នាទីសុខភាពនិងអនាម័យ

រលាក​ថ្លើម​រាតត្បាត​ខ្លាំង​ជាង​ជំងឺ​របេង និង​អេដស៍

សំឡេង ០៨:០៧
រលាក​ថ្លើម​កើត​ឡើង​ខ្លាំង​ជាង​ជំងឺ​របេង​និង​អេដស៍
រលាក​ថ្លើម​កើត​ឡើង​ខ្លាំង​ជាង​ជំងឺ​របេង​និង​អេដស៍ pvsq.org

ចំនួន​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​រលាក​ថ្លើម​ មាន​ការ​កើន​ឡើង​ ពេញ​ពិភពលោក ! នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​​រលាក​ថ្លើម​ចំនួន ប្រមាណ ៣២៥​លាន​នាក់ មាន​ចំនួន​តិច​តួច​ណាស់ ដែល​​ដឹង​ខ្លួន​ថា​​ផ្ទុក​មេរោគនេះ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី ២១​មេសា។ តើ​ជំងឺ​រលាក​ថ្លើម​ជា​ជំងឺ​អ្វី ? ហេតុអ្វី​បាន​ជាមនុស្ស​ផ្ទុក​មេរោគ​នេះ​ច្រើន​ម្ល៉េះ ?

ផ្សាយពាណិជ្ជកម្ម

 

អង្គការ​សុខភាព​ពិភពលោក បាន​ទាមទារ​ឱ្យ​មាន​ផែនការ​ទូទៅ​សម្រាប់​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ជំងឺ​រលាក​ថ្លើម​។ បើ​តាម​អង្គការ​ ប្រជាពល​រដ្ឋ​ទូទៅ​នៅ​លើ​ពិភពលោក​ភាគ​ច្រើន​ខ្លាំង​ណាស់ ​មិន​បាន​ទៅ​ធ្វើ​តេស្ត​វិភាគ​មើល​ជំងឺរលាក​ថ្លើម និង​មិន​អាច​ទទួល​បាន​ការព្យាបាល។ ដូច្នេះ​ជា​ផលវិបាក ពិភពលោកត្រូវ​​ប្រឈម​នឹង​គ្រោះ​មាន​មនុស្សរាប់​លាន​នាក់​អាចវិវឌ្ឍន៍​ខ្លួន​ទៅ​​​​កើត​ជំងឺ​ថ្លើម​រ៉ាំរៃ ​ជំងឺ​មហារីក​ថ្លើម រួច​ស្លាប់​ព្រោះ​ជំងឺ​ថ្លើម នាពេល​អនាគត។

► ពលរដ្ឋ​ខ្មែរ​មាន​អត្រា​មហារីក​ថ្លើម​ខ្ពស់​ ព្រោះ​ទទួល​គ្រឿង​ស្រវឹង​ច្រើន ?

វីរ៉ុស​បង្ក​ជំងឺ​រលាក​ថ្លើម​ កំពុង​បន្ត​សម្លាប់​មនុស្ស​​ប្រមាណ​ ១លាន​៣សែន​បួន​ម៉ឺ​ននាក់ ក្នុង​មួយ​ឆ្នាំៗ។ ពោល​គឺ​ជា​ចំនួន​ដ៏​ច្រើន​ អាច​ប្រៀប​ប្រដូច​​ទៅ​ចំនួន​មរណភាព​បង្ក​ឡើង​ដោយ​ជំងឺ​របេង និង​ជំងឺ​អេដស៍។ ជាង​នេះ​ទៅ​ទៀត អត្រា​មរណៈ​ព្រោះ​ជំងឺ​រលាក​ថ្លើម​ មាន​ការ​កើន​ឡើង​ជា​លំដាប់ ក្នុង​កំរិត ២២% តាំង​​ពី​ឆ្នាំ​២០០០ (ដល់​​ឆ្នាំ​២០១៤) ក្នុង​ខណៈ​ដែល​អត្រា​មរណៈ​នៃ​ជំងឺ​របេង និង​អេដស៍​ធ្លាក់​ចុះ។ ចំនួន​អ្នក​ឆ្លង​វីរ៉ុស​មាន​ការ​កើន​ឡើង​ជា​លំដាប់​ហើយ ឯ​ចំនួន​អ្នក​ដឹង​ខ្លួន​ថា​មាន​ផ្ទុក​ជំងឺ​​មាន​កំរិត​ទាប​ខ្លាំង មិន​ដល់​១០%​ទេ។

តើ​ជំងឺ​រលាក​ថ្លើម​ជា​អ្វី ?

រលាក​ថ្លើម​ជា​ជំងឺ​ដែលបង្ក​ឡើង​វីរ៉ុស និង​​កើត​ឡើង​ដោយ​ស្ងាត់ៗ តែ​អាច​បង្ក​រោគ​ឱ្យ​ក្លាយ​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​ រ៉ាំរៃ ដូច​ជា​ជំងឺ​ក្រិនថ្លើម ឬ​មហារីក។ វីរ៉ុស​នៃ​ជំងឺ​រលាក​ថ្លើម​មាន​៥​ប្រភេទ A B C D និង E ឬ​អាច​និយាយ​បាន​ថា រលាក​ថ្លើម​មាន​៥​ប្រភេទ គឺរលាក​ថ្លើម​ប្រភេទ អា ប្រភេទ​ បេ សេ ដេ និង​អឺ។

រ​លាក​ថ្លើម​ទាំង​៥​ប្រភេទ​នេះ ​សុទ្ធ​សឹង​ជា​ជំងឺ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ ព្រោះ​វា​អាច​ជា​បន្ទុក​នាំ​ឱ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ និង​ធ្លាក់​ខ្លួន​ស្លាប់​ ហើយ​អាច​បង្ក និង​បង្កើត​ហានិភ័យ​​ក្លាយ​ជា​ជំងឺ​​រាត​ត្បាត។ រលាក​ថ្លើម​ប្រភេទ​ បេ និង​ប្រភេទ សេ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពិសេស​ជាង​គេ ព្រោះ​វា​អាច​បង្ក​ជា​ជំងឺ​រ៉ាំរៃ ​លើ​ប្រជាជន​រាប់​លាន​នាក់។ បើ​និយាយ​ជា​សរុប ជំងឺ​រលាក​ថ្លើម​ ជា​ញឹកញយ គឺ​ជា​ប្រភព​​បង្ក​ឱ្យ​មាន​ជំងឺ​ក្រិន​ថ្លើម និង​មហារីក​ថ្លើម។

 

រលាក​ថ្លើម​ប្រភេទ បេ សេ និង​ដេ ជា​ជំងឺ​ឆ្លង​តាម​ឈាម ពី​ឪពុកម្តាយ​ទៅ​កូន ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​ទៀត តាម​រយៈ​ការ​បញ្ចូល​ឈាម តាម​រយៈ​ការ​ចាក់​ឬ​ប្រើ​ម្ជុល​​​ឬ​សម្ភារៈ​ពេទ្យ​មិនស្អាត ហើយ​ចំពោះ​រលាក​ថ្លើម​ប្រភេទ​បេ មាន​ការ​ចម្លង​ពី​ម្តាយ​ទៅកូន​នៅ​ពេល​ប្រសូត​ផង ពី​សមាជិក​គ្រួសារ​ណា​ម្នាក់​ទៅ​កូន ឬ​​តាម​រយៈ​ការ​រួម​ភេទ។

ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា និង​អឺ ជា​ទូទៅ​ច្រើន​តែ​បង្ក​ឡើង​ដោយ​ទឹក​និង​ចំណី​អាហារ​មិន​ស្អាត។ ​រីរ៉ុស​បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា និង​អឺ ជា​វីរ៉ុស​ពី​ផ្សេង​គ្នា គ្មាន​ចំណង​ទាក់ទង​រវាងគ្នាទេ​​ ប៉ុន្តែ​ទាំង​ពីរ​សុទ្ធ​ធ្វើ​ការ​ចម្លង​ផ្លូវ​អាហារ​ មាត់ បំពង់ក។ ជាញឹកញាប់​ តាម​រយៈ​ទឹក​មិន​ស្អាត និង​ពី​មនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់ទៀត​។ រលាក​ថ្លើម​ប្រភេទ​អា​ ចម្លង​តាម​រយៈ​ចំណី​អាហារ​មិន​ស្អាត ចំណីអាហារ​មាន​មេរោគ ចំណីអាហារ​ឆៅ ឬ​ម្ហូបអាហារ​ចម្អិន​ហើយ​តែ​ប៉ះពាល់​ ឬ​ទុក​ដាក់​មិន​ស្រួល។ ការរីករាល​ដាល​នៃ​ជំងឺ​រលាកថ្លើម​ប្រភេទ​អា ក៏​អាច​បណ្តាល​មក​ពី​ប្រើប្រាស់​គ្រឿង​ញៀន តាម​មាត់ តាម​ការ​ចាក់​បញ្ចូល​តាម​សរសៃឈាម។

ជំងឺ​រលាក​ថ្លើម​ប្រភេទ​ អា និង​ អឺ ស្តែង​ឡើង ដោយ​លេច​ចេញ​ជា​អាការៈ​ក្តៅ​ខ្លួន​ ភ្លាម​មួយ​រំពេច​ សរីរាង្គកាយ​ធ្លាក់​ខ្សោយ​ បាយ​មិន​ឆ្ងាញ់ ​ចង់​ក្អួត ឈឺពោះ ពីរបី​ថ្ងៃក្រោយ​មុខមាត់​ស្បែក​ស្លេកស្លាំង​ឡើង​លឿង​ល្អូក ក្លាយ​ជា​អ្នក​កើត​ជំងឺខាន់លឿង។ បើ​ជា​ជំងឺ​ស្រាល​ មួយ​អាទិត្យ ឬ​ពីរ​អាទិត្យ​យ៉ាងយូរ អ្នក​ជំងឺ​នឹង​បាន​ធូរស្បើយ។ ប៉ុន្តែ​បើ​ជា​ករណី​ធ្ងន់ធ្ងរ អាច​អូស​បន្លាយ​ពេល​វេលា​ដល់​ទៅ​រាប់​ខែ។ ចំពោះ​បណ្តា​ជន​រស់​នៅ​ក្នុង​តំបន់​ងាយ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ ​អា និង ​អឺ អ្នក​ជំងឺ​ភាគ​ច្រើន​បាន​ទទួល​ឆ្លង​មេរោគ​នេះ​ តាំង​ពី​ក្នុង​វ័យ​កុមារ។ ជា​ទូទៅ​ គ្មាន​រោគ​សញ្ញា​ ឯករណី​ស្លាប់​ព្រោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​អា និងអឺ​នេះ កម្រ​បំផុត​ អ្នក​ជំងឺ​តែង​បាន​ជា​សះស្បើយ ស្ទើរ​តែ​គ្រប់​គ្នា​ និង​គ្មាន​បន្សល់​ទុក​ជា​ផលវិបាក​អ្វី​ទៅ​ថ្ងៃ​ក្រោយ​ឡើយ។

ជំងឺ​រលាក​ថ្លើម​ប្រភេទ អា និង​អឺ ថ្វីដ្បិត​តែ​មាន​អត្រា មរណៈទាប​បំផុត ពោល​គឺ​ប្រមាណ​តែ​០,២%​ក៏​ពិត​មែន​ ប៉ុន្តែ​​មាន​ករណី​កម្រ​ខ្លះ ដែល​នាំ​​ដល់​ការ​កើត​ជំងឺ​រលាក​ថ្លើម​ធ្ងន់ធ្ងរខ្លាំង Hépatite Fulminante។ ធ្ងន់ធ្ងរ​រហូត​ទាល់​តែ​សាច់​ថ្លើម​រលួយ​ ក្នុង​​អំឡុង​ពេល​ឈឺ​ ពី​៦​ទៅ​៨​សប្តាហ៍​ដំបូង​​។ ​ក្រៅ​អំពី​រោគ​សញ្ញា​ ក្តៅ​ខ្លួន​ខ្លាំង​ ឈឺ​ចុក​ពោះ​ ក្អួត ឡើង​លឿង​ និង​ឡើង​រោគ​ឆ្លង​ដល់​ខួរ​ក្បាល រហូត​​​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​សន្លប់​បាត់​ស្មារតី​។ ​គ្រោះ​ថ្នាក់​បាត់​បង់ជីវិត​ឡើង​ដល់ពី​៧០​ទៅ​៩០%។ ករណី​នេះ​មាន​ទំនាក់ទំនង​ទៅ​មក​ខ្លាំង​រវាង​ពាក្យ​ថា​ចាស់​និង​ស្លាប់។

បាន​ន័យ​ថា ការ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ក្នុង​ដំណាក់កាល​នេះ​ បើ​អ្នក​ជំងឺ​មាន​អាយុ​ជ្រេរ​បន្តិច លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ គឺ​​មាន​សំណាង​រួច​ជីវិត​តិច​តួច​ណាស់។ ចំពោះ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​កើត ឬ​កំពុង​មាន​​ជំងឺរលាក​ថ្លើម​ប្រភេទ​ B ឬ C ទៀត បើ​ហ៊ាន​បណ្តោយ​ឱ្យ​ឆ្លង​វីរ៉ុស​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A ឬ​ E អត្រា​នៃ​គ្រោះ​ថ្នាក់​ដល់​ស្លាប់​មាន​កាន់​តែ​ខ្ពស់ ទៅ​តាម​នោះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI