​ក្តៅខ្លួន​នោះ​ឡើយ ​តែត្រូវ​​តាមដាន​និង​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច។

ផ្ទុយ​ទៅ​វិញ លោក​អ្នក​ត្រូវ​តែ​ផ្តល់​ការ​ព្យាបាល​ និង​ទៅ​ជួប​គ្រូពេទ្យ​ប្រសិន​បើ​
-       កូន​មាន​អាការៈ​ក្តៅ​ខ្លួន​លើស​ពី​ពីរ​ថ្ងៃ
-       កម្តៅ​ឡើង​លើស​ពី ៣៨,៥អង្សារ
-       កូន​មាន​អាយុ​ក្រោម​បី​ខែ
-       កូន​លែង​លេង លែង​ញ៉ាំ
-       កូន​មាន​បញ្ហា​សុខភាព​​ជាប់​នឹង​ខ្លួន ឬ​ធ្លាប់​មាន​ជំងឺរ៉ាំរៃ
ក្នុង​ពេ​ល​រង់ចាំ​ និង​​មុន​ទៅ​ដល់​មន្ទីរពេទ្យ​
-       ប្រើ​កន្សែង​សើម​ ជ្រលក់​ទឹក​ធម្មតា (មិន​ត្រជាក់​ពេក មិន​ក្តៅ​ពេក) ជូត​ថ្មមៗ និង​បន្តិចៗ​ម្តង ឱ្យ​សព្វពេញ​ខ្លួន និង​គ្រប​តាម​គន្លាក់​ដៃ​ជើង គ្រលៀន​ ដើម្បី​បញ្ចុះ​សីតុណ្ហភាព
-       ព្រលែង​ខ្លួន​កុមារ​ឬ​ទារក ឬ​កុំ​ពាក់​ខោអាវ​ជិត​​និង​ក្រាស់ៗ
-       ផ្តល់​ទឹក​ឱ្យ​កុមារ​និង​ទារក​ញ៉ាំ​​ឱ្យ​បាន​ច្រើន
-       ផ្តល់​ថ្នាំ​ត្រជាក់​ ប៉ារ៉ាសេតាម៉ុល​ តាម​កំរិត​ទម្ងន់ និង​អាយុ​​របស់​កុមារ ​

 
ដោយ​វេជ្ជបណ្ឌិត ង៉ែត ពិសេស គ្រូពេទ្យឯកទេស​កុមារ​នៅ​មន្ទីរ​អង្គការកុមារ​អង្គរ​ក្រុង​សៀមរាប៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI