រដ្ឋាភិបាល មិនមានវិធានការទូទាត់សំណងចំពោះម្ចាស់ជ្រូក ដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ!
តំណាងរដ្ឋាភិបាល និងមន្ត្រីជំនាញ បានលើកឡើងថា រដ្ឋាភិបាលមិនមានគោលការណ៍ទទួលខុសត្រូវចំពោះការខាតបង់ប្រាក់កាស របស់ពលរដ្ឋដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ។ នេះគឺជាការលើកឡើងក្នុងសន្និសីទកាសែត រៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ចុះផ្សាយនៅថ្ងៃ៖
អ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផាន បានអះអាងថា ដោយសារតែការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ មិនពាក់ព័ន្ធនឹងការបង់ពន្ធចូលរដ្ឋ ដូច្នេះរាល់ការខាតបង់នានា មិនស្ថិតក្នុងគោលការណ៍សងរបស់រដ្ឋាភិបាលនោះទេ។ ប៉ុន្តែបើតាមតំណាងរដ្ឋាភិបាល រដ្ឋក៏មិនដាច់អហង្ការមិនព្រមជួយដល់ពលរដ្ឋនោះដែរ ប្រសិនបើសង្កេតឃើញថា ពលរដ្ឋជាច្រើនប្រឈមនឹងការខាតបង់ខ្លាំង ដោយសារតែការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។
ការលើកឡើងរបស់តំណាងរដ្ឋាភិបាល និងមន្ត្រីជំនាញនៃក្រសួងកសិកម្មនេះ ធ្វើឡើងស្របពេលដែលមានពលរដ្ឋ ៤៦គ្រួសារ រស់នៅភូមិសោយ ឃុំបៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាអ្នកចិញ្ចឹមជ្រូក បានផ្ញើលិខិតសរសេរដោយផ្ទាល់ដៃ ភ្ជាប់នឹងស្នាមម្រាមដៃផង ផ្ញើទៅកាន់ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារថ្នាក់ជាតិ ដោយសំណូមពរចំនួន ៥ចំនុច ពាក់ព័ន្ធនឹងបញ្ហាសត្វជ្រូកនេះ។
សំណូមពរ ៥ចំនុចនេះ មានជារួម ស្នើសុំឲ្យមន្ត្រីពេទ្យសត្វ ស្រុក និងខេត្ត អនុញ្ញាតឲ្យពួកគាត់ អាចលក់ជ្រូក ដែលនៅរស់ចេញ។ តាមពលរដ្ឋ បើមិនឲ្យលក់ជ្រូករស់ចេញទេ នោះពួកគាត់ពុំមានប្រាក់សងបំណុលធនាគារទេ។ ហើយមួយទៀត ពលរដ្ឋ ក៏បានស្នើសុំឲ្យរដ្ឋាភិបាល ជួយឧបត្ថម្ភថវិកាថ្លៃជ្រូក និងមេជ្រូក កូនជ្រូក ដែលងាប់ផងដែរ។
គួរជម្រាបជូនថា បើតាមវិធានការរបស់ក្រសួងកសិកម្ម ដើម្បីបង្ក្រាប និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺក្រសួងតម្រូវឲ្យបំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទ ក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល ហើយផ្អាកការទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីជ្រូក។ ក្នុងនោះ ក៏តម្រូវឲ្យឃ្លាំមើលរាល់សកម្មភាពទាក់ទងនឹងផលិផលជ្រូក ក្នុងរង្វង់កាំប្រវែង ១០គីឡូម៉ែត្រ ពីកន្លែងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកទៀតផង។
តាមការលើកឡើងរបស់មន្ត្រីជំនាញពីក្រសួងកសិកម្ម ក្នុងសន្និសីទ្ធិកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១១កក្កដា មកដល់ពេលនេះ ក្រុមជំនាញបានសម្លាប់សត្វជ្រូក ចំនួន ៧៩៨ក្បាល ខណៈមានជ្រូកសរុបជាង ២ ០០០ក្បាល បានងាប់ និងត្រូវបំផ្លាញចោល ដោយសារការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។ តាមអ្នកជំនាញ ជ្រូកមួយក្បាល មានតម្លៃប្រមាណ ២០០ដុល្លារ ដូច្នេះចំពោះការបង្ក្រាបជ្រូកមានជំងឺនេះ គឺមានការខាតបង់ប្រាក់ប្រមាណជា ៤០០.០០០ដុល្លារ។
សូមរំលឹកដែរថា ខេត្តចំនួន៤ នៃប្រទេសកម្ពុជាបានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ចាប់តាំងពីខែមីនាដើមឆ្នាំ២០១៩នេះ រួមមានខេត្តរតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។ នៅក្នុងប្រតិបត្តិការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកពីប្រទេសជិតខាងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មលោកវេង សាខុន បានព្រមានថានឹងដកតំណែងមន្ត្រីបសុពេទ្យណា ដែលមានការធ្វេសប្រហែសនឹងការងារ ខណៈ ប្រធានការិយាល័យបសុពេទ្យមួយរូប នៅខេត្តត្បូងឃ្មុំ ត្រូវបានដកពីតំណែង កាលពីថ្ងៃចន្ទ ដោយសារមិនមានកិច្ចសហការពេញលេញនៅក្នុងការងារនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ