នាទីសុខភាពនិងអនាម័យ

សង្កៀត​ធ្មេញ​ពេល​យប់ តើ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទេ ?

សំឡេង ០៧:០៥
អញ្ចាញ​ធ្មេញ​ដែល​មាន​ល្អ មិន​ចេញ​ឈាម​ទេ​ !
អញ្ចាញ​ធ្មេញ​ដែល​មាន​ល្អ មិន​ចេញ​ឈាម​ទេ​ ! © wikipedia

ដេក​សង្កៀតធ្មេញ តែង​​កើត​មាន​ជា​ញឹកញាប់ លើ​មនុស្ស​ប្រុស​ស្រី ដែល​មាន​អាការៈ​ថប់​កង្វង់ និង​ស្ត្រេស​ច្រើន​។ ការ​សង្កៀត​ធ្មេញ​ពេល​យប់ ញយៗ អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់សុខភាព​ធ្មេញ។ តើ​ពេល​ណា​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ធ្មេញ​ និង​តើ​ត្រូវ​ព្យាបាល​យ៉ាង​ដូចម្តេច ?  

ផ្សាយពាណិជ្ជកម្ម

សង្កៀត​ធ្មេញ​ពេល​ថ្ងៃ អាច​ជា​សញ្ញា​បង្ហាញ​ពី​អាការៈ​ក្តៅ​ក្រហាយ ខឹង​សម្បារ​ចំពោះ​នរណា​ម្នាក់ ឬ​អ្វី​មួយ​។ ប៉ុន្តែ​​ការ​សង្កៀត​ធ្មេញ​ខ្លះ មិន​មែន​ជា​សម្តែង​អារម្មណ៍​ឡើយ។ បើ​តាម​តួលេខ​របស់​សមាគម​គ្រូពេទ្យ​ធ្មេញ​បារាំង ការសង្កៀត​ធ្មេញអាច​ស្តែង​ចេញ​ឡើង នៅ​ពេល​ថ្ងៃ តែ​៨០%​កើត​ឡើង​នៅ​ពេល​យប់​ និង​នៅ​តែ​ពេល​គេង​ លង់​លក់​ និង​ជា​ការ​សង្កៀត​ធ្មេញ​ដោយ​មិន​ដឹង​ខ្លួន និង​មិន​អាច​បញ្ជា​បាន ព្រោះ​យើង​លង់​ក្នុង​ដំណេក​បាត់​ទៅ​ហើយ។ បុគ្គល​ខ្លះ​ទៀត មិន​សង្កៀត​ធ្មេញ​ទេ តំបន់​ថ្គាម​មាន​ការ​កន្ទ្រាក់។

ការ​សង្កៀត​ធ្មេញ​ត្រូវ​បាន​សម្គាល់​ដោយ​ដៃគូ​រួម​ដំណេក ជា​ភរិយា​ឬ​ស្វាមី ដែល​គេង​ក្បែរ និង​ដែល​គេង​មិន​លក់​ព្រោះ​ត្រូវ​រំខាន​ដោយ​សំឡេង​សង្កៀត​ធ្មេញ។ សំឡេង​សង្កៀត​ធ្មេញ លាន់​ឮ​ដូច​គេ​សំឡេង​ដីស​មាន​គ្រួស អូស​សរសេរ​លើ​ក្តារ​ខៀនយ៉ាង​ដូច្នេះ ! មាន​ន័យ​ជា​សំឡេង​ដែល​ស្រគៀ​ស្លឹក​ត្រចៀក​ខ្លាំងណាស់ ! មាន​មនុស្ស​ពេញ​វ័យ​យ៉ាង​ហោចណាស់ ១២% សង្កៀត​ធ្មេញ​នៅ​ពេល​យប់។ ជា​ទូទៅ និង​ជា​មធ្យម​មនុស្ស​ម្នាក់ៗ​នោះ​សង្កៀត​ធ្មេញ ក្នុង​រយៈ​ពេល ពី​ ៦ ទៅ​៨​ នាទី ក្នុង​មួយ​យប់ៗ។ បើ​សង្កៀត​បែប​នេះ តើ​នឹង​មាន​ផលវិបាក​អ្វី​កើតឡើង ? ផលវិបាក​ធំ​បំផុត​គឺ​ធ្មេញ​។ វា​អាច​បង្ក​ឱ្យធ្មេញ​មាន​សុខភាព​មិន​ល្អ ព្រម​ទាំង​ឆាប់​សឹក។

 

ហេតុអ្វី​បានជា​អ្នក​​សង្កៀត​ធ្មេញ ?

 

សង្កៀត​ធ្មេញ​ ពេល​ថ្ងៃ ជួន​ទាំង​នៅ​ដឹងខ្លួន មាន​ស្មារតី ជួន​ដោយ​មិន​ដឹង​ខ្លួន គឺ​ជា​អាការៈ​ជំងឺ​ម្យ៉ាង​ដែល​មាន​ពាក់​ព័ន្ធជា​ពិសេស​​នឹង​ប្រព័ន្ធ​ប្រសាទ​ និង​ចំណាត់​ការ​គ្រប់​គ្រង​អារម្មណ៍ គ្រប់​គ្រង​ស្ត្រេស។ ឬ​អាច​ចាត់​ទុក​ថា​ជា​ទម្លាប់​អាក្រក់​ ដូច​យ៉ាង​ញាក់​មុខ​ញាក់​មាត់ តែ​ទម្លាប់​សង្កៀតញេញ​ធ្មេញ​ អាច​បង្ក​ផលវិបាក​យ៉ាង​ខ្លាំង​ឆ្អឹង​ថ្គាម។ 

 

ដើម្បី​យល់អំពី​យន្តការ​នេះ​ការ​សង្កៀត​ធ្មេញ សូម​ស្តាប់​បទ​​អត្ថាធិប្បាយរបស់​លោក មីឆែល សឺមេស ​ដោយ​ត្រួសៗ​អំពី​សីរៈវិទ្យា​មនុស្ស​។

 

​ឆ្អឹង​ថ្គាម​ក្រោម ដែល​មាន​សន្លាក់​ភ្ជាប់​ទៅ​ទៅ​ឆ្អឹង​សៀត​ផ្កា ជា​ធម្មតា មាន​ចលនា នៅ​ពេល​យើង​​ទំពារ និង​លេប​ទឹក​មាត់។ ក្នុង​មួយ​ថ្ងៃៗ ថ្គាម​របស់​យើង​ត្រូវ​គាប​រឹត រយៈ​ពេល​ប្រមាណ​ពី​១០​ទៅ​១៥​នាទី​ ជា​សរុប។ ប៉ុន្តែ​ចំពោះ​អ្នក​មាន​ជំងឺ​សង្កៀត​ធ្មេញ ឆ្អឹង​ថ្គាម​ធ្វើ​ការ​គាប​រឹត​ដល់​ទៅ​រាប់​ម៉ោង។ សម្ពាធ​មិន​ធម្មតា ដែល​អូសបន្លាយ​ពេល​យូរ អាច​បង្ក​ឱ្យ​មាន​ការ​ឈឺចាប់​ដល់​សន្លាក់ ដល់​សៀត​ផ្កា ​ឈឺក្បាល​ និង​ធ្វើ​ឱ្យ​មាន​ឮ​សំឡេង​ចំឡែក​ក្នុង​ត្រចៀក ឬ​ហ៊ឹង​ត្រចៀក។ តែគឺ​ធ្មេញដែល​ត្រូវ​រង​ទុក្ខ​ទោស និង​ខូច​ខាត​​ខ្លាំង​ជាង​គេ ​​ដែល​ធ្វើ​ឱ្យ​យើង​សើច​លែង​សម​ផង​ក៏​ថា​បាន ព្រោះ​ធ្មេញ​ត្រូវ​ស្រាំ សឹក​រិចរិល។”

 

កុមារ​និង​ការ​សង្កៀត​ធ្មេញ

ការ​សង្កៀត​ធ្មេញ​ឃើញ​មាន​កើតឡើង​កាន់​តែ​ច្រើន​ឡើងៗ និង​ញយៗ ចំពោះ​កុមារ​តូច។ មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឱ្យ​ក្មេង​សង្កៀត​ធ្មេញ ប៉ុន្តែ​ដូច​ករណីមនុស្ស​ចាស់​ដែរ ថ្វី​បើ​គេ​និយាយ​ថា​មាន​​មូលហេតុ​ច្រើនមែន តែ​មូលហេតុ​ទាំង​នោះ​សុទ្ធ​សឹង​ជា​សេចក្តី​សន្និដ្ឋាន ជា​សមតិកម្ម​ ច្រើន​ជាង​ភាព​ប្រាកដប្រជា។ ចិត្តសាស្ត្រ​ជាមូលហេតុ​ទី​មួយ ព្រោះ​គេ​យល់​ថា កូន​ក្មេង​ពេល​នៅ​តូច​នៅ​ឡើយ មិន​ទាន់​ចេះ​បញ្ចេញ​អារម្មណ៍​ ទើប​ត្រូវ​សង្កៀត​ធ្មេញ។

សម្មតិកម្ម​ទីពីរ ក្មេង​សាកល្បង​ស្វែង​រក​ជំហរ​ដ៏​ត្រឹម​ត្រូវ​មួយ​សម្រាប់​សម្រួល​ទីតាំង​ថ្គាម​ ហើយ​ទៅ​ត្រគៀត​ធ្មេញ​ ដែល​គេ​គិត​ថា​ទើស​ទែង។ ការ​សង្កៀត​ធ្មេញ​របស់​ក្មេង ទោះដោយ​មូលហេតុ​អ្វី​ក៏​ក៏​ជា​សំឡេង​ដែល​ពិបាក​ទ្រាំ​បំផុត​សម្រាប់​ឪពុកម្តាយ ហើយ​ជាង​នេះ ទៅ​ទៀត វា​ជា​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ធ្មេញ​ស្រុក។ មាន​ន័យ​ថា​ធ្មេញ​ស្រុក​នឹង​បញ្ឈប់​ការ​ដុះ​លូត​លាស់​មុន​អាយុ​ ពោល​គឺ​នៅ​ពេល​ទៅ​ទើស​នឹង​ថ្គាម​ប្រឈម។

 

ការការពារ​និង​ការ​ព្យាបាល

 

​ជា​ទូទៅ មិន​ថា​ចំពោះ​កុមារ​ឬ​មនុស្ស​ចាស់​ទេ កាល​ពី​ដើម​ឡើយ​គេ​គិត​ថា​ ការសង្កៀត​ធ្មេញ​ បណ្តាល​មក​ពី​អ្នក​ជំងឺ​នោះ មាន​បញ្ហា​ថ្គាម​ មិន​ត្រង់​ ប៉ុន្តែនា​ពេល​បច្ចុប្បន្ន​នេះ ​អ្នក​ជំនាញ​បានស្រុះស្រួល​​ព្រមព្រៀង​គ្នា​ ថា បញ្ហា​សង្កៀត​ធ្មេញ​មាន​​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រសាទ​នៅ​ខួរ​ក្បាល និង​ស្ត្រេស។ ដូច្នេះ​គេ​ពិត​ជា​ពិបាក​កំណត់​រក​មូលហេតុ​ដែល​នាំ​កើត​រោគ​សង្កៀត​ធ្មេញ​ណាស់ ព្រោះ​មាន​កត្តា​ច្រើន​យ៉ាង​ពេក។ ប៉ុន្តែ​គ្រូពេទ្យ​​អាច​ជួយ​កំរិត​ការ​ខូច​ខាត​​និង​ផលវិបាក​ដែល​បង្ក​ឡើង​ដោយ​ការ​សង្កៀត​ធ្មេញ​នេះ​បាន​ខ្លះ។ សូម​កុំ​ធ្វេស​ប្រហែស​ និង​មើល​ស្រាល​អាការៈ​សង្កៀត​ធ្មេញ​ឱ្យ​សោះ។

 

​​គ្រូពេទ្យ​ធ្មេញ​អាចដឹងនិង​ប្រាប់​បាន នៅ​ពេលអ្នក​​ទៅ​ពិគ្រោះ​មើល​សុខភាព​ធ្មេញ​តាម​ទម្លាប់​ធម្មតា តាមរ​យៈ​សភាព​របស់​ធ្មេញ​​មាន​ភាព​សឹក​រិចរិល ឬ​សាច់ដុំនៅ​ថ្គាម​ឡើង​ខ្លាំង​ ដែល​ជា​អាការៈ​សញ្ញា​ពិតៗ​របស់​អ្នក​សង្កៀត​ធ្មេញ​។ យក​ល្អ ប្រសិន​បើ​អ្នក​ដឹង​ខ្លួន​ថា​មាន​ទម្លាប់​អាក្រក់​សង្កៀត​ធ្មេញ​ពេល​យប់​ហើយ គួរ​រួសរាន់​ទៅ​ពិគ្រោះ​ជាមួយ​ទន្តបណ្ឌិត ដើម្បី​កុំ​ឱ្យ​រោគ​សញ្ញា​ នៃ​ការ​ឈឺ​ចុក​​ចាប់​នៅ​តំបន់​ថ្គាម​ នៅ​តំបន់​សៀតផ្កា ឡើង​ដល់​ភ្នែក ដល់​ត្រចៀក​ទាន់។

 

ប៉ុន្តែ​ជា​សំណាង​អាក្រក់ ការព្យាបាលអាការៈ​សង្កៀត​ធ្មេញ​​ មាន​ប្រសិទ្ធភាព​ត្រឹម​មួយ​រយៈ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ព្យាបាល​ឱ្យ​ជា​ដាច់​បាន​ទេ។ ការព្យាបាល ដែល​ តម្រូវ​ឱ្យ​អ្នក​ជំងឺ​ពាក់​ស្រោមធ្វើ​ពី​​ផ្លាស្ទិក នៅ​ពេល​យប់ ដើម្បីការពារ​កុំ​ឱ្យ​ធ្មេញ​លើ​ និង​ធ្មេញ​ក្រោម​ប៉ះ​គ្នា សង្កៀត​ទៅ​ធ្វើ​ឱ្យ​សឹក​ធ្មេញ។ វិធានការ​នេះ​តម្រូវ​​ឱ្យ​អ្នក​ជំងឺ​ខាំ​ពុម្ព​ធ្មេញ​ ដើម្បី​ឱ្យ​គ្រូពេទ្យ​​អាច​វាស់​ចាក់​ស្រោម​មក​ពាក់​ពីលើ​ធ្មេញ។

 

ធ្វើ​សមាធិ 

 

ដោយ​ហេតុ​ថា​ការសង្កៀត​ធ្មេញ ច្រើន​កើត​ចំពោះ​​មនុស្ស​ដែល​មាន​កង្វង់​ និង​ស្ត្រេស​ខ្លាំង វិធី​សាស្ត្រ​ដ៏​ល្អ​មួយ​ទៀត ដែល​គ្រូពេទ្យឯកទេស​មាត់​ធ្មេញ​​តែង​ផ្តល់​អនុសាសន៍​ជូន​នោះ គឺ​ការ​គ្រប់គ្រង​អារម្មណ៍​ ហាត់​បន្ធូរ​អារម្មណ៍​ ធ្វើសមាធិ តាំង​ចិត្ត​ឱ្យ​រសាយ ឬ​​ធ្វើ​ម៉ាស្សា​ ធ្វើ​សរសៃ​ ដើម្បី​សម្រួល​ភាព​តាន​តឹង​នៅ​សាច់​ដុំ​ បង្ក​ឡើង​ដោយ​ស្ត្រេស។

 

មាន​មូលហេតុ​មួយ​ទៀត ដែល​អាច​ជំរុញ​ឱ្យ​មាន​ការ​ព្យាបាល​សមស្រប​បាន នោះ​គឺ​ការ​កាត់​បន្ថយ​ការ​ទទួល​ទាន​គ្រឿងមាន​ជាតិ​ញៀន សើបស្រាល​ កាហ្វេ តែ គ្រឿង​ញៀន គ្រឿង​ស្រវឹង អាភៀន​ ថ្នាំ​ប៉ូវ​។ បើ​តាម​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ ក៏​បញ្ជាក់​ថា ផលិតផល​ទាំង​នោះ អាច​រុញ​ច្រាន​ឱ្យ​មនុស្ស​យើង​ធ្លាក់​ក្នុង​អាការៈ​ដេក​សង្កៀត​ធ្មេញ។

 

ជា​ចុងក្រោយ​ នៅ​ពេល​ដែល​ការ​សង្កៀត​ធ្មេញ បាន​បង្ក​ជា​ជំងឺ ធ្មេញ​ខូច ពាក់​ប្រដាប់​ការពារ​ហើយ​នៅ​តែគ្មាន​ប្រសិទ្ធភាព​គឺ​មាន​តែ​ត្រូវ​ធ្វើ​ធ្មេញ ដាក់​ធ្មេញ​ស្រោប។ ហើយ​បើ​ឈាន​ដល់​ប៉ះពាល់​ដល់​សាច់​ដុំ​ថ្គាម គ្រូពេទ្យ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ត្រូវ​ប្រើ​ថ្នាំ​ដាក់​សាច់​ដុំ​ដែល​ពាក់​ព័ន្ធនោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI