កម្ពុជា-នយោបាយ

លោក​កឹម សុខា ​ប្រាប់​អ្នក​គាំទ្រ​នៅ​អាមេរិក​ថា គ.ជ.ប មិន​ឯក​រាជ្យ​មែន តែ​មាន​សមាស​ភាព​ចម្រុះ

លោកកឹម សុខា ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​លើកទី​១ទៅ​​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ប្រធាន​​គណបក្ស​​សង្រ្គោះ​​ជាតិ​​
លោកកឹម សុខា ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​លើកទី​១ទៅ​​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ប្រធាន​​គណបក្ស​​សង្រ្គោះ​​ជាតិ​​ FB: Kem Sokha

កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា លោក​កឹម សុខា ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​លើក​ទី១​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជាប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប្រាប់​អ្នក​គាំទ្រ​នៅ​ក្នុង​រដ្ឋ​មីនីសូតា​ថា គ.ជ.ប ដែល​កើត​ចេញ​ពី​ការ​ចរចា នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​នោះ មិន​ឯក​រាជ្យ​ទេ​ ប៉ុន្តែ​សមាសភាព​នៅ​ក្នុង​ គ.ជ.ប គឺ​មក​ពីមជ្ឈដ្ឋាន​ចម្រុះ​។ ក្រៅ​ពី​នេះ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​លើក​ឡើង​ពី​គំនិត​ផ្ទុយ​គ្នា ស្ទើរ​តែ​បែក​បាក់​គ្នា រវាង​លោក​សម រង្ស៊ី និង​រូប​លោក​ផ្ទាល់ ចំពោះ​ការ​សម្រេច​ចិត្ត​ចូល​ក្នុង​រដ្ឋសភា​ក្រោយ​ការ​បោះ​ឆ្នោត​។ លោក​កឹម សុខា​ក៏​បាន​ទទួល​ស្គាល់​ថា ​ការ​ទាមទារ និង​ការ​ចរចា​ជា​មួយ​គណបក្ស​កាន់​អំណាច​នា​ពេល​កន្លង​មក មាន​ចំណុច​មិន​ច្បាស់​លាស់​ជា​ច្រើន ប៉ុន្តែ​អ្វី​ដែល​បក្ស​ប្រឆាំង​ទទួល​បាន​គឺ​ការ​បង្កើត ​គ.ជ.ប ថ្មី​មួយ​។