៣ថ្ងៃភ្ជុំបិណ្ឌ៖ ពលរដ្ឋខ្មែរជាង១.២លាននាក់ដើរកំសាន្ត ខណៈដំណើរទៅកាន់តំបន់ឆ្នេរថយចុះ
ចុះផ្សាយនៅថ្ងៃ៖
យ៉ាងហោចណាស់ ពលរដ្ឋខ្មែរប្រមាណ១.២លាននាក់ បានដើរកំសាន្តនៅតាមរមណីដ្ឋានទេសចរណ៍នានា ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០តុលា។ ចំនួននេះមានការកើនឡើង២០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក៏ប៉ុន្តែ ចំនួនអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បានថយចុះ នៅតំបន់ឆ្នេរ ជាពិសេស នៅខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅល្ងាចថ្ងៃទី១០ខែតុលាម្សិលមិញ។
បីថ្ងៃនៃការឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរបាននាំគ្នាសម្រុកទៅដើរកម្សាន្តនៅខេត្តសៀមរាប។ និន្នាការនេះ បានធ្វើឲ្យខេត្តសៀមរាប នៅតែរក្សាបានកំណើនភ្ញៀវទេចរទៅទស្សនាតំបន់ប្រាង្គប្រាសាទ រហូតដល់ទៅជាង ២សែននាក់ (២៥២,៤២២នាក់)។ ផ្ទុយពីខេត្តសៀមរាប ចុងម្ខាងទៀតនៃប៉ូលទេសចរណ៍ គឺខេត្តព្រះសីហនុ ភ្ញៀវទេសចរណ៍អំឡុងបុណ្ឌភ្ជុំបិណ្ណនេះ បានធ្លាក់ចុះសម្បើម គឺជាង១៣%។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ អ្វីគួរឲ្យកត់សម្គាល់ និងប្រែប្រួលគឺតំបន់ឆ្នេររួមមាន៖ ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ កំណើនអ្នកទៅលេងកម្សាន្តមានការថយចុះ។ មូលហេតុនៃការថយចុះត្រូវបានក្រសួងទេសចរណ៍ពន្យល់ថា មកពីស្ថានភាពផ្លូវមិនសូវអំណោយផល ដោយសារតែរងការខូចខាតខ្លាំងដោយសារជំនន់ទឹកភ្លៀង។ ម្យ៉ាងទៀតក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំនេះ មានភ្លៀងធ្លាក់នៅតំបន់មួយចំនួននៃខេត្តជាប់មាត់សមុទ្រនេះ។ ក្រៅពីខេត្តទាំងបី ភ្ញៀវទៅលេងខេត្តកំពតកើនឡើងខ្លាំង ជាពិសេសនៅរមណីយដ្ឋានបូកគោ និងទឹកឈូ។
ផ្ទុយទៅវិញ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ថា មួយផ្នែកនៃកំណើនភ្ញៀវទៅកាន់តំបន់ឆ្នេរថយចុះ ពិសេសក្នុងខេត្តព្រះសីហនុ ដោយសារតែវត្តមានជនជាតិចិន។ វត្តមានជនជាតិចិន បានប្រែក្លាយឆ្នេរសមុទ្រខ្មែរ ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ ប្រែជាស្ងាត់ទៅវិញ។
បើតាមលោក សន ជ័យ ដោយសារតែកត្តាបីទើបនាំឲ្យខេត្តព្រះសីហនុស្ងាត់មនុស្ស គឺបរិយាកាសអនាធិបតេយ្យមិនគោរពសិទ្ធអ្នកដទៃ បង្កឡើងដោយជនបរទេស។ អ្នកតាមដានសង្គមរូបនេះបញ្ជាក់ថា ជនជាតិចិនដដែល ធ្វើឲ្យបញ្ហាបរិស្ថានប្រែប្រួល រួមនឹង ថ្លៃស្នាក់នៅ ម្ហូបអាហារមានការដំឡើងថ្លៃ។
ដោយឡែក តាមរយៈកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ក្រសួងទេសចរណ៍ បើនិយាយជារួម បានបង្ហាញពីជោគជ័យក្នុងការទប់ស្កាត់ ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងការរក្សាបានបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន។
សូមបញ្ជាក់ថា ក្រៅពីចំនួនភ្ញៀវជាតិ ភ្ញៀវទេសចរអន្តរជាតិឯណេះវិញ គិតត្រឹមរយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌដូចគ្នា គឺមានចំនួនជិត៥ម៉ឺននាក់( ៤៨,០០៤នាក់ )កើនឡើង ២៣.៩៣ភាគរយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ