នាទីសុខភាពនិងអនាម័យ

ទិវាសុខភាព​ពិភពលោក២០១៧ ឧទ្ទិសដល់​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​

សំឡេង ០៨:០៨
ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ កើន​ឡើង​ឥតឈប់​ឈរ​នៅ​លើ​ពិភពលោក
ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ កើន​ឡើង​ឥតឈប់​ឈរ​នៅ​លើ​ពិភពលោក Getty Images/Keith Brofsky

​ទិវា​សុខភាព​ពិភពលោក តែង​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃទី ៧ មេសា​ ដើម្បីជា​ការ​​រំលឹក​ដល់ខួប​នៃ​ការ​បង្កើត​អង្គការ​សុខភាព​ពិភពលោក​ឡើង និង​ដើម្បីឆ្លៀត​​ឱកាស​​​​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ឧទ្ទិស​ដល់​ប្រធានបទ​សុខភាព​ណា​មួយ​ជា​ប្រយោជន៍​​ដល់​ពិភពលោកទាំង​មូល។ នៅ​ឆ្នាំ​២០១៧​នេះ អង្គការ​សុខភាព​ពិភពលោក សូម​ផ្តោត​យុទ្ធនាការ​​លើ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។តើ​ធ្លាក់​ទឹក​ចិត្ត​ ជា​ជំងឺ​អ្វី ?

ផ្សាយពាណិជ្ជកម្ម

ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ អាច​កើត​លើ​មនុស្ស​គ្រប់វ័យ នៅ​គ្រប់​ប្រទេស នៅ​គ្រប់​ជ្រុង​នៃ​ភពផែនដី ! វិបត្តិ​​ផ្លូវ​ចិត្ត​បែប​នេះ​បង្ក​ឱ្យ​មាន​ការ​បៀម​ទុក្ខព្រួយ​ និង​អាច​ប៉ះពាល់​ដល់​កាយ​សម្បទា​របស់​មនុស្ស រំខាន​ដល់​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​ ជួន​អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ ដល់​ទំនាក់ទំនង​ជាមួយ​គ្រួសារ ជាមួយ​មិត្ត​ភក្តិ និង​មិន​អាច​ចេញ​ទៅ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន​ទៀត​ផង។ កាន់​តែ​អាក្រក់​បំផុត​ទៅ​ទៀត ជំងឺ​ធ្លាក់ទឹក​ចិត្ត​អាច​រុញ​ច្រាន​ឱ្យ​មនុស្ស​ហ៊ាន​ធ្វើ​អត្តឃាត​ខ្លួន​​​ឯង។ ការធ្វើ​អត្តឃាត​គឺ​ជា​មូលហេតុទីពីរ​នៃ​មរណភាព​របស់យុវវ័យ​អាយុ​១៥ទៅ​២៩​ឆ្នាំ។

ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ជាជំងឺ​​ផ្លូវចិត្ត​ម្យ៉ាង​ ដែល​កើត​មាន​ជា​ញឹកញាប់ជាងគេ និង​មាន​កំណើន​ឥតឈប់​ឈរ នៅ​លើ​ពិភពលោក។ នៅ​រវាង​ពី​ឆ្នាំ​១៩៩០-២០១៣ ចំនួន​អ្នក​មាន​វិបត្តិ​ផ្លូវចិត្ត ធ្លាក់ទឹកចិត្ត​ឬ​​ខ្វល់​ថប់​បារម្ភ បានកើន​ឡើង​ប្រមាណ​ជិត ៥០%។ ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក​ប្រមាណ​ជា​១០% ធ្លាប់​មាន​អាការៈ​ធ្លាក់ទឹកចិត្ត ឬ​ថប់​បារម្ភ ឬ​អាការៈ​ទាំង​ពីរ​តែ​ម្តង។ ការ​ធ្លាក់​ទឹក​ចិត្ត​ តែ​មួយ​​ បាន​ធ្វើ​ឱ្យ​យើង​ខាត​ និង​រស់​ក្នុង​អសមត្ថភាព​ ប្រមាណ​ជា​១០%​នៃ​រយៈ​ពេល​រស់​រាន​មាន​ជីវិត ​នៅលើ​ពិភពលោក​។

នៅ​ក្នុង​ប្រទេស​និង​តំបន់​ដែល​មាន​ភាព​បន្ទាន់​មនុស្ស​ធម៌​ និង​មាន​ជម្លោះ​វិញ​ មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៥​នាក់ មាន​កើត​ជំងឺ​ធ្លាក់ទឹក​ចិត្ត និង​ជំងឺ​ខ្វល់ថប់​បារម្ភ។ ជំងឺ​ធ្លាក់​ទឹក​ចិត្ត អាច​ជំរុញ​ឱ្យ​យើង​ងាយ​កើត​ជំងឺ​មិន​ឆ្លង​ដទៃ​ទៀត ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម​បេះដូង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​មានផ្ទុក​​ជំងឺទឹក​នោម​ផ្អែម ​និងជំងឺសរសៃ​ឈាម​បេះដូង​ ជន​នោះ​ក៏​ងាយ​នឹង​ធ្លាក់​ខ្លួន​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដែរ។ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​របស់​ស្ត្រី​ទើប​ឆ្លង​ទន្លេ អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​លូត​លាស់​របស់​ទារក​ទើប​នឹង​កើត។

 

គេ​អាច​សម្គាល់​និង​ចាត់​ទុក​មនុស្ស​ម្នាក់​ថា​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​បុគ្គល​នោះ មាន​ការ​គិត​ធ្លាក់​ចុះ ភាព​វ័យ​ឆ្លាត​ក៏​បាន​ថយ​ចុះ​ សោះ​អង្គើយ បណ្តោយ​ខ្លួន​មិន​ខ្វល់​ចង់​សំអិត​សំអាង​ខ្លួន​សិតសក់​អ្វី​ទាំងអស់ អស់​សង្ឃឹម គ្មាន​ចំណង់ គ្មាន​អារម្មណ៍​និងអសមត្ថភាព​អាច​បំពេញ​កិច្ចការ​ជា​ប្រចាំ​ថ្ងៃ​បាន។ ការ​ធ្លាក់​ទឹក​ចិត្ត​ដែល​រាប់​ថា​ជំងឺ​បាន ដរាបណា​​បុគ្គល​នោះ​ មាន​អាការៈ​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ​​រយៈ​ពេល​យ៉ាង​ហោច​២​សប្តាហ៍​ជាប់​គ្នា។

 

ពេល​ខ្លះ​ទៀត ជំងឺ​ធ្លាក់​ទឹក​ចិត្ត​អាច​ជំរុញ​ឱ្យ​បុគ្គល​ម្នាក់​នោះ ក្លាយ​ជា​មនុស្ស​អស់​ថាមពល ប្តូរ​ចំណង់​អាហារ​ គេង​មិន​លក់​ ថប់បារម្ភ ពិបាក​ផ្ចង់​អារម្មណ៍ ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ ជ្រួល​ច្រាល​អន្ទះ​អន្ទែង មាន​អារម្មណ៍​ថាខ្លួន​ជា​មនុស្ស​អត់​​ប្រយោជន៍​ ដាក់​ទោស​ឬ​ទម្លាក់​កំហុស​លើ​ខ្លួន​ឯង គិតអ្វី​វិលវល់​តែ​ម្នាក់ឯង ឬ​ចង់​បញ្ចប់​ជីវិត​ដោយ​ធ្វើ​អត្តឃាត។

ជំងឺ​ធ្លាក់​ទឹក​ចិត្ត​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ គ្រប់ភេទ។ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ មិន​មែន​ជា​សញ្ញា​នៃ​ភាព​ទន់​ខ្សោយ​របស់​មនុស្ស​ណា​ម្នាក់​ទេ ! ជំងឺ​ធ្លាក់​ទឹក​ចិត្ត បញ្ហា​ផ្លូវចិត្ត អាច​ព្យាបាល​ជា តាម​រយៈ​ការ​ប្រើ​ថ្នាំ ឬ​តាម​រយៈ​ពាក្យ​សំដី​ អប់រំ ណែនាំ ឬ​លួងលោម !

ដូច្នេះ​ប្រសិន​បើ​អ្នក​សង្ស័យ​ថា ខ្លួន​កំពុង​ចង់​ធ្លាក់​ទឹក​ចិត្ត​ សូម​និយាយ​ប្រាប់​ទៅ​នរណា​ដែល​ជាទី​ទុក​ចិត្ត។ ជា​ទូទៅ​ មនុស្ស​ភាគ​ច្រើន ច្រើន​តែ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត នៅ​ពេល​បាន​និយាយថ្លាថ្លែង​ពី​ដែល​មាន​កប់​ក្នុង​អារម្មណ៍​​ ឱ្យ​ចេញ​អស់​ពី​ខ្លួន។ ជំនួយ​ពី​អ្នក​ដទៃ​ ត្រឹម​ត្រូវ​​អ្នក​នឹង​បាន​ប្រសើរ។ ​បន្ត​ធ្វើ​សកម្មភាព​ដែល​ចូល​ចិត្ត តាម​ទម្លាប់។ រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រួសារ​និងមិត្តភក្ត្រ។​ ទទួល​ទាន​អាហារ និង​ចូល​គេង​ ឱ្យ​បាន​ទៀង​ទាត់ ដោយ​ចៀស​វា​ង កុំ​ទទួល​ទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ផ្សេងៗ។

ត្រូវ​ព្រម​ទទួល​ស្គាល់ ដោយ​ខ្លួន​ឯងថា យើង​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​ឈាន​ទៅ​រក​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត កំពុង​មាន​បញ្ហា​ផ្លូវ​ចិត្តដូច្នេះ លទ្ធផលការងារ​ ត្រូវ​តែ​ចុះ​ថយ និង​មិន​អាច​សម្រេច​១០០%​ដូច​ការ​ចង់​បាន​ទេ។ សំខាន់​ត្រូវ​ចេះ​និយាយ និង​ស្វែង​រក​ជំនួយ ! ជំនួយ​ពី​មនុស្ស​នៅ​ជិត​ខ្លួន ជំនួយ​ខ្លួន​ឯង និង​ជំនួយ​ពីគ្រូពេទ្យ​ឯកទេស។

សូម​បញ្ជាក់​ថា មាន​ប្រទេស​ច្រើន​ណាស់ នៅ​លើ​ពិភពលោក​យើង​នេះ ដែល​ពុំ​មាន​រចនា​សម្ព័ន្ធ​គ្រប់គ្រាន់ ឬ​មាន​តិច​តួច​បំផុត ឬ​ក៏​គ្មាន​សោះ​តែ​ម្តង ជួយ​គាំទ្រ​មាន​ជំងឺ​ផ្លូវចិត្ត និង​សុខភាព​ផ្លូវចិត្ត​មិន​សូវ​ល្អ។ សូម្បី​តែ​នៅ​ក្នុង​ប្រទេស​អ្នក​មាន អ្នក​កើត​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ចំនួន​ជិត​ពាក់​កណ្តាល មិន​បាន​ទទួល​ការព្យាបាល​ទេ។ បើ​គិត​ជា​ថវិកា គ្មាន​ការ​ព្យាបាល​ជំងឺ​វិបត្តិ​ផ្លូវចិត្ត ដូច​យ៉ាង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ បាន​ធ្វើ​ខាត​បង់​សេដ្ឋកិច្ច​ខ្ពស់​ណាស់។ ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញ​ថា ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ការ​ថប់​បារម្ភ​ វិបត្តិ​ផ្លូវ​ចិត្ត​តែ​ពីរ​មុខ​នេះសោះ អាច​ធ្វើ​ឱ្យ​មាន​កំហាត​សេដ្ឋកិច្ច​អស់​ជាង​១០០០​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ។ ផ្ទុយ​ទៅ​វិញ វិបត្តិ​ផ្លូវ​ចិត្ត​ដែល​មាន​កើត​ជា​ញឹកញាប់​នេះ អាច​ការពារ និងទប់​ស្កាត់​បាន ដោយ​ចំណាយ​ថវិកា​ដ៏​តិច​តួច​បំផុត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI