អានតួអត្ថបទ
កម្ពុជា

សាលា​​ក្ដី​ខ្មែរ​ក្រហម​នឹង​បើក​សវនាការ​ក្នុង​សំណុំ​រឿង​០០៣ នៅ​ថ្ងៃ​ទី​២៧​វិច្ឆិកា

លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកនៅខេត្តព្រះសីហនុនិងកំពតក្នុង​សម័យ​ខ្មែរ​ក្រហម និង​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០៣
លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកនៅខេត្តព្រះសីហនុនិងកំពតក្នុង​សម័យ​ខ្មែរ​ក្រហម និង​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០៣ AFP
ដោយ៖ អ៊ឹម រចនា
១២ នាទី

សវនាការ​រយៈ​ពេល​៣​ថ្ងៃ ប្រឆាំង​នឹង​ជន​ជាប់​ចោទ មាស មុត ក្នុង​សំណុំ​រឿង​០០៣ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​ខាង​មុខតទៅ​​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​វិទ្យុ​បារាំងអន្ដរជាតិ RFI ទទួល​បាន​នៅ​ថ្ងៃ​សុក្រ ទី​២២​វិច្ឆិកា​ម្សិលមិញ​។

ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​០០៣ ពី​ដំបូង​ឡើយ​មាន​ជន​សង្ស័យ​ចំនួន​២​រូប គឺ​ មាស មុត អតីត​មេ​បញ្ជា​ការ​កងទ័ព​ជើង​ទឹក​នៅ​ខេត្ត​ព្រះសីហនុ​និង​កំពត និង ស៊ូ ម៉េត ដែល​ជា​មេបញ្ជាការ​កងទ័ព​អាកាស​។ ប៉ុន្តែ​មរណភាព​របស់​លោក ស៊ូ ម៉េត បាន​បង្ខំ​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​បញ្ចប់​ការ​​​ស៊ើប​អង្កេត​​ប្រឆាំង​នឹង​លោក ស៊ូ ម៉េត ​នៅ​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០១៥ និង​ធ្វើ​ឲ្យ​សំណុំ​រឿង​០០៣ សល់​ជន​ជាប់​ចោទ​តែ​ម្នាក់​គត់ គឺលោក ​មាស មុត​។

លោក មាស មុត វ័យ​៧៩​ឆ្នាំ ត្រូវ​តុលាការ​សាលា​ក្ដី​ខ្មែរ​ក្រហម​ចោទ​ប្រកាន់​ពី​បទ​អំពើ​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ អំពើ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺណែវ​ស្ដី​ពី​ការ​ធ្វើ​ឃាត​មនុស្ស​ដោយ​ចេតនា រួម​ទាំង​ការ​រំលោភ​បំពាន​លើ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។ ក្រៅ​ពី​នោះ តុលាការ​បាន​ចោទ​ប្រកាន់​អតីត​មេទ័ព​ជើង​ទឹក​រូប​នេះ ពី​បទ​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​នៅ​តំបន់​ផ្សេង​ៗ​ទៀត ដូច​ជា​នៅ​មន្ទីរ​សន្តិសុខ ស២១ (ទួល​ស្លែង), ឧក្រិដ្ឋកម្ម​នៅ​ការដ្ឋាន​ស្ទឹងហាវ និង​នៅ​កំពង់សោម​ជា​ដើម​។

នៅ​ក្នុង​សវនាការ​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៧​វិច្ឆិកា​ខាង​មុខ ប្រធាន​អង្គ​ជំនុំ​ជម្រះ​នឹង​ប្រកាស​បើក​សវនាការ​ជា​សាធារណៈ បន្ទាប់​មក​នឹង​មាន​ការ​អាន​របាយការណ៍​នៃ​សំណុំ​រឿង​០០៣ជា​សាធារណៈ។ របាយការណ៍​នេះ មាន​លើក​ឡើង​នូវ​អង្គ​ហេតុ​ពាក់ព័ន្ធ​នានា និង​ប្រវត្តិ​នីតិវិធី​នៃ​សំណុំ​រឿង​០០៣ ព្រម​ទាំង​សេចក្ដី​លម្អិត​នៃ​បណ្ដឹង​ឧទ្ធរណ៍​នានា ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​។

បើ​គ្មាន​ការ​ប្រែ​ប្រួល​ណា​មួយ​ទេ អង្គ​សវនាការ​នឹង​បន្ត​ដំណើរការ​នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩​វិច្ឆិកា ហើយ​ប្រសិន​បើ​ចាំ​បាច់ ចៅក្រម​នឹង​តាំង​សំណួរ​ដល់​ភាគី​នានា​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២៩​វិច្ឆិកា មុន​ពេល​បញ្ចប់​សវនាការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ