នៅខេត្តសៀមរាប សភានិយាយភាសាបារាំង បន្តជជែកពីបញ្ហាសន្តិសុខក្នុងតំបន់និងអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សភាកម្ពុជានិងសភានិយាយភាសាបារាំងAPF បន្តកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួនបន្តទៀត នៅថ្ងៃទី២៩មករានេះ។ សមាជិកសភាកម្ពុជា សមាជិកព្រឹទ្ធសភា និងតំណាងរដ្ឋាភិបាលខ្មែរ ដែលចេះភាសាបារាំងច្បាស់លាស់ បានចូលរួមប្រជុំនៅក្នុងពិធីនេះ។ នៅថ្ងៃទី១ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជាអ្នកធ្វើសុន្ទរកថាបើកកម្មវិធី ហើយថ្ងៃទី២នេះ លោក កឹម សុខា ក្នុងនាមជាប្រធានក្រុមសភាជាតិកម្ពុជា នឹងធ្វើសុន្ទរកថាបិទអង្គប្រជុំ។ តើកិច្ចប្រជុំសភានិយាយភាសាបារាំង ចំនួន២ថ្ងៃនេះ និយាយពីអ្វីខ្លះ?
តាំងពីថ្ងៃប្រជុំទី១ សភានិយាយភាសាបារាំង បានបើកការជជែកពិភាក្សាពីកិច្ចការក្នុងតំបន់និងអន្តរជាតិ ដូចជាបញ្ហាសន្តិសុខអន្តរជាតិ, ការប្រឆាំងអំពើភេវរកម្ម, បញ្ហាបរិស្ថានពិភពលោកបន្ទាប់ពីកិច្ចប្រជុំអាកាសធាតុនៅប្រទេសបារាំង COP21, ព្រមទាំងប្រធានបទស្តីពីវប្បធម៌និងទេសចរណ៍ក្នុងចំណោមប្រទេសជាសមាជិក។ ទាក់ទងនឹងកិច្ចការសភាវិញ ក៏មានការលើកឡើងពីសមភាពរវាងអ្នកតំណាងស្ត្រីនិងបុរសនៅក្នុងសភា, អ្នកតំណាងរាស្ត្រវ័យក្មេង Jeune Parlementaire ព្រមទាំងគម្រោងអភិវឌ្ឍបច្ចេកវិទ្យានៅតំបន់អាហ្វ្រិកជាដើម។
គួរកត់សម្គាល់ថា តាំងពីព្រឹកថ្ងៃទីមួយនៃការបើកកម្មវិធីមកម្ល៉េះ ដែលលោក Aubin MINIKU ប្រធានសភានិយាយភាសាបារាំង បានសង្កត់ធ្ងន់ថា ប្រទេសជាច្រើនដែលជាសមាជិករបស់ APF សភានិយាយភាសាបារាំង កំពុងតែរងគ្រោះដោយអំពើភេវរកម្មនា ពេលកន្លងទៅ និងក៏កំពុងតែប្រឈមមុខបន្តទៀត។ លោកប្រធានសភានិយាយភាសាបារាំង ក៏បានធ្លោយមាត់ដែរថានឹងជជែកពីបញ្ហាការវាយដំលើតំណាងរាស្ត្របក្សប្រឆាំង២នាក់ ដោយក្រុមបាតុករមួយក្រុម ហើយនិងករណីលោក សម រង្ស៊ី ជាតំណាងរាស្ត្រនិងជាប្រមុខបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន។ ក៏ប៉ុន្តែបញ្ហាទាំងពីនេះ មិនត្រូវបានលើកយកទៅពិភាក្សាដេញដោលយ៉ាងផុសផុលនោះទេ ក្នុងការប្រជុំ២ថ្ងៃមកនេះ។
សូមបញ្ជាក់ថា រឿងរ៉ាវជាច្រើនដែលយកទៅជជែកភាគច្រើន ក្នុងពីរថ្ងៃនេះ គឺបញ្ហាទូទៅរបស់អាហ្វ្រិក ការព្រួយបារម្ភពីវិបត្តិសង្គ្រាមនៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ស្ថានភាពនៅ Burkina Faso, Haiti, អាហ្វ្រិកកណ្តាល និងការវិវត្តរបស់សហគមន៍និយាយភាសាបារាំង ការអភិវឌ្ឍភាសាបារាំង ព្រមទាំងដំណើរការការងារបន្តទៀតរបស់ APF ។
សូមជម្រាបជូនថា ប្រទេសកម្ពុជា បានចូលរួមបង្កើតអង្គការប្រទេសនិយាយភាសាបារាំងOIF និងសភានិយាយភាសាបារាំង APF តាំងពីទសវត្ស១៩៦០មកម្ល៉េះ។ ហើយសភាជាតិកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃរបស់សភានិយាយភាសាបារាំង APF នេះ ចំនួនពីរដងមកហើយ គឺលើកទី១នៅឆ្នាំ២០១២ ហើយលើកទី២ នៅចុងខែមករា ឆ្នាំ២០១៦នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ