ពិព័រណ៍សៀវភៅឆ្នាំនេះ គ្រោងចំណាយថវិការៀបចំ១ម៉ឺន៧ពាន់ដុល្លារ
ចុះផ្សាយនៅថ្ងៃ៖
ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៥បានចាប់ផ្តើមធ្វើឡើងហើយនៅថ្ងៃសុក្រនេះ នៅក្នុងបរិវេណបណ្ណាល័យជាតិនៅជិតវត្តភ្នំ។ ក្រោមប្រធានបទថា “បង្កើនការអាន បង្កើតការសរសេរ” ពិព័រណ៍សៀវភៅខ្នាតធំប្រចាំឆ្នាំនេះ ត្រូវបានអ្នករៀបចំបញ្ជាក់ថា គ្រោងនឹងចំណាយថវិកាប្រមាណ១ម៉ឺន៧ពាន់ដុល្លារអាមេរិកក្នុងការរៀបចំរយៈពេលបីថ្ងៃនេះ។
ពិព័រណ៍សៀវភៅឆ្នាំ២០១៦នេះ បានចាប់ផ្តើមបើកឲ្យសាធារណជនចូលរួមទស្សនាដោយសេរីភាពហើយនៅថ្ងៃសុក្រនេះ ហើយវានឹងបញ្ចប់នៅថ្ងៃអាទិត្យទី៤ ធ្នូខាងមុខ។ លោកហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា និងជានាយកអង្គការ Sipar បានលើកឡើងថា ការរៀបចំពិព័រណ៍សៀវភៅលើកទី៥នេះ គ្រោងនឹងចំណាយថវិកាចំនួនប្រមាណ១ម៉ឺន៧ពាន់ដុល្លារអាមេរិក។ ចំនួននេះ គឺលើសពីឆ្នាំចាស់ ដែលកាលពីឆ្នាំទៅ អ្នករៀបចំបានចំណាយថវិការៀបចំចំនួន១ម៉ឺន២ពាន់ដុល្លារ។ ជាមួយនឹងគម្រោងចំណាយនេះ អ្នករៀបចំពិព័រណ៍ក៏សង្ឃឹមថា នៅឆ្នាំនេះ អ្នកចូលរួមទស្សនានឹងមានចំនួន១ម៉ឺន៥ពាន់នាក់ គឺកើនលើសឆ្នាំ២០១៥ ដែលមានចំនួន១ម៉ឺន២ពាន់នាក់។
ដោយឡែកចំពោះស្តង់តាំងលក់សៀវភៅនៅឆ្នាំនេះវិញ មានចំនួន៦៥ស្តង់ គឺបានកើនឡើង ១៥ស្តង់បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥កន្លងទៅដែលមានស្ដង់ចំនួនតែ៥០ប៉ុណ្ណោះ។ លោកខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានចូលរួមបើកពិព័រណ៍សៀវភៅនៅឆ្នាំនេះ បានបញ្ជាក់ថា ចំនួននៃការកើនឡើងស្តង់តាំងលក់សៀវភៅច្រើនជាងឆ្នាំមុននេះ គឺសបង្ហាញឲ្យឃើញពីរីកចម្រើនផ្នែកវិស័យបោះពុម្ភ និងការអាននៅកម្ពុជា។ លោកបន្តថា ទាំងនេះ គឺជាលទ្ធផលនៃការយកចិត្តទុកដាក់ពីសំណាក់អ្នកនិពន្ធ អ្នកសរសេរដែលចង់ផ្ទេរចំណេះដឹងមកកាន់អ្នកជំនាន់ក្រោយ។ យ៉ាងណាក៏ដោយ លោកកញ្ញារិទ្ធ បានបង្ហាញថា នៅកម្ពុជាគឺខ្វះការលើកទឹកចិត្តដល់អ្នកនិពន្ធមិនដូចប្រទេសគេផ្សេង។ ដូច្នេះបើមានការលើកទឹកដល់អ្នកនិពន្ធ នោះវិស័យនិពន្ធនៅកម្ពុជានឹងកាន់តែប្រសើរ។
គួរជម្រាបជូនថា ក្រៅពីការដាក់តាំងលក់សៀវភៅ ពិព័រណ៍សៀវភៅឆ្នាំនេះ ក៏មានការរៀបវេទិកានានាដែលមានការចូលរួមជាវាគ្មិនពីក្រុមអ្នកជំនាញ និងអ្នកនិពន្ធល្បីៗនៅកម្ពុជាផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ