អ្នកវិភាគ៖ការនិយាយតាមអារម្មណ៍ និងចោទប្រកាន់គ្មានមូលដ្ឋាន ជាការនាំគ្រោះថ្នាក់មកដាក់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ម្សិលមិញ អាជ្ញាធរបានឃាត់ខ្លួនស្ត្រីម្នាក់ដែលចោទលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា បានសម្លាប់លោកបណ្ឌិតកែម ឡី ។ ចំណែកនៅព្រឹកនេះវិញ អាជ្ញាធរក៏បានឃាត់ខ្លួនយុវជនម្នាក់ទៀតព្រោះប្រមាថកាតទានជីវិតដោយគំរាមបាញ់សម្លាប់នាយករដ្ឋមន្ត្រី។ ទង្វើរបស់ពួកគេទាំងពីរនេះសុទ្ធតែធ្វើឡើងតាមហ្វេសប៊ុក។ អ្នកវិភាគនៅកម្ពុជាយល់ថា ទង្វើនាំទុកដាក់ខ្លួនរបស់ពួកគេទាំងពីរនេះ គឺកើតពីការនិយាយតាមអារម្មណ៍ ព្រមទាំងយល់ដឹងទាបអំពីហ្វេសប៊ុក និង ប្រើសិទ្ធិហួសព្រំដែន។
លោកសូ ចន្ថា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយបានមើលឃើញនូវចំណុចសំខាន់ៗចំនួនបីដែលជំរុញឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងពីរនាក់ហ៊ានបញ្ចេញសារប្រមាថកាតទានជីវិត និងចោទប្រកាន់ប្រមុខរដ្ឋាភិបាលកម្ពុជាទាំងខុសគម្លងច្បាប់បែបនេះ។ ទី១ គឺពួកគេនៅមានចំណេះដឹងទាបនៅឡើយខាងបច្ចេកវិទ្យាទាក់ទងនឹងការប្រើប្រាស់បណ្តេញសង្គមដូចជាហ្វេសប៊ុកជាដើម។ ទីពីរ គឺដោយសារតែពួកគេបានចាត់ទុកហ្វេសប៊ុកជាកន្លែងសម្រាប់បញ្ចេញនូវអ្វីដែលមាននៅក្នុងចិត្ត និងទីបី អាចដោយសារពួកគេមិនមានជំនឿលើស្ថាប័នសាធារណៈរបស់រដ្ឋដូចជាអាជ្ញាធរ និងតុលាការ។ ម្យ៉ាងវិញទៀត ក៏អាចដោយសារពួកគេមិនសូវយល់ពីទិដ្ឋភាពច្បាប់ផងដែរ។
សម្រាប់លោកគិន ភាវិញ បណ្ឌិតវិទ្យាសាស្ត្រនយោបាយរូបនេះ គិតថា បើទោះណាពួកគេមានចំណេះដឹងទាបយ៉ាងណាក្តី ក៏គួរចេះគោរពជីវិតអ្នកដៃដែរ។ បណ្ឌិតរូបនេះមិនយល់ថា ពួកគេមិនមានចំណេះបន្តិចសោះទេ ព្រោះពួកគេចេះតាមដានរឿងសង្គម ហើយថែមទៀតចេះផ្សាយផ្ទាល់តាមហ្វេសប៊ុកទៀត។ ត្រង់ចំណុចនេះ លោកគិន ភាបន្ថែមថា ពលរដ្ឋខ្មែរខ្លះកំពុងតែពុលនឹងហ្វេសប៊ុកដោយជួនកាលប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនហួសព្រំដែនទៅទៀតដែលជាការនាំទុក្ខមកដាក់ខ្លួនដោយខ្លួនឯង។ បើតាមលោកគិន ភា ការប្រមាថកាតទានជីវិតអ្នកដទៃកុំថាឡើយដល់នាយករដ្ឋមន្ត្រី និងការចោទប្រកាន់អ្នកដទៃដោយគ្មានមូលដ្ឋាននិងភស្តតាង គឺពុំគួរគប្បីធ្វើសោះឡើយ។
រីឯលោកបណ្ឌិតឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជាយល់ថា ពួកគេបានប្រើប្រាស់កំហឹង និងអារម្មណ៍ជាងការគិតពិចារណាទើបបណ្តាលឲ្យធ្លាក់ខ្លួនមានទោសដូច្នេះ។ បើតាមបណ្ឌិតរូបនេះ ប្រភពនៃទំនាស់អារម្មណ៍បែបនេះ គឺកើតឡើងដោយសារតែរឿងរ៉ាវខ្លះនៅក្នុងសង្គមមិនទាន់ដោះស្រាយបានហើយអូសបន្លាយពេលវេលា។ លោកឈត ប៊ុនថង ក៏ដូចលោកសូរ ចន្ថាដែរ បានអំពាវនាវឲ្យអាជ្ញាធរដែលមានសមត្ថកិច្ចគួរតែបង្ហាញពីដំណើរការនៃរឿងខ្លះដល់ពលរដ្ឋឲ្យបានដឹង និងបាត់ចម្ងល់ដែលជាមាគាមួយអាចនាំពួកគេគេចផុតពីការបញ្ចេញការយល់ឃើញខុសពីការពិតហើយនាំដល់ការមានទោសទៀត។
លោកបណ្ឌិតគិន ភាវិញ យល់ថា អ្វីដែលពួកគេបានធ្វើ គឺពួកគេត្រូវតែទទួលខុសត្រូវ។ លោកអះអាងទៀតថា ការអនុវត្តរបស់អាជ្ញាធរក៏ដូចជាតុលាការចំពោះទង្វើរបស់ពួកគេ មិនមែនជារឿងធ្ងន់ធ្ងរទេ តែវាគឺជាសារមួយដើម្បីព្រមានដល់អ្នកលេងហ្វេសប៊ុកដទៃទៀត កុំឲ្យចេះតែហ៊ានធ្វើឲ្យខូចបរិយាកាសសង្គម និងបាត់នូវសីលធម៌សង្គម។
ដើម្បីជៀសវាងការនាំទុក្ខមកដាក់ខ្លួន លោកបណ្ឌិតឈត ប៊ុនថង បានផ្តល់ជាគតិថា ពលរដ្ឋខ្មែរជាពិសេសអ្នកនិយមលេងហ្វេសប៊ុកគួរតែដឹងថា អ្វីទៅសិទ្ធិបញ្ចេញមតិយោបល់ ហើយអ្វីទៅជាការចោទប្រកាន់ និងអ្វីទៅជាបង្ហាញការពិត។ បើតាមលោកឈត ប៊ុនថង បើមិនបានដឹងច្បាស់ហើយបញ្ចេញមតិនោះ វានឹងធ្វើឲ្យសង្គមច្របូកច្របល់។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការនិយាយតាមអារម្មណ៍ វាអាចនាំមកនូវគ្រោះថ្នាក់ដល់ខ្លួនឯងផង និងប៉ះពាល់ដល់អ្នកដទៃផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ