កម្ពជា

ព្រះ​រាជ​អាជ្ញា​​ស្នើ​​បន្ថយ​​បទ​​ចោទ​​ប្រឆាំង​ លោក​អាំង ​មាលតី​​

លោកអាំង មាលតី ​ពេល​បញ្ជូន​ទៅដល់​សាលា​ដំបូង​ខេត្ត​កណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​មករា​ ឆ្នាំ​២០១៦​
លោកអាំង មាលតី ​ពេល​បញ្ជូន​ទៅដល់​សាលា​ដំបូង​ខេត្ត​កណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​មករា​ ឆ្នាំ​២០១៦​ @siv channa

នៅក្នុង​សវនាការ​ជំនុំជម្រះ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សារភាព​កំហុស និង​ស្នើ​ឲ្យ​តុលាការ​ខេត្តកណ្ដាល​ប្ដូរ​បទចោទប្រកាន់ និង​បន្ធូរ​បន្ថយទោស​ដល់​រូបលោក។ សំណើ​នេះ ក៏​ត្រូវបាន​ព្រះរាជអាជ្ញា​លើកឡើង​ផងដែរ ដោយ​ជ្រើស​យក​អតីតភាព​បំរើ​ជាតិ​ជាង៣០ឆ្នាំ​របស់លោក អាំង មាលតី មក​ធ្វើជា​ហេតុផល​សំអាង។ សូម​ជម្រាបជូន​ថា បន្ទាប់ពី​បើកសវនាការ​ជំនុំជម្រះ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​រួចមក ចៅក្រម​បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម ដោយ​មិនបាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នោះទេ។

ផ្សាយពាណិជ្ជកម្ម

លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្តកណ្ដាល កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៨មករា ដើម្បី​ចូលរួម​សវនាការ​ជំនុំជម្រះ ដោយមាន​លោក ងួន វុទ្ធី ជា​ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ និង​លោក ទេព បញ្ញា ជា​មេធាវី​ការពារ​ក្ដី​លោក អាំង មាលតី។ លោក អាំង មាលតី ជាប់ចោទ​ពីបទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ក្រោយពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រកឃើញ​ថា អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជាប់​ពាក់ព័ន្ធ​នឹង​ការដោះលែង​មេខ្លោង​គ្រឿងញៀន​ម្នាក់​ឈ្មោះ ថាវ ថា​វី ជា​ថ្នូរ​នឹង​រថយន្ត Audi មួយគ្រឿង។

នៅក្នុង​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក អាំង មាលតី បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន។ និង​ថា កំហុស​ទាំងអស់នេះ កើតឡើង​ដោយសារតែ​ការធ្វេសប្រហែស​របស់លោក​តែប៉ុណ្ណោះ។ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​តុលា​ការប្ដូរ​បទចោទប្រកាន់ និង​បន្ធូរ​បន្ថយទោស​ដល់​រូបលោក។

ជាការ​កត់សម្គាល់ សំណើ​ប្ដូរ​បទចោទប្រកាន់​និង​បន្ធូរ​បន្ថយទោស​ដល់​លោក អាំង មាលតី ក៏ត្រូវ​បាន​ព្រះរាជអាជ្ញារង លោក ឯក ស៊ុន​រស្មី ស្នើឡើង​ផងដែរ។ តំណាង​អយ្យការ ដែលជា​ម្ចាស់​បណ្ដឹងអាជ្ញា បានស្នើ​ទៅកាន់​ប្រធាន​ចៅក្រម​ថា បទចោទប្រកាន់​លើ​លោក​អាំង មាលតី ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ក្រោម​មាត្រា៦០១ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​អតិបរមា​ចំនួន១០ឆ្នាំ គួរ​ប្ដូរ​ទៅជា​បទចោទប្រកាន់​ក្រោម​មាត្រា៥៩៧និង៥៩៨វិញ។

មាត្រា៥៩៧និង៥៩៨ស្ដី​ពីបទ​កេងប្រវ័ញ្ច​ខុសច្បាប់ មានទោស​អតិបរមា ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន២៥០០ដុល្លារ។ ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី លើក​ហេតុផល​ថា លោក អាំង មាលតី បាន​បម្រើ​ជាតិ​ជាង៣០ឆ្នាំ និង​បាន​ទទួលទោស​រដ្ឋបាល​រួចហើយ ដោយ​ត្រូវបាន​ដក​ចេញពី​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០១។

សូម​ជម្រាបជូន​ថា បន្ទាប់ពី​បើកសវនាការ​ជំនុំជម្រះ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៨មករា​រួចមក ចៅក្រម​បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង ដោយ​មិនបាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI