កម្ពុជា-សង្គម

​កម្ពុជា​នឹង​បញ្ជូន​សំរាម​៨៣​កុង​តឺន័រ​ទៅ​កន្លែង​ដើម​វិញ បន្ទាប់​ពី​ធ្វើ​ការ​ផាក​ពិន័យ​

សមត្ថកិច្ច​ជំនាញ​កំពុង​តែ​រៀប​ចំ​នីតិវិធី​បញ្ជូន​ទូ​កុងតឺន័រ​ ដែល​ផ្ទុក​សំណល់​សំរាម​ចំនួន ៨៣ កុងតឺន័រនោះ ​ទៅកាន់​ប្រទេសដើម​វិញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន។ យ៉ាង​ណា​ក៏​ដោយ​សមត្ថកិច្ចនៅមិន​ទាន់​បង្ហាញ​ពី​ប្រភព ដែលនាំចូល​សំរាម​ថង់​ផ្លាស្ទិក​ទាំងនោះ​នៅ​ឡើយ ហើយ​ក៏​មិន​ទាន់​បង្ហាញ​ពី​អ្នក​ទទួល​ខុស​ត្រូវ ដែល​អនុញ្ញាត​ឲ្យនាំ​សម្រាម​ចូល ដោយ​គ្រាន់​តែបញ្ជាក់ថា​ នឹង​ធ្វើ​ការ​ផាកពិន័យ​ដល់​ក្រុម​ហ៊ុន​ ដែលនាំចូលសំរាមនេះទៅតាម​ច្បាប់​របស់​កម្ពុជា។ 

សម្រាមដែលមានក្នុងកុងទីន័រ
សម្រាមដែលមានក្នុងកុងទីន័រ @FB
ផ្សាយពាណិជ្ជកម្ម

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ កំពុងតែបើក​ការស៊ើបអង្កេតស៊ីជម្រៅ ដើម្បីស្វែងរក​ប្រភព និង​ឫសគល់ ដែល​នាំ​ឲ្យ​មានការ​នាំចូល​សំណល់​សំរាមចំនួន៨៣កុងតឺន័រ ចូលមក​កម្ពុជា​។ ចំណែក​ឈ្មោះប្រទេស និងក្រុមហ៊ុន​ដែល​ឃុប​ឃិត​ឲ្យ​នាំចូល​សំរាមទាំងនេះ លោកនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។ ប៉ុន្តែ​ លោក នេត្រ ភក្ត្រា អះអាងថា អាជ្ញាធរ​កម្ពុជា នឹង​ពិន័យ​តាមច្បាប់ ចំពោះ​ក្រុមហ៊ុន​ដែល​នាំ​សំរាម​មក​កម្ពុជា​នេះ មុននឹងបញ្ជូន​សំរាម​ទាំងនេះ ទៅប្រទេសដើមវិញ​។​

តាម លោក នេត្រ ភក្ត្រា សំរាមចំនួន៨៣​ទូកុងតឺន័រ ​ដែល​ចាប់​បាននៅកំពង់ផែ​ក្រុង​ព្រះសីហនុ​នោះ គឺជាប្រភេទ​ថង់​ផ្លាស្ទិក។ ថង់ផ្លាស្ទិក​ប្រសិន​គេយកវាទៅ​ដុតចោល​នឹង​ធ្វើ​មានផ្សេងពុលប៉ះពាល់ដល់បរិស្ថាន ហើយ​ប្រសិន​បើ​យកវាទៅកប់​ចោល​នឹង​ធ្វើ​ប៉ះពាល់​គុណភាព​ដី និងទឹក។ នេះជាការពន្យល់​បន្ថែម​របស់​អ្នកនាំពាក្យដដែល។ ជាមួយគ្នានេះ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន បាន​ថ្លែងបន្ថែម​ថា កាកសំណល់​ផ្លាស្ទិក​គឺជាមុខ​ទំនិញហាម​ចូល​កម្ពុជា ប៉ុន្តែកម្ពុជា​លើកទឹក​ចិត្តឲ្យមានការ​កែ​ច្នៃ​កាក​សំណល់​ផ្លាស្ទិក​ដែល​ប្រើប្រាស់​នៅក្នុង​ស្រុក។

កាល​ពី​ខែ​ឧសភា ប្រទេស​ជាង ១៨០ បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​វិសោធន​កម្ម យន្ត​ការ​ច្បាប់​ដើម្បី​ចាត់​ចែង​សំរាម​ប្លាស្ទិក​។ ចិន​ដែល​គេ ធ្លាប់​ស្គាល់​ថា ជា​ទិស​ដៅ​នាំ​ចូល​សំរាម​បា្លស្ទិក​សម្រាប់​កែ​ច្នៃ​ឡើង​វិញ លំដាប់​លេខ​មួយ បាន​បញ្ឈប់​ការ​នាំ​ចូល​សំរាម​ប្លាស្ទិក តាំង​ពីដើមឆ្នាំ២០១៨ ហើយ​ពេល​នេះ សំរាម​ប្លាស្ទិក​របស់​ប្រទេស​ជឿន​លឿន (អាមេរិក និងកាណាដា ជាដើម) បាន​តម្រង់​ទិស​មក​អាស៊ី​អាគ្នេយ៍ ជាពិសេស​ម៉ាឡេស៊ី​។

សម្រាប់​កម្ពុជាវិញកាលពីខែមីនា ឆ្នាំ២០១៥ ក៏ចាប់បានសំរាមកន្ទុយបារី៨០តោន ដែលនាំចូលដោយ​ក្រុម​ហ៊ុន ប៉ែន លឹម ក្រោមលេសយកមកធ្វើជីកសិកម្ម។ ចំណែក​ការ​ចាប់បាន​សំរាមថង់​ផ្លាស្ទិកចំនួន៨៣​ទូកុងតឺន័រ​កាលពីថ្ងៃទី១៦ខែកក្កដានេះ គឺធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយ​ប្រមុខរដ្ឋាភិបាលបានថ្លែងថា រដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក​ និងប្រេងម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា ជាដាច់ខាត​។

ជាការកត់សំគាល់ នៅតាម​បណ្តាញសង្គមហ្វេសប៊ុកវិញ គឺមានការរិះគន់​ជាច្រើន​ចំពោះ​ការនាំ​ចូល​សំរាម​មកចាក់ចោល​នៅកម្ពុជានេះ ដោយ​ចោទជាសំណួរថា តើកម្ពុជាជាធុងសំរាមឬ ហើយស្ថាប័នណា ឬសមត្ថកិច្ចណាជាអ្នកទទួលខុសត្រូវ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI