អានតួអត្ថបទ
កម្ពុជា-ច្បាប់

អង្គការ​សង្គម​ស៊ីវិល​៤៨​ស្ថាប័ន​ទាមទារ​ឱ្យ​ទម្លាក់​ចោល​ការ​ផ្ដន្ទាទោស​លើ​សកម្មជន​មាតា​ធម្មជាតិ​៣​ នាក់

សកម្ម​ជន​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះ​កុង​ដោះ​លែង ក្រោយ​ការ​ព្យួរ​ទោស​ដែល​នៅសេស​សល់​ កាល​ពី​ពេល​កន្លង​ទៅ​។
សកម្ម​ជន​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះ​កុង​ដោះ​លែង ក្រោយ​ការ​ព្យួរ​ទោស​ដែល​នៅសេស​សល់​ កាល​ពី​ពេល​កន្លង​ទៅ​។ @FB/Mother Nature
១៤ នាទី

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤៨ ស្ថាប័ន នៅ​ថ្ងៃ​អាទិត្យ នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​បដិសេដ​សេចក្តី​សម្រេច​ផ្តន្ទាទោស​លើ​សកម្មជន​ អង្គការ​មាតា​ធម្មជាតិ​៣​នាក់​។ អ្នក​ទាំង​៣​ត្រូវ​បានសាលា​ដំបូង​ខេត្ត​កោះកុង​​ផ្ដន្ទាទោស​ពី​បទ​ផ្តើម​ គំនិត​ក្នុង​បទ​ល្មើស «គំរាម​គំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូច​ខាត​ដែល​ភ្ជាប់​មក​នូវ​បញ្ជា​អ្វី​មួយ» ។ ខណៈ​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ទី ៣១​មករា​ខាង​មុខ សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ទាំង​៣​នាក់ បាន​សម្រេច​មិន​ចូល​រួម​ក្នុង​សវនាការ ដោយ​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​។​

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​សង្គម​ស៊ីវិល​ចំនួន​ ៤៨ ស្ថាប័ន បាន​សរសេរ​ថា សកម្មជន​មាតា​ធម្មជាតិ​ទាំង​បី​រូប ដែល​រួម​មាន លោក សាន់ ម៉ាឡា លោក ទ្រី សូវិគា និង​លោក ស៊ីម សំណាង មិន​មែន​ជាឧក្រិដ្ឋជន​នោះ​ទេ។ ពួក​គេ​គឺ​ជា​អ្នក​ការពារ​បរិស្ថាន​ដ៏​ក្លាហាន ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​ធំ​ធេង ដើម្បី​ការពារ​ធន​ធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​។ យ៉ាង​ណា​ក៏ដោយ ជា​ការ​ឆ្លើយ​តប ពួក​គេ​បែរ​ជាត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដោយ​ផ្អែក​លើ​បទ​ចោទ​ប្រកាន់ ដែល​មាន​លក្ខណៈ​នយោបាយ​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​កម្រាស់​៦​ទំព័រ​របស់​អង្គការ​សង្គម​ស៊ីវិល ចេញ​ផ្សាយ​នៅ​ថ្ងៃ​២៩​មករា​នេះ។

អង្គការ​សង្គម​ស៊ីវិល បាន​ទទូច​ឱ្យ សាលា​ឧទ្ធរណ៍​កែ​តម្រូវ​សេចក្តី​សម្រេច​ដែល​ពុំ​ត្រឹម​ត្រូវ​ តាម​រយៈ​ការបដិសេដ​ចោល​ទាំង​ស្រុង នូវ​ការ​ផ្តន្ទាទោស​ដែល​មិន​ត្រឹម​ត្រូវ​របស់​សាលា​ដំបូង​ខេត្ត​កោះកុង​។

សូម​រំលឹក​ជូន​ថា សកម្មជន​បរិស្ថាន​ទាំង ៣​រូប ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១៨​ខែ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ព្រម​ទាំង​បង្គាប់​ឲ្យ​សង​សំណង​ខូចខាត ១០០​លាន​រៀល​ទៅ​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​​។ ក្រុមហ៊ុន​បូម​ខ្សាច់ Direct Access និង International Rainbow Company ដែល​ប្ដឹង​ពួកគេកាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ ពីបទ​​ផ្ដើម​គំនិត​ក្នុង​បទល្មើស «គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ» តាម​មាត្រា​២៨ និង​មាត្រា​៤២៤ នៃ​ក្រមព្រហ្មទណ្ឌ។

សកម្មជនទាំងបី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៥ និង​បាន​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្នអស់​រយៈពេល​១០​ ខែ និង ១៥ ថ្ងៃ មុន​ពេល​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ខណៈ​ទោស​ ដែល​នៅសេស​សល់​ត្រូវ​បាន​ព្យួរ​ការ​អនុវត្ត​។

សូម​ជម្រាប​ថា ទន្ទឹម​នឹង​ការ​បើក​សវនាការ​របស់​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៣១​មករា សកម្មជន​អង្គការ​មាតា​ធម្មជាតិ​​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​ទាំងបី​នាក់  បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ  ដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ