អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ក្រូច​ឆ្មារ ជួយបញ្ចុះទម្ងន់មែនឬ ?

សំឡេង ០៧:៥២
ក្រូច​ឆ្មារ​ជួយ​ឱ្យ​បញ្ចុះ​ទម្ងន់ ?!
ក្រូច​ឆ្មារ​ជួយ​ឱ្យ​បញ្ចុះ​ទម្ងន់ ?! Radio Citron/Isabelle
ដោយ៖ អៀង សុខម៉ិញ
៣៩ នាទី

សម្បូរ​ទៅដោយ​ជាតិ​វីតាមីនសេ ជា​អង់ទីអុកស៊ីដង់ ជួយ​រំលាយ​អាហារ និ​ង ប្រព័ន្ធការពារខ្លួន ​ក្រូចឆ្មារ​ជាប់​ឈ្មោះ​ជា​ផ្លែឈើ​ដែល​មាន​គុណប្រយោជន៍​ច្រើន​សម្រាប់សុខភាព។ ប៉ុន្តែ​សូម​ប្រយ័ត្ន ក្រូ​ច​ឆ្មារ​អាច​ល្អ តែ​កុំញ៉ាំ​​ឱ្យ​ជ្រុលឱ្យ​សោះ។ តើ​ក្រូ​ច​ឆ្មារ​​មាន​គុណប្រយោជន៍​យ៉ាងណា ?​ ជួយសម្រកគីឡូ ? ជួយ​ឱ្យ​ធ្មេញ​ស ? ជួយ​ឱ្យសក់​ភ្លឺ ? តើ​ក្រូចឆ្មារ ពិត​ជា​មាន​សមត្ថភាព​ខ្លាំង​ក្លា​​មែន​ឬ ? ឬ​គ្រាន់​តែ​ជំនឿ​តៗ​គ្នា​ទេ ?

ផ្សាយពាណិជ្ជកម្ម

ទំនង​ជា​មាន​កំណើត​នៅ​តំបន់​កាស្មៀរ ត្រង់ព្រំប្រទល់​រវាង​ចិន​និង​ឥណ្ឌា ក្រូចឆ្មារ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ដើម​បូព៌ា និង​បានក្លាយ​ជា​រុក្ខជាតិ​ដាំដុះ​យ៉ាង​ពេញ​និយម​របស់​ពលរដ្ឋ​អារ៉ាប​អស់​រយៈ​ពេល​ជា​យូរ​យារ​ឆ្នាំ ទម្រាំធ្វើ​ដំណើរ​ទៅ​ទ្វីប​អឺរ៉ុប​ភាគ​ខាង​ត្បូង ៖ អេស្ប៉ាញ អ៊ីតាលី​ ព័រទុយហ្កាល់។

ដូច​ជា​រុក្ខជាតិ​ក្នុង​ចង្កោម​គ្រួសារ​ក្រូច ក្រូចឆ្មារ ស្ថិត​នៅ​ក្នុង​ចំណោម​ជា​ជើងឯករុក្ខជាតិ​ស៊ី​ផ្លែ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ ប៉ូលីហ្វេណុល​អង់ទីអុកស៊ីដង់ ដូច​ជា ផ្លាវ៉ូណូអ៊ីត និង​លីម៉ូនណូអ៊ីត។ បូក​ផ្សំ​ជាមួយ​វីតាមីនសេ ដល់​ទៅ ៥១មីល្លីក្រាម​/១០០​ក្រាម​ផ្លែ សារធាតុ​អង់ទីអុកស៊ីដង់​​ហាក់​អាច​ការ​ពារ​មនុស្ស​ពី​ជំងឺ​មហារីក​មួយ​ចំនួន​ដូច​ជា​ មហារីក​ក្រពះ បំពង់អាហារ និង​ពោះវៀន​ធំ។ ចំពោះ​ផ្លាវូណូអ៊ីត មាន​ទាំង​សមត្ថភាព​អាច​ជួយ​ពន្យឺត​ការ​រីកសាយភាព​នៃ​កោសិកា​មហារីក នៅសុដន់ ក្រពះ សួត មាត់​និង​ពោះវៀនធំ ... ហើយ​អាច​បន្ទាប់​អំណាច​​មេតាស្តាបាន​ទៀត។ ហើយ​បើ​តាម​ការ​សិក្សា​អន្តរជាតិ​ជា​ច្រើន បាន​បង្ហាញ​ថា ​​ផ្លាវូណូអ៊ីត មាន​សកម្មភាព​ជា​អ្នក​ការពារ ប្រឆាំង​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង​ ដោយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម​ និង​ជួយ​កាត់​បន្ថយ​កំណក​ឈាម​នៅ​លើ​ផ្ទៃ​នៃ​សរសៃ​ឈាម។

ក្រូ​ច​ឆ្មារ​មាន​ជាតិ​ជូរ ជា​អាស៊ីត ! ហើយ​ដោយ​សារជាតិ​អាស៊ីត​នេះ​ឯង​ដែល​ក្រូច​ឆ្មារ​អាច​​មាន​ឥទ្ធិពល​ជា​គ្រឹះ​នៃ​សរីរាង្គ ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​ដោយ​ធម្មជាតិ​នឹង​ការ​រលាក​រីករាលដាល​បង្ក​ឡើង​ដោយ​មេរោគ បែប​រ៉ាំរ៉ៃ និង​ពពួក​ជំងឺ​អម​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា​ស្ពោត​​ឆ្អឹង ខ្សោយ​ក្រលៀន ទឹក​នោម​ផ្អែម ឬ​លើស​ឈាម គ្រួស​ក្នុង​តម្រង​នោម​ ... ការ​ទទួល​ទាន​ទឹក​ក្រូច ពិសេស​ទឹក​ក្រូច​ឆ្មារ ទំនង​ជា​អាច​ជួយ​ពន្យឺត​​ជំងឺ​រោគ​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​តម្រង​នោម​។ នេះ​បើ​តាម​ការ​សិក្សា​របស់​អាមេរិក​មួយ​រយៈ​ពេល​៥​ឆ្នាំ។

ក្រូច​សម្បូរ​ទៅ​ដោយ​សារធាតុ​ប៉ិចទីន ជាពិសេស​នៅ​ក្នុង​ សម្បក​ស​ជាប់​ក្លែបក្រូច និង​ជាប់​ពី​ក្រោម​សំបក​។ សម្បក​ស​នេះ​មាន​ផ្ទុក​សារធាតុ​សរសៃ​ងាយ​រលាយ​ ដែល​អាច​ជួយ​កាត់​បន្ថយ​ជាតិ​កូឡេស្តេរ៉ូល​បាន​ច្រើន។ ដូច្នេះ​កុំ​ចិត​វា​ចោល​ឱ្យ​អស់​ពេក ហើយ​បើ​អាច​សូម​បរិភោគ​វា​ទៅ កុំ​ខ្ជាក់​ចោល។ បើ​ជា​គ្រាប់​ក្រូច​វិញ មិន​ថា​ជា​ក្រូច​ឆ្មារ ឬ​ក្រូច​អ្វី​ផ្សេង​ទេ សម្បូត​ទៅ​ដោយ​ជាតិ​​អង់ទីអុកស៊ីដង់​ខ្លាំង​ណាស់​ គ្រាន់​តែ​ថាវា​ពិបាក​ទទួល​ទាន​បន្តិច​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បច្ចុប្បន្ន​នេះ​គេ​ឃើញ​មាន​លក់​ប្រេង​ក្រូចឆ្មារ ដែល​បាន​មក​ពី​ការ​គាប​ចម្រាញ់​គ្រាប់​និង​សម្បក​។ លាយ​ជាមួយ​ទឹក​ឃ្មុំ​ តែ​មួយ​ឬ​ពីរ​ដំណក់​យ៉ាង​ច្រើន នៅ​ពេល​ព្រឹក អាច​ប្រឆាំងនឹង​ភាព​នឿយហត់ និង​អាការៈ​ចង់​គ្រុន​ផ្តាសាយ​បាន។

ស្តាប់​ទៅ​ក្រូច​ឆ្មា​មាន​គុណ​ប្រយោជន៍​ច្រើន ចុះ​តើ​ជា​ការ​ពិត​ទេ​ដែល​ថា​ក្រូចឆ្មារ​ អាច​ជួយ​បញ្ចុះ​ទម្ងន់​នោះ ?!

លោក​អ្នក​ពិត​ជា​ធ្លាប់​បាន​គិត ឬ​យ៉ាង​ហោច​ណាស់​ក៏​បាន​ឮ​ និងធ្លាប់​មាន​អារម្មណ៍​ចង់​សាក​ល្បង​ខ្លះ​ជាក់​ជាពុំ​ខាន ក្នុង​ការ​ទទួល​ទាន​ក្រូច​ឆ្មា​រ ដើម្បី​សម្រក​ទម្ងន់។ ​អ្នក​ជំនាញ​ផ្នែក​របប​អាហារ​មួយ​ចំនួន ពិត​ជា​បាន​បង្ហាញ​អំពី​សមត្ថភាព​ជា​​អ្នក​ជួយ​បញ្ចុះ​ទម្ងន់របស់​ក្រូច​ឆ្មាមែន ដោយ​សំអាង​ថា ក្រូច ជួយ​សម្រួល​ការ​រំលាយ​អាហារ ! ព្រោះ​​បើ​ការងារ​រំលាយ​អាហារ​ដំណើរ​ការ​មិន​ល្អ នោះ​ជាតិ​ពុល​នឹង​កើន​ឡើង​ខ្លាំង​ក្នុង​ខ្លួន​ មនុស្ស​យើង​ឡើង​ទម្ងន់​ជា​ប្រាកដ។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​អ្នក​ចង់​ស្គម តែង​គិត​ថា​ត្រូវ​ទទួល​ទាន​ទឹក​ក្រូច​ឆ្មារ ដើម្បី​សម្រក​ទម្ងន់​នោះ។ សម្មតិកម្ម​បែប​នេះ​មិន​ខុស​ទាំង​ស្រុង​ទេ !

ពុំ​មាន​មនុស្ស​ណា​ម្នាក់ បាន​ចុះ​ស្គម ដោយ​ការ​ទទួល​ទឹក​ក្រូច​ឆ្មារទេ ! ទោះ​ជា​ទទួល​ទាន​ដល់​ទៅ​ មួយ​លីត្រ​កន្លះ​ក្នុង​មួយ​ថ្ងៃ ជា​រៀង​រាល់​ថ្ងៃ យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​ទៅ​រួច​ដែរ ប្រសិន​បើ​អ្នក​មិន​ធ្វើ​កីឡា និង​រក្សា​របប​អាហារ​ដដែល​នោះ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកសាស្ត្រាចារ្យPhilippe Legrand វេជ្ជបណ្ឌិត​ជំនាញ​នៅ​ភ្នាក់ងារ​ជាតិ​ផ្នែក​សន្តិសុខ​ចំណី​អាហារ​​​បារាំង​ ដោយ​ពន្យល់​ថា​យ៉ាង​សាមញ្ញ​ថា ក្រូច​ឆ្មារ ក៏​ដូច​ជា​រុក្ខជាតិ​ផ្លែឈើ​ផ្សេងៗ​ទៀត​ទាំង​ឡាយ គ្មាន​ឥទ្ធិពល​សោះ​ទៅ​លើ​ការ​បាត់​បង់​ទម្ងន់។ ចំណី​អាហារ​ដែល​ផ្តល់​ថាមពល​ច្រើន សម្រួល​ការ​ស្តុក​បំរុង​ខ្លាញ់​ក្នុង​សរីរាង្គ ឯ​អាហារ​ដែល​សម្បូរ​ជាតិ​​សរសៃ និង​វីតាមីន​ គ្មាន​សកម្មភាព​​ធ្វើ​ឱ្យ​ខ្លាញ់​រលាយ​ទេ។ ស្រទាប់​កោសិកា​ខ្លាញ់​​ចាប់​ស្រក​បាន គឺ​នៅពេល​ថា​យើង​ប្រឹង​បញ្ចេញ​កម្លាំងនិង​ថាម​ពល​ តែ​ប៉ុណ្ណោះ !

តាមការ​ពិត​ គំនិត​ដែល​ថា​ក្រូច​ឆ្មា​រជួយ​សម្រក​ទម្ងន់​ បាន​លេច​ឡើង​តាំង​ពី​ឆ្នាំ​១៩៧០ ដោយ​សារ​អ្នក​ស្រាវជ្រាវ​ធម្មជាតិ​និយម​ជាតិ​ស្វីស​ម្នាក់ បាន​តប​អាហារ​ និង​ទទួល​ទាន​តែ​ទឹក​ក្រូច​ឆ្មា​រយៈ​ពេល​១០​ថ្ងៃ​ពេញ ដើម្បី​សម្អាត​​ជាតិពុល​ពី​ក្នុង​ខ្លួន។ ក្រោយ​មក​ពួក​គាត់​ក៏​បាន​ចុះ​ស្គម​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ​ការ​ស្រក​ទម្ងន់​នោះ​​មិនមែន​ដោយ​អំណាច​នៃ​ទឹក​ក្រូចឆ្មារ​ទេ តែ​ដោយ​សារ​គាត់​អត់​អាហារ​។ ការសិក្សា​វេជ្ជសាស្ត្រ​ក្រោយៗ​មក ក៏​បាន​បង្ហាញ​ ការ​ទទួ​ល​ទាន​ទឹក​ក្រូច​ឆ្មារ អម​ដោយ​ការ​បន្ថយ​អាហារ​សម្បូរ​ថាមពល​ ​ទើប​មាន​ការ​ចុះ​ស្គម។ ដូច្នេះ​គឺ​មនុស្ស​ចុះស្គម​ដោយ​សារ​កំរិត​បរិមាណ​ថាមពល។ រហូត​មក​ទល់​នេះ ពុំ​ទាន់​មានការសិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា​ក្រូចឆ្មារ​ធ្វើ​ស្គម​ឡើយ។

ក្រូ​ចឆ្មា សម្រួល​ការ​រំលាយ​អាហារ

​ក្រូចឆ្មារ មិន​ដុត​ខ្លាញ់​ឱ្យ​រលាយ​ មិនអាច​ទប់​ស្កាត់​កុំ​ឱ្យ​សរីរាង្គ​ស្តុក​ជាតិ​ខ្លាញ់​មែន ប៉ុន្តែ​ជាតិ​អាស៊ីត​ស៊ីទ្រិក​របស់​ក្រូច​ឆ្មារ អាច​ជួយ​រំលាយ​ជាតិ​ខ្លាញ់ តែ​ក្រូចឆ្មារ​អាច​ជួយ​ជម្រះ​ជាតិ​ពុល (ខ្លាញ់) ​​សរីរាង្គកាយ​យើង។ ​មិន​ថា​ជា​ជាតិ​ពុល​ក្នុង​ខ្លួនជា​ធម្មជាតិ ឬ​ជាតិ​ពុល​បណ្តាល​មក​​​ចំណី​អាហារ​ទេ នឹង​ត្រូវ​បាន​សម្អាត​យ៉ាង​លឿន​ដោយ​ក្រូច​ឆ្មារ ដែល​មាន​សមត្ថភាព​ទៅ​ភ្ញោច​ក្រពេញ​​ប្រម៉ាត់​ឱ្យបញ្ចេញ​ទឹក​​មក​​ជួយ​ថ្លើម។ នៅពេល​យើ​ងទទួល​ទាន​អាហារកាន់​តែ​សម្បូរ​ទៅ​​​ដោយ​ជាតិ​ខ្លាញ់ នោះ​សរីរាង្គ​កាយ​កាន់​តែ​ត្រូវ​ការ​ប្រម៉ាត់​ដើម្បី​ជួយ​រំលាយ​។

មាន​ន័យ​ថា​អាស៊ីតស៊ីទ្រិក​របស់​ក្រូច​ជួយ​ប្រម៉ាត់​ថ្លើម​ កម្ចាត់ជាតិ​ពុល និង​រំលាយ​អាហារ ឯ​ជាតិ​សរសៃ​របស់​ក្រូច​ឆ្មារ ជួយសម្រួល​ការ​បន្ទោបង់ ! ដូច្នេះ​វា​ពិត​ជា​ប្រកាស​ល្អ​មែន​ដែល​​ដែល​យើ់ង​ញតរ​តែ​បរិភោគ​ទឹក​ក្រូច​ឆ្មារ មួយ​កែវ​​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ណៗ​ នៅ​ពេល​ណា​យើង​មានអារម្មណ៍​ថា​បាន​ទទួល​ចំណី​អាហារ​សម្បូរ​ទៅ​ដោយ​ថាមពល​និង​ខ្លាញ់​ខ្លាំងរួចនោះ។ បើ​មិន​ខ្លាច​ជូរ ទទួល​ទាន​ផ្លែ​ក្រូច​ឆ្មា​តែ​ម្តង​កាន់​តែ​ល្អ ប៉ុន្តែ​សូម​ប្រយ័ត្ន សូម​កុំ​បរិភោគ​ក្រូចឆ្មារ​ ឬ​ទឹក​ក្រូច​ឆ្មារ​ឱ្យ​មាន​កំរិត ដើម្បី​ថែរក្សា​សុខភាព​ក្រពះ។ ព្រោះ​ថ្វី​បើ​ក្រូចឆ្មារ​មាន​សមត្ថភាព​ខ្ពស់​ជួយពង្រឹង​​ប្រព័ន្ធ​ការពារ​ខ្លួន លាង​សម្អាត​ជាតិ​ពុល​​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​យើង​បាន​មែន​ ប៉ុន្តែជាតិ​ជូរ​របស់​ក្រូចឆ្មារ អាច​វាយប្រហារ​លើ​ក្រពះ​របស់​អ្នក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ