នាទីសុខភាពនិងអនាម័យ

ផលប៉ះពាល់នៃសំរាមចំពោះសុខភាព

សំឡេង ០៧:៥៣
សំរាម​ជា​ភ្នាក់ងារ​បង្ក​ជំងឺឆ្លង​ផង ហើយ​នៅ​ពេល​ដុត​អាច​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង​ទៀត
សំរាម​ជា​ភ្នាក់ងារ​បង្ក​ជំងឺឆ្លង​ផង ហើយ​នៅ​ពេល​ដុត​អាច​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង​ទៀត Ye Aung THU / AFP

កាល​ពី​ថ្ងៃចន្ទ​ទី ១៨ វិច្ឆិកា វិទ្យុ​បារាំង​បាន​ផ្តោត​ការ​ផ្សាយ​ទៅ​លើ​បញ្ហា​សំរាម តាម​រយៈ​ការ​រៀប​ចំ​កម្មវិធី​តស៊ូ​មតិ និង​កម្មវិធី​ជា​ច្រើន​ទៀត។ នៅ​​​ថ្ងៃ​នេះ ​មិនមែន​ជា​ការ​ផ្តល់​ចម្លើយ​​ និង​ដំណោះស្រាយ​​បញ្ហា​សុខភាព​បង្ក​ឡើង​ដោយ​សំរាម​ ​កម្មវិធី​សុខភាព​របស់​យើង​ ចង់​បង្ហាញ​ថា​តើ​អ្វី​ខ្លះ​ជា​ផល​ប៉ះពាល់​នៃ​ការ​ចោល​សំរាម​ តាម​ទី​សាធារណៈ តាម​ផ្លូវ នៅក្បែរ​ប្រភព​ឬ​ប្រលាយ​ទឹក ចំពោះ​សុខភាព​មនុស្ស។ តើ​សំរាម​ជា​ប្រភព​បង្ក​ជំងឺ ជា​ភ្នាក់​ងារ​ចម្លង​មេរោគ​ យ៉ាង​ដូចម្តេច យើងនឹង​សាក​ល្បង​ស្វែង​យល់​ជាមួយ​គ្នា អម​ដោយ​​ការ​ពន្យល់​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ឯកទេស​ជំងឺ​សួត និង​ជំងឺ​អាឡែកហ្ស៊ី នៅ​ទីក្រុង​នីស​ និង​ជា​អ្នក​សម្របសម្រួល​សហគមន៍សួតសាស្ត្រ​នៃក្រុម​អ្នក​​និយាយ​ភាសាបារាំង​។

ផ្សាយពាណិជ្ជកម្ម

“សំរាម​ពុល​ណាស់ ! សំរាមក្លាយ​ជា​បញ្ហា​ដ៏​សំខាន់​ព្រោះ​មកពី​ភព​ផែន​ដី​យើង​មាន​មនុស្ស​ច្រើន ច្រើន​ជ្រុល​លើ​ស​ចំណុះ ! តែ​២រយ​លាន​នាក់​កាលពី​ពីរ​ពាន់​ឆ្នាំ​មុន ឥលូវ​ឡើង​ដោយ​៧ពាន់​លាន​នាក់​។​ ដូច្នេះ​ត្រូវ​តែ​មាន​វិធានការ​។ យើង​បាន​ឈាន​ចូល​សករាជ “​មនុស្ស​ជាតិ” ! អ៊ីចឹង​ហើយ​បាន​ជា​យើង​ត្រូវ​និយាយ​អំពី​បញ្ហា​សំរាម។​ សំរាម​មានន័យ​យ៉ាង​ដូចម្តេច ? បើ​តាម​ភាសា​ឡាតាំង សំរាម គឺ​ជា​របស់​អ្វី​ដែល​ធ្លាក់​ក្បែរ​ខ្លួនមនុស្ស​ ឬ​ធ្លាក់​ទៅកន្លែង​ផ្សេង។ ដូច្នេះ​សំរាម​គឺ​ជា​អ្វី​ដែល​បំបែក​ចេញ​ពី​បរិស្ថាន​យើង និង​ជា​ការ​បង្កើត​កន្លែង​គរ​មួយ​ផ្សេង​​ទៀតប្រសិន​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន។

​មាន​គំនរ​សំរាម ហើយ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក គឺ​ដូច​ជា​ការ​ចម្រោះ​ជាតិ​ពុល គ្រប់​បែប​យ៉ាង​​ ឱ្យ​ហូរ​ជ្រាប​ទៅ​បំពុល​ដី បំពុល​ទឹក និង​បំពុល​​ដល់​ប្រភព​​ទឹក​ នៅ​ក្នុង​ស្រទាប់​ដី​ខាង​ក្រោម ជា​ហេតុ​ធ្វើ​ឱ្យ​​ទឹក​ស្អាត​ ក្លាយ​ជា​ទឹក​មិន​ស្អាត ​មាន​លោហៈ​ធ្ងន់​ និងជួន​កាល​មាន​បាក់តេរីកាចៗ​ ដែល​នៅ​ពេល​នោះ​ហើយ​នឹង​មាន​លេច​ឡើង​នូវ​ជំងឺ​រាតត្បាត​ផ្សេងៗ ដោយ​សារ​តែ​ការ​ទទួល​ទាន​ទឹក​មិន​ស្អាត។”

​វត្តមាន​នៃ​សំរាម​តាម​ទី​សាធារណៈ ​ក្នុងទី​ក្រុង ក្នុង​តំបន់​ប្រជុំ​ជន​ ដែល​មាន​ប្រជាជនរស់​នៅ​ច្រើន​អាច​ប៉ះពាល់​សុខភាព​មនុស្ស​យ៉ាង​ខ្លាំង​។ ផ្តល់​ក្លិនមិន​ល្អ សំរាម​ជា​ប្រភពនាំ​ឱ្យ​មាន​សត្វ​ល្អិត​សត្វ​រុយ និង​សត្វ​កណ្តុរ ... លោក​អ្នក​ដឹង​ទេ​ ​សត្វ​កណ្តុរជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ច្រើន​មុខ​ណាស់។ សត្វ​កណ្តុរអាច​​​ចម្លងជំងឺ​មក​មនុស្ស ដោយ​ផ្ទាល់​ គឺ​តាម​រយៈ​ ​អាចម៍ ទឹកនោម ឬ​ការ​ខាំ និង​​​ដោយ​មិន​ផ្ទាល់ តាម​រយៈ​ការ​សត្វ​ល្អិត​ចៃ​ រុយ​ សង្កើច ...​

​លោកGauthier Dobigny ​ អ្នក​ស្រាវជ្រាវជំនាញ​​ជីវវិទ្យា​សត្វ​ នៅ​សាលា​ពហុបច្ចេកវិទ្យា​ Abomey-Calavi ​បេណាំង ដែលកំពុង​សិក្សា​អំពី​​ជំងឺ​រាត​ត្បាត​​បង្ក​ឡើង​ដោយ​កណ្តុរ​។

“កណ្តុរ​អាច​បង្ក​​ជំងឺ​ច្រើន​យ៉ាង​ណាស់! ​ច្រើន​ប្រមាណយ៉ាង​ហោច​ជាង ​១០​មុខ ! មាន​ជាអាទិ៍ ជំងឺ​ប៉េស្ត Peste ជំងឺ​Lepotospirose ជំងឺ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​នៅ​លើ​សត្វ​កណ្តុរ​ដែល​បង្ក​ឱ្យ​ស្លាប់​ប្រមាណ​៦ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ គ្រុន​ក្តៅ​ខ្លួន​បង្ក​ឡើង​ដោយ​វីរ៉ុស ឬ​ដោយ​ការ​ខាំ​ ឬ​ដោយ​ស្នាម​ជើង​ ឬ​ដោយមាន​​​ការ​ប៉ះពាល់​ខ្មោច​​កណ្តុរ​ ជំងឺ​រាករូស ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​សាម៉ូនែល នៅ​ក្នុង​ចំណីអាហារ​ដែល​​កណ្តុរ​មក​ប៉ះពាល់​-រត់​កាត់​ចំណីអាហារ​ ជុះ​អាចម៍​ឬ​នោម​ដាក់។ ជំងឺ​ប៉ះពាល់​ដល់​សួត Hantavirus ​​បង្ក​ឡើង​ដោយ​វីរ៉ុស ក្នុង​អាចម៍​ ក្នុង​ទឹកនោម​កណ្តុរ​​ ដែលជាប់​នឹង​លំអង​ធូលី​ដី​ហើយ​​ហុយ​ចូល​តាម​ផ្លូវ​​ដង្ហើម​មនុស្ស។ កណ្តុរ​ក៏​ជា​ភ្ញាក់ងារ​ចម្លង​វីរ៉ុស​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ។​ វីរ៉ុស​ខ្លះ​​នាំ​ឱ្យ​កើត​ជំងឺ​រលាក​សួត​ដែល​ស៊ាំ​ខ្លាំង​មែន​ទែន​នឹង​ថ្នាំ​អង់ទីប៊ីយូទិក -ដល់​ចឹង​ទៅ​យើង​គ្មាន​អ្វី​ការពារ​ខ្លួន​ទេ​។​ ការ​សិក្សា​ថ្មី​ៗ​ បាន​ថែម​លើក​ឡើង​ពពួក​សត្វកណ្តុរ​ជា​អ្នក​ដឹក​នាំ​ជញ្ជូន​​ជំងឺ​ដ៏​កំណាច​មួយ​​ចម្លង​មក​មនុស្ស នោះ​គឺ​​ជំងឺ​មហារីក​សុដន់​។ ជាង​នេះ​ទៅ​ទៀត ជំងឺ​ចម្លង​មក​មនុស្ស​ប្រែប្រួល​ទៅ​តាម​ប្រភេទ​កណ្តុរ និង​តំបន់​ដែល​កណ្តុរ​រស់​នៅ​។”

នៅ​តាម​បណ្តាប្រទេស​ក្រីក្រ កំពុង​អភិវឌ្ឍន៍​ដែល​ពុំ​ទាន់​មាន​រចនា​សម្ព័ន្ធ​ប្រមូ​ល​សំរាម​បាន​ត្រឹម​ត្រូវ និង​គ្រប់គ្រាន់ វិធី​សាស្ត្រ​ដ៏​ប្រសើរ​ជាង​គេ និង​ដែល​ជា​ទម្លាប់​របស់​ប្រជាជន​តាំង​ពី​យូរ​យារ​មក​ហើយ គឺ​ការ​ដុត​​កម្ទេច​ ប៉ុន្តែ​ទង្វើ​បែប​នេះ មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ ព្រោះ​ការ​ដុត​សំរាម​បាន​បញ្ចេញ​ជាតិ​ពុល​ជា​ធាតុ​ល្អិត​ឆ្មារៗ​ច្រើន​ណាស់​។ សូម្បី​តែ​ការ​ដុត​សំរាម​ជា​ស្លឹក​ឈើ​ដែល​ជន​គ្រប់​រូប​គិត​ស្មាន​ថា​ល្អ តាម​ពិត​ជា​ការ​បំពុល​បរិស្ថាន​ខ្លាំង​បំផុត។ សំរាម​ស្លឹក​ឈើ​៥០​គីឡូ​ក្រាម​ដុត​នៅ​ទីវាល បញ្ចេញ​ឧស្ម័ន​ពុល​ស្មើ​នឹង​ការ​បើក​ឡាន​ម៉ាហ្សូត​​ចម្ងាយ​១ម៉ឺន​បីពាន់​គីឡូម៉ែត្រ។ នៅ​ប្រទេស​បារាំង​ ការដុត​ស្លឹក​ឈើ​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​ បើ​ជន​ណា​ល្មើស​ធ្វើ​នឹង​ត្រូវ​បង់​ពិន័យ​៤៥០០​អឺរ៉ូ។ តើ​ការ​ដុត​សំរាម​​បញ្ចេញ​សារធាតុ​ពុល​អ្វីខ្លះ​ ?!

“​ជាតិ​ពុល​បន្សល់​ទុក​ដោយ​ការ​ដុត​សំរាម​ជា​សារធាតុ​ឆ្មារៗ​ មាន​ពីរ​យ៉ាង​។ ទីមួយ​គឺ​ធាតុ​ល្អិត​ឆ្មារៗ​តូចជាង​​២,៥µpm ដូច​​ការ​បញ្ចេញ​ផ្សែង​ពុល​ ផ្សែង​ឡាន​ម៉ាហ្សូត ​។ល។ ដែល​យើង​និយាយ​ស្ទើរ​គ្រប់​មាត់​នៅ​ពេល​ការ​បំពុល​បរិយាកាស​ឡើងអ័ព្ទ​ក្នុង​ក្រុង​។ ជាតិ​ពុល​បែប​នេះ​ អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​មាន​ប្រព័ន្ធ​ដក​ដង្ហើម​ខ្សោយ​ ធ្វើ​ឱ្យ​មាន​វិបត្តិ​ហឺត​​ រលាក​ទង​សួត​ និង​អាច​ឈាន​ថ្នាក់កើត​ជំងឺ​ខ្សោយ​ដង្ហើម​រ៉ាំរ៉ៃ។ ​ទីពីរ​ ៖ ការ​ដុត​សំរាម​ ជា​ការ​បញ្ចេញ​ជាតិ​លោហៈ​ធ្ងន់​​។ រ៉ែធ្ងន់​ ដូច​ជា​ លីតូនីញ៉ូម សំណ ដែល​បង្ក​គ្រោះ​ថ្នាក់​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​ទៀត​ ព្រោះ​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ បើ​យើង​ស្រូបជាតិ​ពុល​នេះ​ក្នុង​កំរិត​ខ្ពស់ និងក្នុង​​​​រយៈ​ពេល​យូរ​ ​ត​គ្នាជាប់​។ គេ​មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន​ចំពោះ​ភាព​ប្រឈម​នឹង​សារធាតុ​ពុល​ខ្លាំង​ មួយ​ភ្លែតៗ តែ​តាមការ​ពិត ​ គឺ​ភាព​ប្រឈម​ជា​ប្រចាំ​រយៈ​ពេល​យូរ​ជា​ច្រើន​ឆ្នាំត​រហូតមក​ទេ​ដែល​ជា​តំណាងគ្រោះ​ថ្នាក់​ធំ​។

ក្រៅអំពីការ​ដុត​សំរាម ការ​បើ​ឧស ឬ​អាច​ម៍​គោ ធ្យូង​ដើម្បី​ដាំ​បាយ​ ក៏​ជា​បញ្ចេញ​ផ្សែង​ពុល​​ បំផ្លាញ​សុខភាព​ខ្លាំង​ដែរ ជា​ពិសេស​បើ​ជា​ការ​ដាំ​ស្ល​នៅក្នុង​ផ្ទះ។ ជាតិ​​ពុលដែល​មាន​ទម្រង់​ជា​សារធាតុ​ល្អិត​ឆ្មារៗ​ផង និងបណ្តុំ​ឧស្ម័ន​​​ហ្កាស​ពុល​ផ្សេង​ទៀត មាន​ជា​អាទិ៍​CO2។ ​ស្រូប​ផ្សែង​នេះ​ចូល​ក្នុង​ខ្លួន​ច្រើនកាលណា បូក​នឹង​មាន​សុខភាព​មិន​សូវ​ល្អ​ទៀត អុកស៊ីហ្សែន​ក្នុង​​ឈាម​នឹង​ធ្លាក់​ចុះ។

បើ​ដុត​ក៏​ពុល ទុក​គរ​ក៏​ពុល តើ​ត្រូវ​ធ្វើ​ដូចម្តេច ?!

“នៅក្នុង​ផ្ទះ​ គេ​អាច​ធ្វើ​ចង្ក្រាន​បែប​សាមញ្ញ​បំផុត ដោយ​គ្រាន់​តែ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​បំពង់​បង្ហុយ​ផ្សែង​ចេញ​ក្រៅ​ ដើម្បី​កុំ​ឱ្យស្ត្រី​អ្នក​ធ្វើ​ម្ហូបប្រឈម​នឹង​ផ្សែង​ពុល​រាប់​ម៉ោង​ពេក។ បើ​ជាការ​ដុត​-ដាំ​នៅ​ក្រៅ​ផ្ទះ ត្រូវ​​ឈរ​នៅ​លើ​ខ្យល់​ និង​បើ​អាច​​ធ្វើ​ឡ​-ចង្ក្រាន​ដុត កាន់​តែ​ប្រសើរ​ដើម្បី​​​អាច​តម្រង់​ទិស​ផ្សែង ឱ្យទៅផុត​ឆ្ងាយ។ ចំពោះ​ថ្នាក់​ជាតិ​ ក្រុង​-ភូមិ​នីមួយៗ​ត្រូវ​មាន​ឆន្ទៈ​​​ប្រមូល​សំរាម។ វា​មិន​មែន​ជាកិច្ច​ការ​ស្មុគ​ស្មាញ​ឡើយ ដែល​ត្រូវ​ជ្រើសរើស​បុគ្គលិក​ធ្វើ​ការ​ និងជ្រើសរើស​បំបែក​សំរាម​ទៅ​តាម​ក្រុម​។ សំខាន់​ជាង​គេ​បំផុត គឺ​ផ្តល់​សារ​ការពារ​កាត់​បន្ថយ​សំរាម ជា​ពិសេសត្រូវ​លុប​បំបាត់​​សំរាម​ប្លាស្ទិក។”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI