មនុស្ស៨នាក់ត្រូវបានចោទប្រកាន់រឿងលាក់ទុកអាវុធដើម្បីប្រឆាំងរដ្ឋាភិបាល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មនុស្សចំនួន៨នាក់ ក្នុងនោះមានស្រីម្នាក់ផង ត្រូវបានតុលាការចោទប្រកាន់ពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធខុសច្បាប់ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនជាបន្តបន្ទាប់ដោយរកឃើញអាវុធចំនួន២៨ដើម និងគ្រាប់កាំភ្លើងជាច្រើនទៀត។ ជនសង្ស័យទាំងនេះត្រូវរងការចោទប្រកាន់ថា ជាក្រុមប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនជនសង្ស័យទាំង៨នាក់នោះមែន។
ជាមួយគ្នានោះតំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្សទាំង៨នាក់នោះ ពីបទ« រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធនិងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត និងបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ» តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលឆ្លើយតបតាមTelegram មកកាន់អ្នកសារព័ត៌មានវិទ្យុបារាំងនៅព្រឹកថ្ងៃអង្គារ។
លោក ឆាយ គឹមឃឿន ជានាយសេនាធិការ នៃអគ្គស្នងការនគរបាលជាតិ បានអះអាងថា លោកមិនអាចផ្តល់ព័ត៌មានលំអិតបានទេជុំវិញករណីនេះ ដោយថា កំពុងស្ថិតក្នុងប្រតិបត្តិការស៊ើបអង្កេតបន្តរបស់សមត្ថកិច្ច ហើយវាពាក់ព័ន្ធនឹងសន្តិសុខជាតិ។
តែតាមព័ត៌មានជាច្រើនបានផ្សាយថា ជនសង្ស័យទាំងនោះត្រូវបានចាប់ខ្លួននៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តពោធិ៍សាត់ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
កាសែតរស្មីកម្ពុជា បានផ្សាយថា តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ក្រុមខ្លួនចង់ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល និងស្វះស្វែងរកប្រភពហិរញ្ញវត្ថុ។ កាសែតដែលស្និទ្ធនឹងរដ្ឋាភិបាលមួយនេះ បានឲ្យដឹងថា អាវុធដែលដកហូតបាន គឺមានអាកាស្វ័យបត់ចំនួន២៥ដើម ត្រូវជនសង្ស័យកប់លាក់ទុកនៅក្នុងដី នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និង២ដើមទៀត លាក់ទុកនៅភូមិតេជោក្បាលដំរី ស្រុកឈូក ខេត្តកំពត ខណៈកាំភ្លើង សេកាសេ មួយដើមទៀត រកឃើញ លាក់ទុកនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រៅពីកាំភ្លើងទាំងនេះ សមត្ថកិច្ចក៏រកឃើញគ្រាប់កាំភ្លើងអាកាចំនួន១៧គ្រាប់ និង M16 ចំនួន២០គ្រាប់ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ