កម្ពុជា

ជនជាតិ​​ម៉ុង​តា​ញ៉ា​៥០នាក់​​កំពុង​​លាក់​ខ្លួន​​ក្នុង​ព្រៃ​​រង់ចាំ​​ការ​ជួយ​​សង្គ្រោះ​

ជនជាតិ​​​​ម៉ុងតាញ៉ា ​​​ដែល​​បាន​​រត់​ភៀស​ខ្លួន​​ចូល​​មក​​ក្នុង​​​ខេត្ត​​​រតនគិរី​​​
ជនជាតិ​​​​ម៉ុងតាញ៉ា ​​​ដែល​​បាន​​រត់​ភៀស​ខ្លួន​​ចូល​​មក​​ក្នុង​​​ខេត្ត​​​រតនគិរី​​​ @ Chhay Thi Facebook

ជនជាតិ​​ចា​រ៉ា​យ​-វៀតណាម ​ឫ​​ម៉ុង​តា​ញ៉ា​​ចំនួន​​ប្រមាណ​៥០នា​ក់ ​កំពុង​​លាក់​ខ្លួន​​ពួន​​ក្នុង​ព្រៃ​នៅ​ក្នុង​​ខេត្តរតនគិរី​។ ​នេះ​​បើ​តាម​​លោក​ឆាយ ធី​ អ្នក​សម្របសម្រួល​​សមា​គម​​ការពារ​​សិទ្ធិ​មនុស្ស​​អាដហុក​​ប្រចាំ​ខេត្ត​​រតនគិរី​​ដែល​​បាន​​ថ្លែង​ប្រាប់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ។​ ជនជាតិ​​ម៉ុង​តា​ញ៉ា​​ទាំង​នោះ ​កំពុង​​រង់ចាំ​​ការ​ជួយ​​អន្តរាគមន៍​​ពី​​រដ្ឋាភិបា​ល​កម្ពុជា ​និង​ ការិយា​ល័យ​​ឧ​ត្ត​ម​ស្នង​ការ​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ ដើម្បី​​ជួយ​សង្គ្រោះ​​ពួកគេ​។

ផ្សាយពាណិជ្ជកម្ម

គិត​ចាប់​តាំង​ដើមឆ្នាំ២០១៥ រហូតដល់​ពេលនេះ ជនជាតិ​ចា​រ៉ា​យ-​វៀតណាម ឫ​ម៉ុង​តា​ញ៉ា​ចំនួន​ប្រមាណ៥០ នាក់ កំពុង​លាក់ខ្លួន​ក្នុងព្រៃ​នៅក្នុង​ខេត្តរតនគិរី។

លោក​ឆាយ ធី ​អ្នកសម្របសម្រួល​​សមា​គម​​ការពារ​​សិទ្ធិ​មនុស្ស​​អាដហុក​​ប្រចាំខេត្ត​រតនគិរី បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ បាន​កំពុង​លាក់ខ្លួន​ពួន​អា​ត្មា​​នៅ​ក្នុង​​ព្រៃ​​ដោយ​​ទទួលបាន​ជំនួយ​ស្បៀងអាហារ​ពី​សំណាក់​ជនជាតិ​ចា​រ៉ា​យ-កម្ពុជា។ មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​រូបនេះ បាន​កត់សម្គាល់ថា ចំនួន​ជនជាតិ​ម៉ុង​តា​ញ៉ា បាន​កើន​ឡើងជា​បន្តបន្ទាប់​ដែល​បាន​ភៀស​ខ្លូន​ចូលមក​ទឹកដី​កម្ពុជា ដើម្បី​គេច​ពី​ការធ្វើ​ទុក្ខ​បុក​ម្នា​ញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

យ៉ាងណាក៏ដោយ អាជ្ញាធរ​ខេត្តរតនគិរី បាន​បដិសេធ​នូវ​ចំនួន​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ។ លោក​មឹង ស៊ី​នាត អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី បាន​បញ្ជាក់ថា មាន​ជនជាតិ​ម៉ុង​តា​ញ៉ា​ប្រមាណ​ជាង២០នាក់​ប៉ុណ្ណោះ​ដែល​កំពុង​លាក់ខ្លួន​ក្នុងព្រៃ​នៅក្នុង​ខេត្តរតនគិរី។ អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​បន្ថែមថា នៅពេលនេះ​អាជ្ញាធរខេត្ត​កំពុង​ស្វែងរក​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព​ជូន​ពួកគេ។ មកដល់ពេលនេះ អាជ្ញាធរ​រតនគិរី បាន​ស្វែងរក​ចាប់ខ្លួន​ជនជាតិ​ម៉ុង​តា​ញ៉ា​ចំនួន៤ហើយ ប៉ុន្តែ​លោក​មឹង ស៊ី​នាត មិនបាន​បញ្ជាក់​ទេ​ថា ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ ត្រូវ​បញ្ជូនទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​វិញ​ឫ​យ៉ាងណា​នៅឡើយ​ទេ។

លោក​ឆាយ ធី បាន​ឲ្យ​ដឹងថា ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ​កំពុង​លាក់ខ្លួន​គេច​ពី​ការតាមរក​ចាប់ខ្លួន​របស់​អាជ្ញាធរ​ខេត្ត ព្រោះ​ពួកគេ​ខ្លាច​ថា អាជ្ញាធរ​នឹង​ចាប់បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​វៀតណាម​វិញ។ ហើយ​នៅពេលនេះ ពួកគេ​កំពុង​រង់ចាំ​ការជួយ​សង្គ្រោះ​ពី​សំណាក់​រដ្ឋាភិបាល និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស។ កាលពី​សប្តាហ៍​មុន មន្ត្រី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ចុះទៅ​កាន់​ខេត្តរតនគិរី ដើម្បី​ស្វែងរក​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ ។ ប៉ុន្តែ​បាន​រង​បរាជ័យ ដោយសារ​អាជ្ញាធរខេត្ត​មិន​សហការ​ជាមួយ ព្រោះ​មិនមាន​លិខិតបញ្ជាក់​ពី​ក្រសួងមហាផ្ទៃ។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា នៅពេលនេះ​អាជ្ញាធរ​កំពុង​ស្វែងរក​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ពួកគេ​ភៀសខ្លួន ព្រោះ​រង​ការ​គៀប​សង្ក​ត​ពិតប្រាកដ​មែន​ឫ​ក៏​ភៀសខ្លួន​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ ។ ហើយ បើ​រកឃើញថា ពួកគេ​ពិតជា​រង​ការគៀបសង្កត់​មែន​នោះ អាជ្ញាធរ​នឹង​ការពារ និង​ផ្គត់ផ្គង់​ពួកគេ ដើម្បី​រង់ចាំ​ការទទួល​យកទៅ​រស់នៅ​ក្នុងប្រទេស​ទី​បី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI