អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង​យុទ្ធនាការ​ជិះ​កង់​របស់​ក្រុម​ស្រ្តីក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា

អាជ្ញាធរក្រុងភ្នំពេញ កាលពីព្រឹកមិញ បានរារាំងយុទ្ធនាការជិះកង់របស់ក្រុមអង្គការសង្គមស៊ីវិលដែលភាគច្រើនគឺជាស្រ្តី នៅក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនា។
អាជ្ញាធរក្រុងភ្នំពេញ កាលពីព្រឹកមិញ បានរារាំងយុទ្ធនាការជិះកង់របស់ក្រុមអង្គការសង្គមស៊ីវិលដែលភាគច្រើនគឺជាស្រ្តី នៅក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនា។ RFI/ Siv Channa
ដោយ៖ វ៉ា សំណព្វ
១៩ នាទី

អាជ្ញាធរ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​មិញ បាន​រារាំង​យុទ្ធនាការ​ជិះកង់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ភាគ​ច្រើន​គឺ​ជា​ស្រ្តី នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា។ អាជ្ញាធរ​បាន​អះអាង​ថា​ ការ​រារាំង​នេះ គឺ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​និង​បង្កា​ការ​កក​ស្ទះ​ចរាចរណ៍​។ ចំណែក​ឯ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​វិញ​បាន​ហៅ​សកម្មភាព​នេះ​ថា គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​នៅ​ថ្ងៃ​សិទ្ធិ​នារី។

ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​ជា​ដឹង​ហើយ​ថា អាជ្ញាធរ​ពុំ​បាន​អនុញ្ញាត​ច្បាប់​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​ជិះកង់​នៅ​ថ្ងៃ​នេះ​ក្តី​ តែ​ក្រុម​ស្រ្តី​ ដែល​មក​ពី​បណ្តាញ​អង្គការ​សង្គម​ស៊ីវីល​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជា​៣០០​នាក់​ បាន​បន្ត​មក​ជួប​ជុំ​គ្នា​តាម​ការ​គ្រោង​ទុក។ ការ​ជួបជុំ​គឺ​ធ្វើ​ឡើង​នៅ​មុខ​ទីស្តីការ​ក្រសួង​កិច្ចការ​នារី​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​បី សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញមុន​ពេល​ពួកគេចាប់​ផ្តើម​យុទ្ធនាការ​ជិះ​កង់​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្នុង​រដ្ឋសភា។ ក៏​ប៉ុន្តែ​នៅ​ទី​បំផុត​ទៅ ក្បួន​ជិះ​កង់​របស់​ពួក​គេ ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ខណ្ឌ​ប្រមាណ​ជា​១០០​ម៉ែត្រ​ ពី​ទីស្តីការ​ក្រសួង​កិច្ចការ​នារី។ ​ការ​ជួបជុំ​ជិះ​កង់​របស់​ក្រុម​ស្រ្តី​នៅ​ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មិនា​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ស្ត្រី និង​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​គ្រប់​រូបភាព ក្រោម​ប្រធាន​បទ​ "បញ្ឈប់​ហិង្សា​លើ​ស្ត្រី"។​

សម្រាប់​អាជ្ញាធរ យុទ្ធនាការ​ជិះកង់​របស់​បណ្តាញ​ក្រុម​ស្រ្តី​ទាំង​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព​សង្គម, ខូច​សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ​សាធារណៈ និង​បង្ក​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ជា​ដើម។ ហើយ​ម្យ៉ាង នៅ​ចំ​នឹង​ថ្ងៃ​នេះ​តែ​ម្តងក៏​មាន​យុវជន​មួយ​ក្រុម​ទៀត បាន​រៀបចំ​យុទ្ធនាការ​ជិះកង់​ដូច​គ្នា​នេះ ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ ​និង​មនុស្ស​ធម៌​ផង​ដែរ។ ចំណែក​ឯក្រុម​ស្រ្តី​ ដែល​រង​ការ​រារាំង​នៅ​ថ្ងៃ​នេះ បាន​ហៅ​សកម្មភាព​នេះ​ថា គឺ​ជា​ការ​បំបិទ​សិទ្ធិសេរីភាពនៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​របស់​ខ្លួន​ទៅ​វិញ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ពេល​ជួបជុំ​គ្នា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨​មីនា ក្រុម​ស្ត្រី​ដែល​អះអាង​ថា មក​ពី​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ភ្នំពេញ មួយ​ចំនួន​បាន​ពាក់​មួក​ត្នោត ដោយ​នៅ​នឹង​ដៃ​មាន​កាន់​ទង់​ជាតិ និង​បដា​ដោយ​មាន​ការ​សរសេរ​ពាក្យ​ស្លោក​ជា​ច្រើន​ មាន​ជា​អាថ៌៖ “ទាំង​អស់​គ្នា​ដើម្បី​ស្រ្តី ស្រ្តី​ជា​ប្រភព​នៃ​សន្តិភាព”, “សូម​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ស្រ្តី” និង​ពាក្យ​ស្លោក​ថា “ខ្ញុំ​មិន​ប្រើ​ហិង្សា​លើ​ស្រ្តី​ជា​ដាច់​ខាត! ចុះ​អ្នក​វិញ?

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​បណ្តាញ​ស្ត្រី​អង្គការ​សង្គម​ស៊ីវិល កាល​ពី​ថ្ងៃ​ទី​៧​មីនា​ ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​មួយ ដែល​ប្រឈម​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​ស្ត្រី​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​វិស័យ​កាត់​ដេរ វិស័យ​ដីធ្លី វិស័យ​ធនធាន​ធម្មជាតិ វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ វិស័យ​ស្ត្រី​នៅ​ក្នុង​សេវាកម្ម​កម្សាន្ត វិស័យ​នយោបាយ ស្ត្រីដែល​បម្រើ​ការងារ​តាម​ផ្ទះ ស្ត្រី​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស និង​ស្រ្តី​ក្នុង​វិស័យ​ផ្សេងៗ​ទៀត។

សូម​បញ្ជាក់​ថា ឆ្នាំ​នេះ គឺ​ជា​ខួប​លើក​ទី​១០៥ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា។ នៅ​ថ្ងៃ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រារព្ធ​ទិវា​ដូច​គ្នា​នេះ​ដែរ ក្រោម​ប្រធាន​បទ “វិនិយោគ​លើ​សម​ភាព​យេន​ឌ័រ ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ