កម្ពុជា-បារាំង

អតីត​តំណាងរាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្មែរ​នៅ​បរទេស​បន្ត​ធ្វើ​បាតុកម្ម​គាំទ្រ

កញ្ញា​កឹម មនោវិទ្យា​និង​អ្នកតំណាងរាស្រ្ត​របស់​បក្ស​សង្រ្គោះជាតិ​ជួប​ប្រជាជន​ខ្មែរ និង​សមាជិក​របស់​ខ្លួន​នៅ​ស្រុក​ Croissy Beaubourgជាយក្រុង​ប៉ារីស​នៅថ្ងៃសៅរ៍​ទី​១៣​មករា ២០១៨
កញ្ញា​កឹម មនោវិទ្យា​និង​អ្នកតំណាងរាស្រ្ត​របស់​បក្ស​សង្រ្គោះជាតិ​ជួប​ប្រជាជន​ខ្មែរ និង​សមាជិក​របស់​ខ្លួន​នៅ​ស្រុក​ Croissy Beaubourgជាយក្រុង​ប៉ារីស​នៅថ្ងៃសៅរ៍​ទី​១៣​មករា ២០១៨ ©Chheang Bopha

នៅ​ប្រទេស​បារាំង ប្រជាជន​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​បាន​ជួបជុំ​គ្នា នៅល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ទីក្រុង​ក្រ័ស៊ី បូបួរ ជាយក្រុង​ប៉ារីស។ តាមឈាង បុប្ផា ​អ្នកយក​ព័ត៌មាន​​របស់យើង​ពី​ប្រទេស​បារាំង ប្រជាជន​ខ្មែរ​ប្រុសស្រី​ជិត​២០០​នាក់​បាន​ទៅ​ជួបជុំ​គ្នា​ដើម្បី​ចូលរួម​ស្តាប់​ការពន្យល់​របស់អ្នកតំណាងរាស្រ្ត​​របស់​គណបក្ស​សង្រ្គោះជាតិ ហើយ​និង​​កញ្ញាកឹម មនោវិទ្យា កូនស្រី​របស់លោក​កឹម សុខា។ ចាប់ពី​ថ្ងៃ​ចន្ទទី​១៥​មករា កញ្ញា​កឹម មនោវិទ្យា សមាជិក​របស់​គណៈកម្មការ​ចំពោះកិច្ច នឹង​ផ្តើម​យុទ្ធនា មួយជុំ​នៅ​​អឺរ៉ុប ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ បារាំង អង់គ្លេស អាល្លឺម៉ង់ ហើយ​និង​សហភាព​អឺរ៉ុប ឲ្យ​ចូលរួម​​​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ក្នុង​រឿង​រំលាយ​គណបក្ស​សង្រ្គោះជាតិ និង​ការចាប់​ដាក់​ពន្ធនាគារ មេបក្ស​ប្រឆាំងគឺ​លោក​កឹមសុខា។ នៅក្នុង​ការជួបប្រជុំ​ពិភាក្សា អ្នកតំណាងរាស្រ្ត​របស់​គណបក្ស​សង្រ្គោះ​ជាតិ ដែល​មាន​តាំង​ពី​លោក​យ៉ែម បុញ្ញរិទ្ធិ ឡុងបុត្តា លឹម គឹមយ៉ា ទូតឃឿត ម៉ែន សុថាវរិន្ទ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្មែរ​នៅបរទេស​បន្ត គាំទ្រគណបក្ស និង​ធ្វើបាតុកម្ម ដើម្បី​បរិហាររិះគន់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ ចំណែក​កញ្ញា​កឹម​ មនោវិទ្យា​បាន​​រៀបរាប់​ប្រាប់​ប្រជាជន​ខ្មែរ​នៅ​ប្រទេស​បារាំង ដែល​ចង់​ដឹង​​ពី​លទ្ធផល​ដែល​សមាជិក​របស់​បក្ស​សង្រ្គោះជាតិ​បាន​ទទួល​ពីយុទ្ធនាការ​តស៊ូ​មតិ នៅ​សហរដ្ឋអាមេរិក។