អង្គការលើកលែងទោសអន្តរជាតិទទូចឱ្យបញ្ឈប់ការយាយីសកម្មជនបក្សប្រឆាំងដែលភៀសខ្លួនទៅថៃ
ចុះផ្សាយនៅថ្ងៃ៖
អង្គការលើកលែងទោសអន្តរជាតិកាលពីម្សិលមិញ បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការតាមយាយីទៅលើសកម្មជនគណបក្សប្រឆាំងដែលភៀសខ្លួនផ្នែកនយោបាយទៅសំចតនៅប្រទេសថៃដើម្បីស្វែងរកសិទ្ធិជ្រកកោណ។ ការទទួចបែបនេះ គឺបន្ទាប់ពីសកម្មជនអតីតគណបក្សសង្រ្គោះជាតិម្នាក់ត្រូវបានជនស្លៀកពាក់ស៊ីវិលវាយប្រហារលើរាងកាយនៅទីក្រុងបាងកក កាលពីយប់ថ្ងៃទី២២ ធ្នូ ហើយដែលជនរងគ្រោះអះអាងជាកម្លាំងសម្ងាត់របស់អាជ្ញាធរកម្ពុជាបញ្ជួនទៅ។
«អាជ្ញាធរកម្ពុជាត្រូវតែបញ្ឈប់ការយាយីនិងការបំភិតបំភ័យជាបន្ទាន់ទៅសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ខណៈសកម្មជនសំខាន់ៗនៃគណបក្សប្រឆាំងនេះ កំពុងសំចតនៅប្រទេសថៃដើម្បីស្វែងរកសិទ្ធិជ្រកកោណ»។ នេះគឺជាលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិថ្ងៃទី២៧ខែធ្នូ។
អង្គការដដែលគូសបញ្ជាក់ថា ខ្លួនបានទទួលព័ត៌មានថាលោកសួន ចំរើន អាយុ ៣៧ ឆ្នាំជាសកម្មជនគណបក្សសង្រ្គោះជាតិប្រចាំខេត្តបាត់ដំបង ត្រូវរងការវាយប្រហារដោយបុរស២នាក់មកលើរាងកាយនិងប៉ុនប៉ងចាប់ដាក់រថយន្តបញ្ជួនមកកម្ពុជាវិញ។ លោក សួន ចំរើន ដែលមានស្នាមជាំលើរាងការយ បានអះអាងថា កាលពីម៉ោង ៩កន្លះ យប់ថ្ងៃទី២២ ធ្នូ មានបុរស ២នាក់បានអះអាងថា ពួកគេជាប៉ូលិសខ្មែរ បានយកដំបងឆក់កញ្ចឹងក និងវាយដំមកលើរូបលោកជាច្រើនកន្លែង ហើយចាប់បង្ខំរូបលោកឱ្យចូលក្នុងរថយន្តដែលនៅចាំក្បែនោះដើម្បីបញ្ជូនត្រឡប់ទៅកម្ពុជាវិញតែលោកបានស្រែកឲ្យគេជួយទាន់ពេល។
បើតាមអង្គការលើកលែងទោសអន្តរជាតិ លោក ចំរើន គឺមនុស្សម្នាក់ក្នុងចំណោមសកម្មជន៣៩នាក់ដែលត្រូវបានក្រសួងការបរទេសកម្ពុជាមោឃៈភាពចោលលិខិតឆ្លងដែនរបស់ពួកគេ ហើយក៏ជាមនុស្សម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង១៨នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួន ក្រោមការចោទប្រកាន់ពី លោក ហ៊ុន សែន ថាក្បត់ជាតិ។ នេះបើតាមAmnesty International។
ក្រៅពីទទួចដល់អាជ្ញាធរកម្ពុជាឲ្យបញ្ឈប់ការយាយីលើសកម្មជនបក្សប្រឆាំងដែលរត់ទៅប្រទេសថៃ អង្គការនេះ ក៏ទទួចឲ្យអាជ្ញាធរថៃ ត្រូវតែធានាសុវត្ថិភាពរបស់សកម្មជនទាំងនោះ និងមិនត្រូវបានចាប់ខ្លួនតាមទំនើងចិត្តនោះទេ។
សម្រាប់អាជ្ញាធរកម្ពុជាបានអះអាងថាសមត្ថកិច្ចកម្ពុជាមិនអាចទៅចាប់ខ្លួនសកម្មជនបក្សប្រឆាំងដែលរត់ភៀសខ្លួននោះ នៅលើទឹកដីថៃបានឡើយ ហើយថាវាជាការចោទប្រកាន់គ្មានមូលដ្ឋាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ